អ្នកតស៊ូមតិក្រៅស្រុករិះគន់ថា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១២-១៣ ឧសភា កន្លងទៅ ធ្វើឱ្យលោក ហ៊ុន សែន ខកចិត្តយ៉ាងខ្លាំង ដោយសារពុំបានអង្គុយទន្ទឹមគ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងនាមជាសហប្រធានក្នុងកិច្ចប្រជុំនេះ។
ប្រធានវេទិកាពលរដ្ឋ និងជាអ្នកវិភាគនយោបាយ និងសង្គម លោក គឹម សុខ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែឧសភា ថា តាមការរៀបចំកន្លែងអង្គុយប្រជុំរបស់សហរដ្ឋអាមេរិក បង្ហាញឱ្យឃើញថា អាមេរិកមិនបានផ្តល់តម្លៃឱ្យលោក ហ៊ុន សែន លើសពីមេដឹកនាំអាស៊ានដទៃទៀតនោះទេ បើទោះបីជាគាត់ជាប្រធានអាស៊ានប្ដូរវេនក្នុងឆ្នាំ២០២២ នេះក៏ដោយ។
លោក គឹម សុខ អះអាងថា តាមការតាមដានរបស់លោកជុំវិញរឿងនេះ កិច្ចប្រជុំកំពូលពិសេសអាមេរិក-អាស៊ានដែលអាចកើតឡើងបាន ដោយសារការប្រឹងសម្របសម្រួលរបស់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសសិង្ហបុរី តែប៉ុណ្ណោះ។ ចំណែកលោក ហ៊ុន សែន អាចចូលរួមកិច្ចប្រជុំនេះបាន គឺមិនមែនដោយសារកិត្តិយស ឬមុខមាត់របស់កម្ពុជានោះទេ ប៉ុន្តែដោយសារតែមុខមាត់របស់អាស៊ានប៉ុណ្ណោះ។
ប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា រូបភាពដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុកអំពីកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ទាំងក្នុងពិធីនៃកិច្ចប្រជុំ ទាំងការឈរបង្ហាញវត្តមានជុំគ្នាមុននឹងចូលរួមកិច្ចប្រជុំ គឺបង្ហាញយ៉ាងច្បាស់ថា លោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានប្តូរវេន នៅតែមិនមានសារសំខាន់ជាងប្រទេសជាសមាជិកអាស៊ានដទៃទៀតនោះទេ។
កាលពីថ្ងៃទី១២-១៣ ឧសភា មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ដែលត្រូវជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ បានចូលរួមដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ក្នុងនាមជាសហប្រធានរួមគ្នា ប៉ុន្តែតាមលំដាប់លំដោយនៃកម្មវិធីប្រជុំនេះ ត្រូវបានអ្នកសង្កេតការណ៍អះអាងថា សហរដ្ឋអាមេរិកមិនបានផ្តល់តម្លៃសម្រាប់កម្ពុជាក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំនេះទេ។
ក្នុងនាមកម្ពុជាជាប្រធានអាស៊ានប្តូរវេនដែលត្រូវដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក កាលពីថ្ងៃទី១២-១៣ ឧសភា កន្លងទៅ គេមិនបានឃើញសហរដ្ឋអាមេរិករៀបចំឱ្យមានជំនួបពិសេសទ្វេភាគីណាមួយរវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន អំឡុងពេលនៃកិច្ចប្រជុំនោះទេ ខណៈការដឹកនាំអង្គប្រជុំអាមេរិកក៏មិនបានអនុញ្ញាតឱ្យលោក ហ៊ុន សែន អង្គុយទន្ទឹមស្មើនឹងលោក ចូ បៃដិន ក្នុងនាមជាសហប្រធាននោះដែរ។
ជុំវិញបញ្ហានេះ បុរសខ្លាំងដើរបញ្ច្រាសទិសក្រាញអំណាចនៅកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ថា បន្ទាប់ពីបានទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិករយៈពេលពីរថ្ងៃ គឺថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ ជាលទ្ធផលក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ថ្នាក់ដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកបានជួបពិភាក្សាការងារជាច្រើន និងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិកបន្ថែមទៀត ប៉ុន្តែលោក ហ៊ុន សែន មិនលើកឡើងពីទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា ថាល្អប្រសើរ ឬអន់ថយយ៉ាងណានោះទេ។
យ៉ាងណាក៏ដោយ មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ បានបញ្ចេញសារសំឡេងលើទំព័រហ្វេសប៊ុករបស់លោកថា កិច្ចប្រជុំអាស៊ាន-អាមេរិកនឹងពង្រឹងទំនាក់ទំនងអាមេរិក និងអាស៊ានឱ្យកាន់តែខ្លាំងមួយកម្រិតទៀត ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរផងដែរ៕