26.2 C
Phnom Penh

អ្នក​ឃ្លាំមើល៖ កម្ពុជា​ត្រូវ​ធ្វើជា​មិត្ត​វៀតណាម ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្នើ​ឲ្យ​មេដឹកនាំ​ខ្មែរ​មិន​ត្រូវ​ធ្វើ​អាយ៉ង​វៀតណាម​នោះ​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​ជា​មិត្ត​ជាមួយ​វៀតណាម។

ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ និង​សង្គម លោក គឹម សុខ បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​កូនប្រុស​របស់​លោក ហ៊ុន សែន បាន​ជួប​បញ្ជាការដ្ឋាន​កងទ័ព​ការពារ​ព្រំដែន​វៀតណាម នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម ខណៈ​លោក ហ៊ុន សែន ជា​ឪពុក​ជួប​លោក ផាម មិញជីញ (Phạm Minh Chính) នាយករដ្ឋមន្ត្រី​វៀតណាម នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

លោក​បន្ត​ថា ក្រោយ​ជំនួប​ជាមួយ​មេដឹកនាំ​វៀតណាម​នោះ លោក ហ៊ុន សែន បាន​និយាយ​រឿង​ព្រំដែន ដែល​រឿង​នេះ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​កន្លងមក រូបលោក​មិន​ដែល​ឮ ឬ​ឃើញ​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក​ហ៊ាន​លើកឡើង​អំពី​តួលេខ​ព្រំដែន​ណា​មួយ​រវាង​កម្ពុជា និង​វៀតណាម នៅ​មុន​ពេល​ជួប​វៀតណាម​នោះ​ទេ។

លោក គឹម សុខ បញ្ជាក់​ថា តួលេខ​នៃ​ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម បាន​លេច​ធ្លាយ​ពី​ភាគី​វៀតណាម ក្រោយពី​មាន​ជំនួប​ក្រុម​លោក ហ៊ុន សែន ជាមួយ​ពួក​មេដឹកនាំ​វៀតណាម។ លោក​ថា ករណី​នេះ​ហាក់ដូចជា​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា វៀតណាម​បាន​ហៅ​ក្រុម​លោក ហ៊ុន សែន ទៅ​ជួប​ដើម្បី​ឱ្យ​និយាយ​ទិន្នន័យ​តាម​វៀតណាម​កំណត់។

ក្នុង​ជំនួប​រវាង​លោក ហ៊ុន សែន ជាមួយ​ភាគី​វៀតណាម​នៅ​សហរដ្ឋ​អាមេរិក​នោះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មិញជីញ បន្ត​សុំ​លោក ហ៊ុន សែន ជួយ​ពលរដ្ឋ​វៀតណាម​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ អាច​រស់នៅ​ដោយ​ស្រប​ច្បាប់។

ការ​អំពាវនាវ​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម​កើន​ឡើង​ដល់​ទៅ ៩០% ហើយ​នា​ពេល​បច្ចុប្បន្ន ហើយ​ប្រទេស​ទាំង​ពីរ​កំពុង​ពិភាក្សា​គ្នា​ដើម្បី​បោះ​បន្ត​ទៀត​ឱ្យ​បាន​រួចរាល់​ទាំងស្រុង។

តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Viet Nam News ឱ្យ​ដឹង​ថា ក្នុង​ជំនួប​ទ្វេភាគី​លោក​នាយករដ្ឋមន្ត្រី ផាម មិញជីញ បាន​អរគុណ​រដ្ឋាភិបាល​កម្ពុជា និង​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​យកចិត្ត​ទុកដាក់​លើ​សហគមន៍​វៀតណាម​នៅ​កម្ពុជា រួម​ទាំង​សុំ​ឱ្យ​បង្កើត​លក្ខខណ្ឌ​ដល់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​អាច​ពង្រឹង​ភាព​ស្រប​ច្បាប់ និង​រក្សា​លំនឹង​ជីវភាព​របស់​ពួកគេ​នៅ​កម្ពុជា។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​វៀតណាម​បន្ត​សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​ដល់​ពលរដ្ឋ​របស់​ខ្លួន​ដែល​កំពុង​រស់នៅ​កម្ពុជា​ដោយ​ខុសច្បាប់​នោះ ខណៈ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា​ឱ្យ​ដឹង​ថា ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជូន​អ្នក​ដែល​មាន​អាយុ ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន​ជាង ៦​ម៉ឺន​នាក់ (៦៥១៦៨​នាក់)។

ជាមួយ​គ្នា​នោះ ក្រសួង​បាន​ផ្ដល់​ប័ណ្ណ​បន្ត​សុពលភាព​ដែល​មាន​រយៈពេល ២​ឆ្នាំ​ម្ដង​សរុប​ជិត ២​ម៉ឺន​ប័ណ្ណ (១៩៥៦១​ប័ណ្ណ) ហើយ​អ្នក​ដែល​ក្រសួង​ផ្ដល់​ឯកសារ​ឱ្យ​នោះ ជាង ៩០% ជា​ជនជាតិ​វៀតណាម៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស