បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន ព្រមានក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ ឱ្យប្រយ័ត្នប្រយែងខ្ពស់ ដោយចាត់ទុកថាសកម្មភាពនៃការប្រើប្រាស់អំពើហិង្សាគប់ស្បែកជើងនេះ នឹងត្រូវកើតឡើងនៅទូទាំងប្រទេសដោយក្រុមប្រឆាំងវិញ។
ក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តដែលហៅថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ» ធ្វើឡើងនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៧ ខែឧសភា លោក ហ៊ុន សែន ថ្លែងថា បើអាមេរិកចាត់ទុកព្រឹត្តិការណ៍គប់ស្បែកជើងប្រឆាំងលើរូបលោកនៅទឹកដីអាមេរិក វាគ្រាន់តែជាការប្រើប្រាស់សិទ្ធិនោះ លោកគំរាមថា វាសនាមេដឹកនាំក្រុមប្រឆាំងនៅកម្ពុជា ក៏អាចនឹងត្រូវជួបហេតុការណ៍គប់ស្បែកជើងដូចរូបលោកកាលពីប៉ុន្មានថ្ងៃនេះនៅអាមេរិកដែរ។
លោក ហ៊ុន សែន ក៏បានព្រមានទៅអ្នកវិភាគមួយចំនួនដោយលោកផ្តាំទុកជាមុនថា អ្នកគាំទ្ររដ្ឋាភិបាលនៅពេលនេះកំពុងក្តៅក្រហាយចំពោះព្រឹត្តិការណ៍គប់ស្បែកជើងលើរូបលោកនៅលើទឹកដីអាមេរិក។ ដូច្នេះអង្គការក្រៅរដ្ឋាភិបាលនានាត្រូវប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ដោយថានៅប្រទេសកម្ពុជាកំពុងខឹងសម្បាយ៉ាងខ្លាំងត្រៀមតែនឹងផ្ទុះទេ។
ករណីនេះ លោកបង្ហើបបែបព្រមានឱ្យមានការប្រុងប្រយ័ត្នទៅលើការធ្វើអត្ថាធិប្បាយណាមួយសម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា។ មួយវិញទៀត លោក ហ៊ុន សែន ថាបច្ចុប្បន្ន អ្នកគាំទ្ររបស់លោកកំពុងកត់ឈ្មោះទុកអ្នកដែលចាត់ទុកបុរសគប់ស្បែកជើងលើរូបលោកនោះជា «វីរបុរស» ហើយ។
ក្រៅពីការព្រមានក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយ លោក ហ៊ុន សែន ក៏ស្នើឲ្យឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ជូនសារលោកទៅកាន់រដ្ឋបាលលោក ចូ បៃដិន ដើម្បីឱ្យលោកឆ្លើយបំភ្លឺករណីសកម្មភាពបុរសជនជាតិខ្មែរ-អាមេរិកកាំងម្នាក់គប់ស្បែកជើងទៅលើរូបលោកអំឡុងពេលធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិកកាលពេលថ្មីៗនេះ។
បុរសខ្លាំងរូបនេះអះអាងថា លោករង់ចាំការឆ្លើយតបពីអាមេរិក ថានឹងចាត់វិធានការច្បាប់លើបុរសជនជាតិខ្មែរ-អាមេរិកកាំងរូបនោះបែបណា ហើយថាតើសហរដ្ឋអាមេរិកនឹងចាត់ទុកសកម្មភាពនេះថាជាអំពើហិង្សា ឬជាសិទ្ធិបញ្ចេញមតិ។ លោកក៏បានព្រមានទៅដល់អ្នកដែលប្រឆាំងនឹងលោកនៅកម្ពុជាថា អាចនឹងមានការសងសឹក ប្រសិនបើសហរដ្ឋអាមេរិកចាត់ទុកករណីនេះថាជាសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
អតីតទាហាននៃរបបសាធារណរដ្ឋខ្មែររបស់លោក លន់ នល់ ដែលបច្ចុប្បន្នកំពុងរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោក អ៊ុក ទូច បានដោះស្បែកជើងរបស់លោកគប់សំដៅទៅលោក ហ៊ុន សែន ដែលកំពុងជួបជាមួយអ្នកគាំទ្រ និងថតហ្សែលហ្វី (Selfie) ជាមួយលោកនៅសហរដ្ឋអាមេរិក។

ការគប់ស្បែកជើងនេះ បានធ្វើឱ្យអ្នកគាំទ្រ រួមទាំងលោក ហ៊ុន សែន ស្រឡាំងកាំង ហើយក្រោយមក លោក អ៊ុក ទូច ដែលជាអ្នកគប់ស្បែកជើងត្រូវបានសមត្ថកិច្ចអាមេរិកបង្គាប់ឱ្យចាកចេញពីកន្លែងកើតហេតុភ្លាមៗ។ ក្រោយពីមានព្រឹត្តិការណ៍នេះ កូនប្រុសទី៣ របស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ថ្លែងសារថ្កោលទោសលើពលរដ្ឋខ្មែរ-អាមេរិកាំងរូបនោះដែលបានគប់ស្បែកជើងទៅលើឪពុករបស់លោក។
លោក ហ៊ុន ម៉ានី ថាទង្វើនេះក្នុងនាមខ្លួនជាកូន និងជាសមាជិកគណបក្ស និងជាប្រជាជនខ្មែរដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មិនអាចបន្ធូរបន្ថយ ឬសម្រាលទោសកំហុសដល់ពួកជ្រុលនិយមទាំងអស់នោះបានទេ ហើយថាខ្លួននឹងចាំ ហើយមិនត្រូវភ្លេចចរិតជ្រុលនិយមរបស់ពួកនេះឡើយ ដោយថាអស់លោកក៏ត្រូវចាំថា អ្នកណាធ្វើ អ្នកនោះទទួល។
ប៉ុន្តែក្រុមអង្គការសង្គមស៊ីវិល និងអ្នកវិភាគចាត់ទុកការគប់ស្បែកជើងនេះជាសិទ្ធិសេរីភាពបញ្ចេញមតិ។ ហេតុការណ៍បែបនេះមិនមែនកើតឡើងចំពោះតែលោក ហ៊ុន សែន នោះទេ។ កាលពីឆ្នាំ២០០៨ អតីតប្រធានាធិបតីអាមេរិក លោក George W. Bush ក៏ត្រូវបានអ្នកសារព័ត៌មានគប់ស្បែកជើងនៅអំឡុងពេលលោកធ្វើសន្និសីទកាសែតក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ ខណៈប្រធានាធិបតីបារាំង Emmanuel Macron ក៏ធ្លាប់ត្រូវបានពលរដ្ឋទះកំផ្លៀងដែរកាលពីឆ្នាំ២០២១៕