30 C
Phnom Penh

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទទូច​ឱ្យ​កម្ពុជា​ទម្លាក់​បទ​ចោទប្រកាន់​លើ​លោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​ទៅ​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​អនុញ្ញាត​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​មាន​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា កន្លងទៅ​បន្ទាប់ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-សហរដ្ឋ​អាមេរិក​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​រឹតត្បិត​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។

លោក អេនតូនី ប្លីងខេន ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​នយោបាយ​នានា​ដែល​កំពុងតែ​កើតមាន​ឡើង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព អាច​ចូលរួម​ដោយ​សេរី​ក្នុង​ការ​បោះឆ្នោត​អសកល​ឆ្នាំ​២០២២ ខាងមុខ​នេះ​ឡើងវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ត្រូវ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​នយោបាយ​អស់​រយៈពេល​ជាង ៤​ឆ្នាំ​ដោយ​ប្រព័ន្ធ​តុលាការ​កម្ពុជា ដែល​គេ​ដឹង​ថា​ជា​ស្ថាប័ន​ក្រោម​បញ្ជា​របស់​បក្ស​កាន់​អំណាច​រហូត​មក។

កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក ប្រាក់ សុខុន បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ដោយ​ការ​លើកឡើង​អំពី​ការ​បោះឆ្នោត អំពី​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ប៉ុន្តែ​លោក ប្រាក់ សុខុន មិន​បាន​លើកឡើង​ពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោក អេនតូនី ប្លីងខេន អំពី​ការ​ជំរុញ​ឱ្យ​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២២ បាន​បដិសេធ​ថា រដ្ឋាភិបាល និង​តុលាការ​កម្ពុជា មិន​បាន​ចោទ​សហរដ្ឋ​អាមេរិក​ថា​បាន​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​សន្ទិដ្ឋភាព​ជាមួយ​រដ្ឋ​បរទេស​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ប៉ុន្តែ​លោក កឹម សុខា ជា​អ្នក​និយាយ​ដោយ​ខ្លួនឯង​តែប៉ុណ្ណោះ។

យ៉ាងណា​ក៏ដោយ អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ បាន​លើកឡើង​បែប​ចំអក​ក្នុង​កិច្ចពិភាក្សា​កម្មវិធី Idea Talk កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​លោក កឹម សុខា ជា​អ្នក​អះអាង​ថា​អាមេរិក​ពិតជា​បាន​រួម​គំនិត​រៀបចំ​ផែនការ​ជាមួយ​លោក​ប្រាកដ​មែន ហើយ​រដ្ឋាភិបាល និង​តុលាការ​កម្ពុជា​មិន​បាន​ចោទ​សហរដ្ឋ​អាមេរិក​ក្នុង​សំណុំរឿង​នេះ​ទៀត ដូច្នេះ​មាន​ន័យ​ថា ការ​ចោទប្រកាន់​លើ​លោក កឹម សុខា ពី​បទ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ជាង ៤​ឆ្នាំ​មក​នេះ ដូច្នេះ​មាន​ន័យ​ថា លោក កឹម សុខា ជា​អ្នក​ចោទ​ខ្លួនឯង​តែប៉ុណ្ណោះ។

លោក​បន្ថែម​ថា ការ​លើកឡើង​របស់​លោក កឹម សុខា ក្នុង​ខ្សែ​វីដេអូ​ដែល​មាន​រយៈពេល​ជាង​មួយ​ម៉ោង​របស់​គាត់ មិន​មាន​ខ្លឹមសារ​ណា​មួយ​ដែល​បង្ហាញ​ពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ខ្លឹមសារ​ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​យក​ឈ្នះ​គ្នា​តាមរយៈ​នៃ​ការ​បោះឆ្នោត​ទៅវិញ ដូច្នេះ​ភស្តុតាង​ដែល​រដ្ឋាភិបាល​កាត់​ផ្នែក​ខ្លះ​នៃ​វីដេអូ​រយៈពេល​ជាង​មួយ​ម៉ោង​នោះ មិន​អាច​យក​ជា​ការ​បាន​ទេ ព្រោះ​បាត់​ខ្លឹមសារ​ផ្តើម​សេចក្តី តួ​សេចក្តី និង​ខ្លឹមសារ​នៃ​សេចក្តី​បញ្ចប់​ដែល​លោក កឹម សុខា ចង់​និយាយ​ប្រាប់​ទៅ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក សុខ សុគន្ធ លើកឡើង​ថា វិបត្តិ​នយោបាយ​ចាក់ស្រេះ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ គឺ​បង្ក​ឡើង​ដោយ​បក្ស​កាន់​អំណាច​ទាំងអស់។ ជាក់ស្តែង រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្លន់​យក​អាសនៈ​របស់​តំណាងរាស្ត្រ ព្រមទាំង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​គណបក្ស​នេះ​ទាំង​ដែល​ខ្លួន​មិន​ទាន់​បាន​កាត់ទោស​ពី​បទ​ណា​មួយ​លើ​លោក កឹម សុខា នៅឡើយ។

លោក​បន្ត​ថា ការ​ចូល​ទៅ​ចាប់​ខ្លួន​លោក កឹម សុខា ទាំង​កណ្តាល​អាធ្រាត្រ​កាលពី​ឆ្នាំ​២០១៧ ក៏​បាន​រំលោភ​បំពាន​លើ​អភ័យ​ឯកសិទ្ធិ​សភា​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​នាម​លោក កឹម សុខា ជា​អនុប្រធាន​សភា​ជាតិ​កម្ពុជា​នៅ​ពេល​នោះ។

មេធាវី​តំណាង​រដ្ឋាភិបាល​កម្ពុជា​ដែល​ជា​ដើមបណ្ដឹង គឺ​លោក គី តិច ធ្លាប់​លើកឡើង​កាលពី​ពេល​កន្លងទៅ​ថា មាន​ប្រទេស​ចំនួន​៩ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់​ជាតិ​របស់​លោក កឹម សុខា ក្នុង​នោះ​រួម​មាន៖

  • ប្រទេស​ឥណ្ឌូនេស៊ី (Indonesia)
  • ប្រទេស​យូហ្គោស្លាវី (Yugoslavia)
  • ប្រទេស​ស៊ែប៊ី (Serbia)
  • ប្រទេស​អូស្ត្រាលី (Australia)
  • សហរដ្ឋ​អាមេរិក (USA)
  • ប្រទេស​កាណាដា (Canada)
  • សហភាព​អឺរ៉ុប (EU)
  • ប្រទេស​តៃវ៉ាន់ (Taiwan)
  • និង​ប្រទេស​ឥណ្ឌា (India) ផង​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​គណបក្ស​បំណង​ពលរដ្ឋ លោក អិត សារុំ ធ្លាប់​បាន​លើកឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា បើ​យោង​តាម​គោលការណ៍​វិនិច្ឆ័យ​យុត្តិធម៌ ដោយ​សំអាង​អង្គហេតុ និង​អង្គច្បាប់​នៃ​បទល្មើស​ដែល​បាន​ចោទប្រកាន់​ចំពោះ​អង្គ​ពាក់ព័ន្ធ​នានា តុលាការ​កម្ពុជា​គួរតែ​ដល់​ពេល​កោះហៅ​រដ្ឋ​បរទេស​ទាំង​៩ ដែល​មេធាវី​ដើមបណ្ដឹង​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​កាលពី​កន្លង​ទៅ​ហើយ ដើម្បី​ជួយ​តុលាការ​ក្នុង​ការ​កាត់ក្តី​ឱ្យ​មាន​ភាព​យុត្តិធម៌​ត្រឹមត្រូវ​ក្នុង​សំណុំរឿង​នេះ។

ប្រធាន​គណបក្ស​រូប​នេះ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ជំហរ​កាន់តែ​ច្បាស់​ហើយ​មក​កាន់​រដ្ឋាភិបាល​កម្ពុជា​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​កាលពី​ថ្ងៃ​ទី​១២-១៣ ឧសភា កន្លងទៅ ថា​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ក្នុង​កា​រំឭក​ខួប​លើក​ទី​៣០ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដោយ​កំណត់​ឱ្យ​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ត្រូវតែ​អនុវត្ត​ឱ្យ​បាន​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​ជាដាច់ខាត ដើម្បី​ធានា​នូវ​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​អព្យាក្រឹតភាព​របស់​ខ្លួន​ក្នុង​នាម​រដ្ឋ​ឯករាជ្យ​ឡើងវិញ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា សហគមន៍​អន្តរជាតិ​នាំគ្នា​បង្ហាញ​ជំហរ​ចង់​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ក្នុង​គោល​បំណង​ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​កាន់តែ​រីក​ក្លាយ​ទៅ​ជា​វិបត្តិ​ផ្សេង​ទៀត ដែល​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​សន្តិសុខ​ក្នុង​តំបន់ និង​អន្តរជាតិ ហើយ​លោក កឹម សុខា ក៏​ទំនង​ជា​គន្លឹះ​សំខាន់​បំផុត​មួយ​ក្នុង​ដំណោះស្រាយ​នៃ​វិបត្តិ​នេះ​ដែរ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស