28 C
Phnom Penh

បទវិភាគ៖ ភាព​កោងកាច​និង​អនុត្តរភាព​របស់​លោក ពូទីន នាំ​ឱ្យ​ណាតូ​ពង្រីក​មាឌ​កាន់តែ​ធំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រោយពី​យក​បាន​តំបន់​គ្រីមៀរ នៅ​ឆ្នាំ​២០១៤ ដោយ​មិន​គ្រប់គ្រាន់ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) សម្រេច​ប្រើ​មហិច្ឆតា​ថ្មី​មួយ​ទៀត គឺ​លើក​ទ័ព​ឈ្លានពាន​ដើម្បី​វាយ​កាន់កាប់​ដែនដី​មួយ​ផ្នែក​ទៀត​ពី​អ៊ុយក្រែន ហើយ​បើ​វាយ​លុកលុយ​បាន គឺ​ទម្លាក់​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​តែម្ដង។

ប្រធានាធិបតី​ថ្មី​របស់​អ៊ុយក្រែន​បច្ចុប្បន្ន​នេះ គឺជា​តារា​កំប្លែង តែ​ជា​តារា​ស្នេហា​ជាតិ​ដោយ​មិន​យល់ព្រម​កាត់​ទឹកដី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិភាព​ឡើយ។ របប​ក្រុង​មូស្គូ លើក​ទ័ព ២០​ម៉ឺន​នាក់​ឡោមព័ទ្ធ​អ៊ុយក្រែន គំរាម​ឱ្យ​លោក​ប្រធានាធិបតី វូឡូឌីមៀរ ហ្សេឡិនស្គី (Volodymyr Zelenskyy) យល់ព្រម​ទម្លាក់​ចោល​ការ​ចង់​ក្លាយជា​សមាជិក​យោធា​ណាតូ (NATO) ជាមួយ​នឹង​ការ​បង្ខំ​ឱ្យ​ប្រកាន់​យក​គោល​នយោបាយ​សន្តិសុខ​អព្យាក្រឹត គឺ​មាន​ន័យ​ថា មិន​ត្រូវ​ចូល​បក្ស​សម្ព័ន្ធ​យោធា​ណា​មួយ​ដាច់ខាត រួម​ទាំង​អង្គការ​ណាតូ។

ដោយ​ឡោមព័ទ្ធ​អ៊ុយក្រែន​ហើយ គឺ​អ៊ុយក្រែន​នៅតែ​មិន​ប្រកាស​ថា​ខ្លួន​ប្រកាន់​យក​គោល​នយោបាយ​យោធា​អព្យាក្រឹត គឺ​លោក ពូទីន បាន​សម្រេច​លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន​តែម្ដង ដោយ​ក្រោម​លេស​ថា​ទៅ​រំដោះ​ប្រជាជន​រុស្ស៊ី​នៅ​តំបន់​ដុនបាស់ ពី​ការ​បាញ់​សម្លាប់​ពី​សំណាក់​កងទ័ព​អ៊ុយក្រែន ដែល​លោក ពូទីន ចោទ​ថា​កងទ័ព​អ៊ុយក្រែន​បាន​សម្លាប់​ជនជាតិ​រុស្ស៊ី​រាប់​ពាន់​នាក់។

តែ​ការពិត គឺ​ធាតុ​ផ្សំ ៣​យ៉ាង​តិច​នៅ​ក្រោម​ផែនការ​របស់​លោក ពូទីន សម្រេច​បើក​ទ្វារ​សង្គ្រាម​វាយ​អ៊ុយក្រែន។ ធាតុ​ផ្សំ​ទាំង​៣ នេះ រួម​មាន​ការ​លើក​ទ័ព​លុកលុយ​អ៊ុយក្រែន ដើម្បី​ផ្ដួល​រំលំ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ហ្សេឡិនស្គី ដែល​លោក ពូទីន ចោទ​ថា​ជា​អាយ៉ង​របស់​ពួក​បស្ចិម​ប្រទេស។ បើ​ផែនការ​នេះ​បាន​សម្រេច គឺ​លោក ពូទីន លើក​បន្តុប​មេដឹកនាំ​ថ្មី​ប្រទេស​អ៊ុយក្រែន ដែល​រណប​ក្រុង​មូស្គូ។ ផែនការ​មួយ​ទៀត គឺ​លោក ពូទីន សម្រេច​បាន​នូវ​ការ​រុញ​ឱ្យ​អ៊ុយក្រែន​ជា​ប្រទេស​ផ្ដាច់​ខ្លួន​ពី​សម្ពន្ធមិត្ត​របស់​ពួក​បស្ចិម​ប្រទេស។ ចំពោះ​ផែនការ​ទី​៣ គឺ​លោក ពូទីន ងាយ​យក​បាន​នូវ​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស់ គឺ​ឱ្យ​ដូច​នឹង​ការ​យក​បាន​តំបន់​គ្រីមៀរ កាលពី​ឆ្នាំ​២០១៤ តាមរយៈ​ការ​បោះឆ្នោត​ផ្ដាច់​ខ្លួន។

នេះ​ជា​ធាតុ​ផ្សំ​ដែល​លោក ពូទីន អនុវត្ត​ទៅ​លើ​ប្រទេស​អ៊ុយក្រែន។ ដោយ​លើក​ទ័ព​ឡោមព័ទ្ធ​ដល់​ទៅ ២០​ម៉ឺន​នាក់​ជាមួយ​នឹង​សព្វាវុធ​ធុន​ធ្ងន់​មាន​ទាំង​កាំជ្រួច កាំភ្លើង​ធំ រថក្រោះ រថពាសដែក​រាប់​រយ​គ្រឿង នៅតែ​អ៊ុយក្រែន​មិន​បាន​លុត​ជង្គង់​សុំ​ចុះចាញ់។ ទីបំផុត លោក ពូទីន ក៏​សម្រេច​លើក​ទ័ព​វាយ​អ៊ុយក្រែន ដើម្បី​សម្រេច​បំណង​របស់​ខ្លួន​ទាំង​៣ នេះ ដោយ​បង្ក​ឱ្យ​មាន​ភ្លក់​ភ្លើង​សង្គ្រាម​យ៉ាង​សន្ធោសន្ធៅ​មកដល់​ពេលនេះ។

នេះ​ជា​មេរៀន​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជិតខាង​នឹង​រុស្ស៊ី បារម្ភ​គិត​ថា ថ្ងៃ​នេះ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ហើយ​បើ​រុស្ស៊ី​សម្រេច​បាន​នូវ​អនុត្តរភាព​ដូចនេះ គឺ​រុស្ស៊ី​ដែល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​បុរស​ខ្លាំង ពូទីន អាច​នឹង​ឈ្លានពាន​ប្រទេស​ទន់ខ្សោយ​ណា​មួយ​ទៀត។

ដោយ​បារម្ភ​អំពី​មហិច្ឆតា​របស់​លោក ពូទីន ដូចនេះ បាន​នាំ​ឱ្យ​ប្រទេស​ពីរ​ដែល​មាន​ព្រំដែន​ជាប់​នឹង​រុស្ស៊ី គឺ​ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត សម្រេច​សុំ​ចូល​ជា​សមាជិក​ណាតូ ដោយ​មិន​ខ្វល់​នឹង​ការ​ព្រមាន​របស់​រុស្ស៊ី​ឡើយ។ ទាំង​លោក ពូទីន និង​រដ្ឋមន្ត្រី​ការបរទេស ហ្សេហ្គេ ឡារុស បាន​ព្រមាន​ថា នឹង​ដាក់​ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នៅ​តាម​ព្រំដែន​រុស្សី​ជាប់​នឹង​ប្រទេស​ពីរ​នេះ បើ​ប្រទេស​ពីរ​នេះ​ក្លាយ​ជា​សមាជិក​ណាតូ​ជា​ផ្លូវការ។

តែ​មើល​ទៅ​មិន​អាច​ទប់ស្កាត់​ប្រទេស​អព្យាក្រឹត​នេះ​បាន​ឡើយ។ បន្ទាប់ពី​ស្ថិតនៅ​អព្យាក្រឹត​មិន​ចូល​បក្ស​សម្ព័ន្ធ​យោធា​អស់​រយៈពេល​ជិត​ពីរ​សតវត្សរ៍ ស៊ុយអែត និង​ហ្វាំងឡង់ សម្រេច​បើក​ទំព័រ​ថ្មី គឺ​បោះបង់​ចោល​ភាព​អព្យាក្រឹត​តាមរយៈ​ការ​ស្នើសុំ​ចូល​ជា​សមាជិក​អង្គការ​យោធា​ណាតូ។

នាយករដ្ឋមន្ត្រី​ស៊ុយអែត អ្នកស្រី Magdalena Andersson បាន​ថ្លែង​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា ថា រដ្ឋាភិបាល​របស់​អ្នកស្រី​សម្រេច​ចិត្ត​ចូល​សមាជិក​ណាតូ​ហើយ​ដោយ​មិន​បង្អង់​ទៀត​ឡើយ។

ចំណែក​អ្នកស្រី Sanna Mirella Marin នាយករដ្ឋមន្ត្រី​ហ្វាំងឡង់ ក៏​បាន​បញ្ជាក់​ថា ហ្វាំងឡង់​ទ្រាំ​លែង​បាន​ហើយ​ចំពោះ​ការ​គំរាមកំហែង និង​រំលោភ​បំពាន​ពី​សំណាក់​រុស្ស៊ី​ដែល​តែងតែ​បញ្ចេញ​យន្តហោះ​ចម្បាំង​ឱ្យ​ហោះ​ចូល​ដែនអាកាស​របស់​ហ្វាំងឡង់។ អ្នកស្រី​ថា​ទង្វើ​ដែល​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន គឺជា​មេរៀន​មួយ​ដែល​ហ្វាំងឡង់ គិត​ថា ហ្វាំងឡង់​អាច​ជួប​រឿង​នេះ​ដូច​អ៊ុយក្រែន​នៅ​ពេល​ណា​មួយ។

សម្រាប់​អ្នកស្រី Andersson សង្ឃឹម​ថា សមាជិក​ណាតូ​ទាំង ៣០​ប្រទេស នឹង​អនុម័ត​ទទួល​យក​បេក្ខភាព​ស៊ុយអែត ឱ្យ​ក្លាយ​ជា​សមាជិក​របស់​អង្គការ​យោធា​តំបន់​នេះ​ក្នុង​ក្របខ័ណ្ឌ​នៃ​សហគមន៍​តែ​មួយ។

ទាំង​ស៊ុយអែត និង​ហ្វាំងឡង់ បាន​ដាក់​ពាក្យ​ជា​សមាជិក​អង្គការ​ណាតូ​នៅ​ពេល​ដំណែល​គ្នា​នេះ។ សម្រាប់​ហ្វាំងឡង់ បាន​ដាក់​បេក្ខភាព​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ឧសភា នេះ។

ជាមួយ​គ្នា​នេះ អគ្គលេខាធិការ​ណាតូ លោក Jens Stoltenberg បាន​ថ្លែង​ថា លោក​សង្ឃឹម​ថា​ណាតូ​នឹង​បន្ថែម​សមាជិក​ពីរ​ប្រទេស​នេះ​ទៀត​នៅ​ពេល​ដ៏​ឆាប់​នេះ ដែល​លោក​ថា​សមាជិក​ថ្មី​នេះ​នឹង​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ណាតូ គឺ​ណាតូ​មាន​កាតព្វកិច្ច​ជួយ​ការពារ​សន្តិសុខ និង​ដែន​អធិបតេយ្យ​នៃ​ប្រទេស​ពីរ​នេះ ដោយ​ការពារ​គ្រប់​ស្ថានការណ៍​ទាំងអស់ បើ​ប្រទេស​ពីរ​នេះ​រង​ការ​ឈ្លានពាន​ពី​សំណាក់​ប្រទេស​រុស្ស៊ី។

បើ​ដូចនេះ មាន​ន័យ​ថា រុស្ស៊ី និង​លោក ពូទីន កំពុងតែ​ប្រឈម​យ៉ាង​ពិត​ប្រាកដ​នូវ​កម្លាំង​យោធា​ដ៏​ធំ​របស់​ក្រុម​បស្ចិម​ប្រទេស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដា ហុឡង់ដ៍ អ៊ីតាលី និង​ប្រទេស​ជា​សមាជិក​ណាតូ​ផ្សេងៗ​ទៀត ព្រោះ​កងទ័ព និង​សព្វាវុធ​របស់​ណាតូ​នឹង​ត្រូវ​ដាក់​ពង្រាយ​ជាប់​នឹង​ព្រំដែន​រុស្ស៊ី​ផ្ទាល់​តែម្ដង។

បើ​ស៊ុយអែត និង​ហ្វាំងឡង់ ជា​សមាជិក​ណាតូ​ទី​៣១ និង​៣២ មាន​ន័យ​ថា សមាជិក​ណាតូ​នៅ​អឺរ៉ុប​ខាងកើត និង​ខាងជើង​ទាំងអស់​សុទ្ធតែ​មាន​ព្រំដែន​ជាប់​នឹង​ព្រំដែន​ប្រទេស​រុស្ស៊ី៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស