សភាជាន់ខ្ពស់ ឬព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តសេចក្តីសម្រេចចិត្តមួយដែលហៅថា Resolution S. Res. 427 ដោយបង្ហាញយ៉ាងច្បាស់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ នៅតែស្ថិតជាធរមាន ឬមានសុពលភាពសម្រាប់ប្រទេសហត្ថលេខីទាំងអស់ ជាពិសេសប្រទេសកម្ពុជាផ្ទាល់តែម្តង។
ព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ មុនកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកមួយថ្ងៃ បានធ្វើសេចក្តីសម្រេចចិត្តមួយដែលបានកំណត់ឱ្យរដ្ឋាភិបាលកម្ពុជាត្រូវតែលើកស្ទួយការគោរពសិទ្ធិមនុស្សដូចមានចែងក្នុងរដ្ឋធម្មនុញ្ញប្រទេសកម្ពុជា និងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាដើម ព្រមទាំងបានកំណត់អនុវត្តឱ្យបានតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីធានានូវដំណើរការប្រជាធិបតេយ្យនៅប្រទេសកម្ពុជាផងដែរ។
ប្រភពដដែលអះអាងថា សេចក្តីសម្រេចចិត្តរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិកនេះ ធ្វើឡើងដើម្បីរំឭកខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ផង និងដើម្បីអំពាវនាវឱ្យប្រទេសហត្ថលេខីទាំងអស់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ដើម្បីធានានូវសុខសន្តិភាព វិបុលភាព ប្រជាធិបតេយ្យ និងអធិបតេយ្យភាពសម្រាប់ប្រទេសកម្ពុជាផងដែរ។
សភាជាន់ខ្ពស់សហរដ្ឋអាមេរិក អះអាងថា សេចក្តីសម្រេចចិត្តនេះ គឺដើម្បីជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាឱ្យបាននូវគោលការណ៍ពហុបក្ស ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ ខាងមុខ។
សេចក្តីសម្រេចចិត្តដដែលនោះ បានជំរុញឱ្យប្រទេសកម្ពុជាប្រើប្រាស់តួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ពង្រឹងនូវឯករាជភាពក្នុងសហគមន៍អាស៊ាន លើកតម្កើងតម្លៃធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ តាមរយៈសេចក្តីថ្លែងការណ៍នៃកិច្ចព្រមព្រៀងអាស៊ាននៅទីក្រុង Denpasar ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦ កន្លងទៅ។
សេចក្តីសម្រេចចិត្តនៃព្រឹទ្ធសភាអាមេរិកនេះ ធ្វើឡើងដើម្បីរំឭកខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីធានានូវដំណើរការប្រជាធិបតេយ្យ និងអធិបតេយ្យកម្ពុជាទៅថ្ងៃអនាគត។
កាលពីចុងខែតុលា ឆ្នាំ២០២១ ក្នុងខួប ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ថា នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមិនបានចែងថា ប្រទេសកម្ពុជានឹងនៅតែស្ថិតក្រោមអាណាព្យាបាលអន្តរជាតិបន្តទៀតនោះទេ បន្ទាប់ពីដំណាក់កាលបណ្ដោះអាសន្ន ពោលគឺបន្ទាប់ពីបេសកកម្មអ៊ុនតាក់ (UNTAC) ត្រូវបានបញ្ចប់នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ក្រៅពីនេះទៀត មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ធ្លាប់បានអះអាងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា លែងមានសុពលភាពទៀតហើយ ព្រោះខ្លឹមសារនៃកិច្ចព្រមព្រៀងនេះបានដាក់បញ្ចូលក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ អស់ហើយ ដូច្នេះកិច្ចព្រមព្រៀងនេះក៏លែងមានសុពលភាពលើប្រទេសកម្ពុជាតទៅទៀតដែរ។
ទោះជាដូចនេះក្តី អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ ឧសភា នេះថា ការធ្វើសេចក្តីសម្រេចចិត្តពីសហរដ្ឋអាមេរិក គឺមានផលល្អសម្រាប់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរខ្លាំងណាស់ក្នុងការរក្សានូវដំណើរការលទ្ធិប្រជាធិបតេយ្យឲ្យបានត្រឹមត្រូវនៅប្រទេសកម្ពុជា ដូចដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលសហរដ្ឋអាមេរិកក៏ជារដ្ឋហត្ថលេខីនៃសន្ធិសញ្ញាអន្តរជាតិនេះដែរនោះ។
លោក ម៉ែន ណាត លើកឡើងថា ការអះអាងរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន និងមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាមួយចំនួន ថាកិច្ចព្រមព្រៀងនេះអស់សុពលភាពនោះ គ្រាន់តែបង្ហាញពីចេតនាអាក្រក់របស់ពួកគេដែលបានប្រព្រឹត្តទុច្ចរិតផ្ទុយពីខ្លឹមសារសន្ធិសញ្ញានេះ ហើយព្យាយាមដោះសាយករួចខ្លួនមិនហ៊ានទទួលខុសត្រូវលើអំពើរំលោភច្បាប់ដែលខ្លួនបានធ្វើប៉ុណ្ណោះ។
លោកបន្ថែមថា ការអះអាងពីមេដឹកនាំខ្មែរបែបនេះ ក៏បង្ហាញឲ្យឃើញនូវចេតនាធ្វើឧក្រិដ្ឋកម្មជាតិក្នុងបំណងលុបបំបាត់កិច្ចសន្យាអន្តរជាតិដែលធានាការពារនូវសិទ្ធិរបស់ពលរដ្ឋខ្មែរគ្រប់រូបពីការរំលោភបំពាននោះដែរ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះលើកឡើងថា បើចង់ដឹងថាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអស់សុពល ឬមិនអស់សុពលភាព គេអាចសួរឲ្យលោក ហ៊ុន សែន ឆ្លើយថា តើគាត់ហ៊ានប្តូររបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលប្រទេសកម្ពុជាកំពុងប្រកាន់យកសព្វថ្ងៃនេះតាមរដ្ឋធម្មនុញ្ញ ដោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសជាគោលការណ៍ដើមដែរទេ។
ទាក់ទិននឹងបញ្ហានេះ ស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា បានរៀបចំពិព័រណ៍រូបថតរំឭកខួប ៣០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថាអ៊ុនតាក់ (UNTAC) ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នេះ នៅទីក្រុងភ្នំពេញ ក្នុងចេតនាដើម្បីរំឭករាជរដ្ឋាភិបាលកម្ពុជាឲ្យអនុវត្តឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្របពេលដែលប្រទេសកម្ពុជាសព្វថ្ងៃនេះត្រូវគេមើលឃើញថា កំពុងអនុវត្តការដឹកនាំរបស់ខ្លួនឃ្លាតឆ្ងាយពីខ្លឹមសារនៃសន្ធិសញ្ញានេះកាន់តែឆ្ងាយទៅៗ។
កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (Paris Peace Accords) គឺជាកិច្ចព្រមព្រៀងមួយស្ដីពីដំណោះស្រាយនយោបាយដើម្បីបញ្ចប់ជម្លោះនៅកម្ពុជា ធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក្នុងគោលបំណងឈានទៅរកការបង្រួបបង្រួមជាតិ គោរពសិទ្ធិមនុស្ស ឯករាជភាព បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា ដែលនៅតែមានសុពលភាព ហើយប្រទេសហត្ថលេខីមិនអាចបដិសេធនឹងកាតព្វកិច្ចរបស់ខ្លួននៅក្នុងកិច្ចព្រមព្រៀងនេះបានឡើយ៕