មេធាវីការពារក្ដីឱ្យបុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប ខកចិត្តចំពោះសាលាឧទ្ធរណ៍ភ្នំពេញដែលបានសម្រេចកាត់ទោសឱ្យកូនក្តីរបស់ខ្លួនជាប់ពន្ធនាគារចំនួន ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។
នៅថ្ងៃចន្ទ ទី២៣ ឧសភា នេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល បានប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយអះអាងថា ការសម្រេចសេចក្ដីរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
មេធាវីការពារក្ដី លោក សំ ទិត្យសីហា បង្ហាញការសោកស្ដាយដែលសាលាឧទ្ធរណ៍នៅតែកាត់ទោសកូនក្ដីឱ្យជាប់ពន្ធនាគារ ៥ឆ្នាំដូចការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដែរ។ លោកបន្តថា ដំណើរការសវនាការសំណុំរឿងនេះ តុលាការមិនបានកោះហៅនាង ខុម ចាន់តារាទី ហៅស្រីមុំ មកចូលរួមសវនាការឡើយចាប់តាំងពីដំណាក់នៅសាលាដំបូងរហូតដល់សាលាឧទ្ធរណ៍ ក្រោមហេតុផលថា ចម្លើយនាង ខុម ចាន់តារាទី ហៅស្រីមុំ នោះ មាននៅក្នុងឯកសារអស់ទៅហើយ។
លោកចាត់ទុកការសម្រេចឱ្យកូនក្ដីរបស់លោកជាប់ពន្ធនាគារ ៥ឆ្នាំនេះ ថាជារឿងអយុត្តិធម៌ និងមិនបានធានាអំពីភាពស្មើគ្នាចំពោះមុខច្បាប់ និងយុត្តិធម៌ក្នុងសង្គម ដោយសារតែសាក្សីដែលបានឆ្លើយដាក់បន្ទុកលើកូនក្ដី មិនត្រូវបានតុលាការកោះហៅដើម្បីមកជជែកតទល់គ្នានៅចំពោះមុខតុលាការឡើយ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ក្រុមមេធាវី និងមន្ត្រីការពារសិទ្ធិមនុស្សអាដហុក បានទាមទារឱ្យតុលាការលើកពេលសវនាការទៅថ្ងៃក្រោយវិញ បន្ទាប់សវនាការនៅថ្ងៃដដែលនោះមិនបានកោះហៅនាង ខុម ចាន់តារាទី ហៅស្រីមុំ និងអ្នកស្រី ទ្រី ឈួន ដែលជាមេធាវី ឲ្យចូលឆ្លើយតទល់គ្នាឡើយ។ ប៉ុន្តែសំណើរបស់ក្រុមមេធាវី និងមន្ត្រីអាដហុក ត្រូវបានតុលាការបដិសេធក្រោមហេតុផលថា ចម្លើយនាង ខុម ចាន់តារាទី មាននៅក្នុងឯកសារហើយ ហេតុដូច្នេះហើយមិនចាំបាច់មានវត្តមាននាង ខុម ចាន់តារាទី ចូលរួមក៏បានដែរ។
យ៉ាងណាក៏ដោយ ការប្រកាសសាលដីកានាថ្ងៃនេះមិនមានវត្តមានជនជាប់ចោទដែលជាបុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូបចូលស្តាប់នោះទេ ប៉ុន្តែការប្រកាសនេះមានតំណាងស្ថានទូតរបស់ប្រទេសលោកសេរីនានា ភ្នាក់ងាររបស់ UN រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកចូលរួមស្ដាប់។
ជាមួយគ្នានេះ ទាំងអំឡុងពេលសវនាការ និងពេលប្រកាសសាលដីកា អ្នកចូលរួមទាំងអស់ត្រូវបានមន្ត្រីតុលាការដកហូតទូរស័ព្ទទុក លើកលែងតែមន្ត្រី និងអ្នកថតវីដេអូរបស់អង្គភាពប្រឆាំងអំពើពុករលួយប៉ុណ្ណោះដែលមិនត្រូវមន្ត្រីតុលាការដកហូតទូរស័ព្ទនោះ។
កាលពីខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន ៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ប៉ុន្តែទោស ៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១៤ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ដោយមិនសុខចិត្តនឹងការសម្រេច ពួកគាត់បានប្ដឹងសារទុក្ខមកសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ និងកាត់ទោសពួកគាត់ទាំង ៥រូបកាលពីឆ្នាំ២០១៨។
កាលពីខែមេសា ឆ្នាំ២០១៦ មន្ត្រី និងអតីតមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកទាំង ៥រូប ក្នុងនោះមានលោក នី សុខា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុនី្ន រួមទាំងអតីតមន្ត្រីសមាគមអាដហុកពីររូបផ្សេងទៀតរួមមានលោក ណៃ វ៉ង់ដា និងលោក នី ចរិយា ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។ ការចោទប្រកាន់ និងចាប់ខ្លួននេះ បន្ទាប់ពីផ្ដល់ប្រាក់ជាង ២០០ដុល្លារទៅឱ្យនាង ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុកឱ្យជួយពេលនោះ។
ស្ត្រីឈ្មោះ ខុម ចាន់តារាទី នៅពេលនោះត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិពេលនោះ។ ពួកគេទាំង ៥នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់មានការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕