អាមេរិកគឺជាប្រទេសប្រជាធិបតេយ្យមួយដ៏ល្បីល្បាញក្នុងលោក រីឯលោក ហ៊ុន សែន ក៏ជាជនផ្ដាច់ការដ៏ល្បីល្បាញមួយរូបក្នុងលោកដែរ។ ដូច្នេះមាគ៌ានយោបាយអាមេរិក និងលោក ហ៊ុន សែន គឺផ្លូវពីរដែលមានភាពផ្ទុយគ្នាស្រឡះតែម្តង។
ប៉ុន្តែក្នុងពិភពនយោបាយ បុគ្គលឬក្រុមដែលមានទស្សនៈ ឬមាគ៌ាផ្ទុយគ្នា គឺមិនប្រាកដថាជាសត្រូវនឹងគ្នាឡើយ។ ដោយឡែកគោលការណ៍របស់លោក ហ៊ុន សែន អាចផ្ទុយពីនេះ ពោលគឺគាត់រមែងតែងចាត់ទុកអ្នកដែលមានទស្សនៈផ្ទុយពីគាត់ គឺជាសត្រូវ។
ដូច្នេះតើលោក ហ៊ុន សែន ចាត់ទុកអាមេរិកជាសត្រូវ ឬជាមិត្ត?
លោក ហ៊ុន សែន បានបញ្ជាកងកម្លាំងប្រដាប់អាវុធប្រមាណ ១០០នាក់ចូលចាប់ខ្លួនលោក កឹម សុខា ក្នុងគេហដ្ឋានរបស់គាត់ទាំងពាក់កណ្តាលអាធ្រាត្រនាយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ ក្រោយពីការចាប់ខ្លួននោះហើយ ទើបតុលាការក្រុងភ្នំពេញចេញដីកាចោទប្រកាន់លោក កឹម សុខា ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” នៅព្រឹកបន្ទាប់។
ក្នុងពេលនោះ ក្រុមមន្ត្រីរបស់លោក ហ៊ុន សែន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ដោយឃុបឃិតជាមួយបរទេស ជាពិសេសគឺសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាល។
ការចោទប្រកាន់របស់លោក ហ៊ុន សែន មកលើលោក កឹម សុខា ត្រូវគេចាត់ទុកថាជាហេតុផលនយោបាយ និងគ្មានមូលដ្ឋានអ្វីទាំងអស់។
ក្រុមអ្នកវិភាគ អ្នកការពារសិទ្ធិមនុស្ស អ្នកច្បាប់ និងសហគមន៍អន្តរជាតិតែងតែជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ផ្តល់ភស្តុតាង និងកោះហៅរដ្ឋបរទេសដែលជាប់ចោទនោះមកឆ្លើយបំភ្លឺក្នុងសវនាការ។
រហូតដល់ពេលនេះ រឿងក្តីរបស់លោក កឹម សុខា នេះបានអូសបន្លាយពេលវេលាជិត ៥ឆ្នាំហើយ តែតុលាការរបស់លោក ហ៊ុន សែន នៅតែគ្មានការបង្ហាញភស្តុតាងអ្វីជាក់លាក់ និងមិនអាចអញ្ជើញរដ្ឋបរទេសពាក់ព័ន្ធណាមួយឱ្យចូលផ្តល់សក្ខីកម្មក្នុងសវនាការរបស់តុលាការឡើយ។
សំណួរដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ពិបាក និងមិនអាចឆ្លើយកើតនោះ គឺតើចោទលោក កឹម សុខា សំអាងលើអ្វី បើខ្លួនមិនមានភស្តុតាងតាមផ្លូវច្បាប់ផងនោះ? ខ្លួនចោទថា លោក កឹម សុខា ឃុបឃិតជាមួយរដ្ឋបរទេស ជាពិសេសគឺសហរដ្ឋអាមេរិក ចុះហេតុអ្វីមិនកោះអញ្ជើញតំណាងរដ្ឋាភិបាលអាមេរិកឲ្យចូលសវនាការ? តើការចោទប្រទេសអាមេរិកនោះជារឿងលេងសើច ឬធ្វើមែនទែន?
ក្នុងអំឡុងពេលចាប់ខ្លួនលោក កឹម សុខា ភ្លាមៗនោះ លោក ហ៊ុន សែន បានចេញមុខវាយប្រហារសហរដ្ឋអាមេរិកដោយចំហជាសាធារណៈ និងបង្ហាញការលើកតម្កើងប្រទេសចិន។ បន្ថែមពីនេះ លោក ហ៊ុន សែន បានចោទ ចាប់ខ្លួន ឃុំខ្លួន និងបន្តរឹតត្បិតសេរីភាពរបស់លោក កឹម សុខា រហូតមកដល់បច្ចុប្បន្ននេះ ដោយសារតែគាត់ចាត់ទុកថាលោក កឹម សុខា ឃុបឃិតជាមួយអាមេរិក។

ដូច្នេះ តើលោក ហ៊ុន សែន ធ្វើបែបនេះគឺដោយសារតែគាត់ចាត់ទុកអាមេរិកជាសត្រូវ ឬយ៉ាងណា?
អ្នកសង្កេតការណ៍វាយតម្លៃថា ប្រសិនបើលោក ហ៊ុន សែន ចាត់ទុកអាមេរិកជាសត្រូវរបស់កម្ពុជា វាហាក់ដូចជាមិនមានភាពឡូស៊ិក ឬសមហេតុសមផលនោះទេ ព្រោះគេគ្មានអ្វីមកបញ្ជាក់ថា ពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសបានគិតដូច្នោះឡើយ។ តែបើលោក ហ៊ុន សែន ចាត់ទុកអាមេរិកជាសត្រូវរបស់គាត់ នោះគឺជារឿងដែលអាចទៅរួច។ តែសំណួរសួរថា តើលោក ហ៊ុន សែន ពិតជាចាត់ទុកអាមេរិកជាសត្រូវរបស់គាត់មែន ឬយ៉ាងណា?
ថ្វីបើគេមិនអាចឆ្លើយជំនួសលោក ហ៊ុន សែន បាន ប៉ុន្តែគេអាចធ្វើការវិភាគដោយផ្អែកលើហេតុផលខ្លះ។ តែទោះជាយ៉ាងណាក៏ដោយ ក៏គេនៅតែមិនអាចរកអំណះអំណាងដើម្បីបញ្ជាក់អំពីចេតនាពិតប្រាកដ ឬភាព “ស-ខ្មៅ” របស់លោក ហ៊ុន សែន ឲ្យច្បាស់លាស់បានឡើយ។ បើគេសង្កេតមើលអំពីចរិតរបស់លោក ហ៊ុន សែន គេឃើញគាត់មានជំហរមិនច្បាស់លាស់ គឺពេលខ្លះគាត់បង្ហាញជំហរជាសត្រូវរបស់អាមេរិក ហើយពេលខ្លះជាមិត្តរបស់អាមេរិក។
ដូចអ្វីដែលបានលើកឡើងខាងលើ គាត់ចោទលោក កឹម សុខា ថាក្បត់ជាតិដោយឃុបឃិតជាមួយប្រទេសអាមេរិក។ ក្នុងដំណាក់កាលដំបូងៗនៃការចាប់ខ្លួនលោក កឹម សុខា លោក ហ៊ុន សែន វាយប្រហារសហរដ្ឋអាមេរិកដោយមិនសំចៃមាត់សោះឡើយ។ ក្នុងលក្ខខណ្ឌនេះ លោក ហ៊ុន សែន ទំនងចាត់ទុកអាមេរិកថាជាសត្រូវដោយចំហ គឺប្រៀបដូចជាពួកខ្មែរក្រហមធ្លាប់បានធ្វើក្នុងទសវត្សឆ្នាំ១៩៧០ ដែលបានធ្វើជាសត្រូវនឹងអាមេរិក ហើយយកចិនជាចៅហ្វាយ។
ប៉ុន្តែក្រោយមក លោក ហ៊ុន សែន បានបង្ហាញនូវភាពទន់ភ្លន់ជាមួយអាមេរិក និងត្រូវការអាមេរិក។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់ថ្លែងសារអំពីភាពរីករាយរបស់លោកដែលបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដោយផ្ទាល់ក្នុងពេលដែលមេដឹកនាំទាំងពីរនេះបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានរយៈពេលបីថ្ងៃក្នុងទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន។
ស្រដៀងគ្នានេះដែរ សារព័ត៌មានជាតិ និងអន្តរជាតិបានផ្សាយអំពីការចំណាយលុយជាតិរាប់សិបម៉ឺនដុល្លារអាមេរិកដោយលោក ហ៊ុន សែន ក្នុងការជួលក្រុមហ៊ុន ឬអ្នកច្បាប់អាមេរិកឲ្យជួយធ្វើការបញ្ចុះបញ្ចូល (Lobby) រដ្ឋាភិបាល ឬអ្នកនយោបាយអាមេរិកកុំឱ្យដាក់សម្ពាធលើរដ្ឋាភិបាល ឬមន្ត្រីជាន់ខ្ពស់គ្រាក់ៗពុករលួយរបស់គាត់ ជាដើម។
ជាមួយគ្នានេះ កាលពីថ្ងៃទី១១ ខែឧសភា កន្លងទៅ លោក ហ៊ុន សែន បានបង្ហាញមនោសញ្ចេតនាបែបនេះក្នុងជំនួបជាមួយអ្នកគាំទ្ររបស់គាត់ក្នុងរដ្ឋធានីវ៉ាស៊ីនតុន ថា “ខ្ញុំចង់ធ្វើជាមិត្តជាមួយអាមេរិក ហេតុអ្វីក៏ពិបាកម្ល៉េះ”។ ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានថ្លែងក្នុងឱកាសនោះថា លោកមិនបានចោទអាមេរិកថាបានឃុបឃិតជាមួយលោក កឹម សុខា នោះទេ។

ដូច្នេះ បើគេពិនិត្យមើលចំណុចទាំងនេះ គេអាចគិតថាលោក ហ៊ុន សែន មិនចាត់ទុកអាមេរិកជាសត្រូវទេ តែលោកត្រូវការប្រទេសមហាអំណាចមួយនេះទៅវិញ។ ប៉ុន្តែថ្វីបើពេលខ្លះគេឃើញលោក ហ៊ុន សែន បង្ហាញនូវជំហរល្អូកល្អើន និងត្រូវការអាមេរិកក្តី ក៏គេមិនប្រាកដថាលោកមិនចាត់ទុកអាមេរិកជាសត្រូវរបស់លោកនោះទេ។ ចំណុចនេះគឺស្រដៀងនឹងឥរិយាបថរបស់លោកចំពោះសម្តេចព្រះ នរោត្តម សីហនុ ដែរ។
នៅពេលលោកត្រូវការ សម្តេច សីហនុ លោកលុតជង្គង់ក្រាបបង្ហាញការគោរព ប៉ុន្តែនៅពេលណាលោកមិនត្រូវការ សម្តេច សីហនុ លោកជេរ និងចាត់ទុក សម្តេច សីហនុ ថាជាសត្រូវ ជាដើម។
ហេតុនេះ តើលោក ហ៊ុន សែន ពិតជាចាត់ទុកអាមេរិកជាសត្រូវរបស់លោកឬអត់នោះ គេគួរតែពិនិត្យមើលអំពីមាគ៌ា និងសកម្មភាពនយោបាយរបស់គាត់ទៅវិញទេ។ បើគេអង្កេតអំពីមាគ៌ានយោបាយរបស់គាត់ គេបានឃើញច្បាស់ថា គាត់កំពុងដើរទៅរកចិនដែលជាប្រទេសមួយកំពុងប្រជែង ឬប្រឆាំងជាមួយអាមេរិក។ ដូច្នេះ ចំណុចនេះអាចបញ្ជាក់ថា លោក ហ៊ុន សែន កំពុងតែគាំទ្រ ឬជួយបម្រើគូប្រជែងរបស់អាមេរិក ឬគេអាចនិយាយម្យ៉ាងទៀតថា លោកកំពុងរួមដៃជាមួយចិនប្រឆាំងនឹងអាមេរិក។
បន្ថែមពីលើនេះ លោក ហ៊ុន សែន កំពុងបន្តបិទសេរីភាព និងគាបសង្កត់លើលោក កឹម សុខា ដោយសារតែលោកចាត់ទុកលោក កឹម សុខា ថាបានឃុបឃិតជាមួយអាមេរិកដើម្បីផ្តួលរំលំរបបផ្ដាច់ការរបស់លោក។ ដូច្នេះការបន្តបិទសេរីភាពលោក កឹម សុខា គឺជាការបន្តចាត់ទុកលោក កឹម សុខា ថាមានកំហុសដោយឃុបឃិតជាមួយអាមេរិក ឬជាការបន្តចាត់ទុកអាមេរិកថាជាសត្រូវរបស់គាត់។
ថ្វីបើលោក ហ៊ុន សែន និយាយថាគាត់មិនបានចោទអាមេរិកថាបានឃុបឃិតជាមួយលោក កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិនោះទេ តែលោក កឹម សុខា ទេដែលជាអ្នកនិយាយថាអាមេរិកមានការពាក់ព័ន្ធនោះ។
អ្នកដែលបន្ទរសម្ដីរបស់លោក ហ៊ុន សែន គឺលោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលបានបកស្រាយថា មេធាវីរបស់លោក កឹម សុខា ទេដែលព្យាយាមភ្ជាប់រដ្ឋបរទេសដើម្បីបំភាន់មតិសាធារណជន។

តាមពិត លោក កឹម សុខា ធ្លាប់និយាយថា លោកទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ដូចជាសហរដ្ឋអាមេរិក ដើម្បីបង្រៀនពលរដ្ឋឲ្យយល់ដឹងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកបន្តថា នេះជាដំណើរការកសាងប្រជាធិបតេយ្យនៅកម្ពុជា ដែលត្រូវការកសាងពីក្រោមឡើងមកលើ ដើម្បីឱ្យមានការផ្លាស់ប្ដូរតាមរយៈការបោះឆ្នោត។ លោក កឹម សុខា ធ្លាប់បញ្ជាក់អំពីជំហរនយោបាយរបស់លោកម្តងហើយម្តងទៀតនៅក្នុងសវនាការ។
រីឯក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានស្នើសុំឲ្យមានការចាក់បញ្ចាំងវីដេអូនោះទាំងស្រុងឡើងវិញ ដើម្បីជាសក្ខីភាពបង្ហាញអំពីសារដើមរបស់លោក កឹម សុខា ដែលជាការបញ្ជាក់អំពីជំហរនយោបាយរបស់គាត់ដូចខាងលើ និងបដិសេធវីដេអូខ្លីដែលត្រូវបានគេកាត់ផ្គុំ ហើយត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលដើម្បីចោទប្រកាន់លោក កឹម សុខា។
ផ្ទុយពីអ្វីដែលលើកឡើងដោយលោក ហ៊ុន សែន និងលោក ជិន ម៉ាលីន តំណាងអយ្យការធ្វើការចោទប្រកាន់ក្នុងសេចក្តីសន្និដ្ឋានស្ថាពរថា លោក កឹម សុខា បានប្រព្រឹត្តអំពើល្មើសដែលមានចែងក្នុងមាត្រា៤៤៣ នៃច្បាប់ព្រហ្មទណ្ឌ។ មាត្រានៃច្បាប់នេះចែងថា “បទសន្ទិដ្ឋភាពជាមួយរដ្ឋបរទេសជាអំពើត្រូវរ៉ូវគ្នាជាសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា“។
ការដែលតំណាងអយ្យការធ្វើការចោទប្រកាន់ក្នុងសេចក្តីសន្និដ្ឋានស្ថាពរ គឺមានន័យថា ពួកគេបានធ្វើការស៊ើបអង្កេតចប់សព្វគ្រប់ និងមានភស្តុតាងច្បាស់លាស់។
បើដូច្នេះមែន តើរដ្ឋបរទេសនោះជាប្រទេសណា? ហើយការចោទប្រកាន់នោះសំអាងលើអ្វី?
ប្រសិនបើតំណាងអយ្យការ ឬរដ្ឋាភិបាលលោក ហ៊ុន សែន ផ្អែកតែទៅលើអ្វីដែលលោក កឹម សុខា បាននិយាយនៅក្នុងវីដេអូនោះ ហេតុអ្វីបានជាពួកគេត្រូវការពេលវេលាស៊ើបអង្កេតដល់ទៅរាប់ឆ្នាំដូច្នេះទៅវិញ? លើសពីនេះទៅទៀត ការថ្លែងរបស់លោក កឹម សុខា ក្នុងវីដេអូនោះហាក់មិនមានចំណុចណាដែលថាលោក កឹម សុខា អះអាងថាលោកក្បត់ជាតិ និងឃុបឃិតជាមួយអាមេរិកនោះទេ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន ទេដែលជាអ្នកផ្តើមចោទអំពីរឿងនោះ។
ដូច្នេះ ប្រសិនសំណុំរឿងលោក កឹម សុខា គ្មានពាក់ព័ន្ធជាមួយអាមេរិក ឬរដ្ឋបរទេសណាមួយនោះទេ នោះវាមានន័យថា គេមិនអាចចោទប្រកាន់លោក កឹម សុខា តាមមាត្រា៤៤៣ នៃច្បាប់ព្រហ្មទណ្ឌកម្ពុជានោះទេ ហើយសំណុំរឿងនេះគួរតែត្រូវបានបញ្ចប់ជាស្ថាពរដែរ។
ផ្ទុយទៅវិញ ការបន្តរឹតត្បិតសេរីភាពរបស់លោក កឹម សុខា ដោយផ្អែកលើការចោទប្រកាន់តាមមាត្រាច្បាប់មួយនេះ គឺជារឿងខុសច្បាប់ និងជាការព្យាយាមធ្វើជាសត្រូវជាមួយអាមេរិក ឬរដ្ឋបរទេសណាមួយដែលពាក់ព័ន្ធនឹងការចោទប្រកាន់ក្នុងសំណុំរឿងនេះទៅវិញទេ ហើយជាលទ្ធផល គឺកម្ពុជាទាំងមូល រួមទាំងពលរដ្ឋខ្មែរទូទៅផងជាអ្នកខាត ដោយសារលទ្ធភាពនៃការដាក់សម្ពាធខាងផ្នែកសេដ្ឋកិច្ចមកលើកម្ពុជា នឹងអាចកើតមានជាហូរហែនៅពេលខាងមុខ។
សរុបសេចក្តីមក មានតែរដ្ឋាភិបាលលោក ហ៊ុន សែន ប៉ុណ្ណោះដែលជាអ្នកកំណត់ជោគវាសនាសេដ្ឋកិច្ចរបស់ជាតិខ្មែរទាំងមូល ថាតើលោកចង់ឃើញកម្ពុជាបន្តជួបគ្រោះមហន្តរាយខាងផ្នែកសេដ្ឋកិច្ច ឬមួយលោកចង់ឃើញពលរដ្ឋអាចរស់នៅប្រកបដោយវិបុលភាព ប្រជាធិបតេយ្យ សេរីភាព និងមានសេដ្ឋកិច្ចជឿនលឿនដូចបណ្តាអរិយៈប្រទេសដទៃក្នុងលោក៕