មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា ឯកអគ្គរដ្ឋទូតប្រទេសស្វីស បានតាមដានយ៉ាងយកចិត្តទុកដាក់ពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងសិទ្ធិសេរីភាពរបស់លោក និងក្រុមគ្រួសារដែលទទួលរងនូវសម្ពាធអស់រយៈពេលជិត ៥ឆ្នាំកន្លងមកនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលមិនមានសេរីភាពពេញលេញឡើងវិញ បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ថា ឯកអគ្គរដ្ឋទូត និងសហការីនៃប្រទេសស្វីស ប្រចាំនៅកម្ពុជា ថៃ និងប្រទេសឡាវ បានមកជួបពិភាក្សាការងារជាមួយលោកដល់គេហដ្ឋាន អំពីស្ថានភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា និងសិទ្ធិសេរីភាពរបស់លោកដែលកំពុងជាប់បម្រាមសព្វថ្ងៃនេះ។
លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីស ដែលបានយកចិត្តទុកដាក់លើសុខភាពរបស់លោក ដែលបានបញ្ជូនវេជ្ជបណ្ឌិតជំនាញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស មកពិនិត្យសុខភាពលោកដល់គេហដ្ឋានរហូតមក។
លោក កឹម សុខា បញ្ជាក់ថា ប្រទេសស្វីស គឺជាប្រទេសមួយដែលមនុស្សជាច្រើនក្នុងពិភពលោកប្រាថ្នាចង់យកមកធ្វើជាគំរូ ចង់រស់នៅក្នុងសង្គមមួយដែលរដ្ឋាភិបាលស្វីស កំពុងដឹកនាំសព្វថ្ងៃនេះ។ លោកថា ប្រទេសស្វីស បច្ចុប្បន្ននេះគឺជាប្រទេសដែលមានសន្តិភាពពិតប្រាកដ មានអព្យាក្រឹតភាព ប្រជាធិបតេយ្យ សិទ្ធិសេរីភាពពេញលេញ ខណៈប្រជាជនស្វីសពោរពេញដោយសុខមាលភាព និងមានជីវភាពខ្ពង់ខ្ពស់ថែមទៀត។
ការអះអាងរបស់មេដឹកនាំបក្សប្រឆាំងបែបនេះ ធ្វើឡើងស្របពេលដែលសេរីភាពរបស់លោកកំពុងត្រូវបានរឹតត្បិតក្រោមការចោទប្រកាន់ដែលគេមើលឃើញថាមានភាពអយុត្តិធម៌ ក្នុងហេតុផលនយោបាយ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ប៉ុន្តែរហូតមកទល់នឹងពេលនេះ តុលាការកម្ពុជាមិនបានធ្វើកំណត់ទូតណាមួយទៅកាន់ក្រសួងយុត្តិធម៌រដ្ឋបរទេសដែលខ្លួនបានចោទប្រកាន់ថា បានឃុបឃិតជាមួយលោក កឹម សុខា ចូលទៅបំភ្លឺក្នុងសវនាការនៅឡើយទេ ខណៈសំណុំរឿងរបស់លោក កឹម សុខា ចេះតែបន្តអូសបន្លាយគ្មានពេលកំណត់។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីងខេន (Antony Blinken) បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនឲ្យកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា និងអនុញ្ញាតឱ្យមេដឹកនាំបក្សប្រឆាំងរូបនេះមានសិទ្ធិពេញលេញក្នុងការចូលរួមកិច្ចការនយោបាយដោយសេរី ជាពិសេសគឺអាចចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ៕