31 C
Phnom Penh

សាលាឧទ្ធរណ៍​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ សម្រេច​បន្ត​ឃុំ​ខ្លួន​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក នៅ​ក្នុង​ពន្ធនាគារ​បណ្ដោះអាសន្ន ដោយ​អះអាង​ថា ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​តុលាការ។

សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក ឃុន លាងម៉េង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ឧសភា នេះ បាន​ប្រកាស​សាលដីកា​ដោយ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​លោក សៀម ភ្លុក។ ការ​បដិសេធ​នេះ ក្រោម​ហេតុផល​ថា ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ជូន​តុលាការ​បន្ត​នីតិវិធី​ទៀត។

លោក សៀម ភ្លុក បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​តុលាការ​ថា ការ​សម្រេច​របស់​តុលាការ​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​រូបលោក។ លោក​បន្ត​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​រូបលោក​នេះ​ជា​សំណុំរឿង​នយោបាយ មិនមែន​ជា​ការ​អនុវត្ត​តាម​ច្បាប់​ទេ។

កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បង្គាប់​ឱ្យ​សមត្ថកិច្ច​ចាប់ និង​បញ្ជូន​ខ្លួន​លោក សៀម ភ្លុក ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ ក្រោម​បទ​ចោទប្រកាន់ «ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង»។ ក្រោយពី​សមត្ថកិច្ច​ចាប់ និង​ឃុំ​ខ្លួន​កាលពី​ខែ​មេសា នោះ មេធាវី​ការពារ​ក្ដី​លោក សៀម ភ្លុក បាន​ដាក់​ពាក្យ​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ស្នើ​សុំ​ឱ្យ​កូនក្ដី​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។

ចំណែក​ការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លិ សុខា កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០២២ ក្រោម​ហេតុផល​ថា លោក សៀម ភ្លុក មិន​ចូល​បំភ្លឺ ប៉ុន្តែ​លោក សៀម ភ្លុក ថា​ការ​មិន​ចូល​បំភ្លឺ​ដោយសារ​មិន​បាន​ទទួល​ដីកា​ពី​តុលាការ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត បាន​ថ្លែង​ថា លោក​សោកស្ដាយ​ដែល​តុលាការ​សម្រេច​ឃុំ​ខ្លួន​លោក សៀម ភ្លុក នៅ​ពន្ធនាគារ​បន្ត​ទៀត។ បើ​ទោះបីជា​ការ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​នោះ មេធាវី​របស់​លោក សៀម ភ្លុក មាន​ឯកសារ​គ្រប់គ្រាន់​ដើម្បី​ធានា​អះអាង​ទៅ​តុលាការ​ថា កូនក្ដី​មិន​រត់​គេច​ខ្លួន​ក៏ដោយ។

លោក​បន្ត​ថា ការ​បន្ត​ឃុំ​ខ្លួន​លោក សៀម ភ្លុក នេះ មិន​បាន​ចំណេញ​អ្វី​ទៅ​រដ្ឋាភិបាល ក៏ដូចជា​តុលាការ​ឡើយ។ តែ​ផ្ទុយទៅវិញ វា​បាន​បង្ហាញ​ឱ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ថា លំហ​សេរីភាព​ផ្នែក​សិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​មិន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ឡើយ។

លោក សៀម ភ្លុក ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​ប្ដឹង​ទៅ​តុលាការ ក្រោយពី​រក​ឃើញ​ថា លោក​បាន​ក្លែង​ស្នាម​មេដៃ​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ខែ​មិថុនា ឆ្នាំ​២០២១៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស