សាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចបន្តឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក នៅក្នុងពន្ធនាគារបណ្ដោះអាសន្ន ដោយអះអាងថា ការអនុញ្ញាតឱ្យនៅក្រៅឃុំ ប៉ះពាល់ដល់ដំណើរការនីតិវិធីតុលាការ។
សភាស៊ើបសួរនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង នៅថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា នេះ បានប្រកាសសាលដីកាដោយបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មេធាវីការពារក្ដីឱ្យលោក សៀម ភ្លុក។ ការបដិសេធនេះ ក្រោមហេតុផលថា ដើម្បីរក្សាជនត្រូវចោទជូនតុលាការបន្តនីតិវិធីទៀត។
លោក សៀម ភ្លុក បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រៅតុលាការថា ការសម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌សម្រាប់រូបលោក។ លោកបន្តថា ការចាប់ និងឃុំខ្លួនរូបលោកនេះជាសំណុំរឿងនយោបាយ មិនមែនជាការអនុវត្តតាមច្បាប់ទេ។
កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ និងបញ្ជូនខ្លួនលោក សៀម ភ្លុក ទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗ ក្រោមបទចោទប្រកាន់ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង»។ ក្រោយពីសមត្ថកិច្ចចាប់ និងឃុំខ្លួនកាលពីខែមេសា នោះ មេធាវីការពារក្ដីលោក សៀម ភ្លុក បានដាក់ពាក្យទៅសាលាឧទ្ធរណ៍ ដើម្បីស្នើសុំឱ្យកូនក្ដីនៅក្រៅឃុំបណ្ដោះអាសន្ន។
ចំណែកការចេញដីកាបង្គាប់ឱ្យចាប់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ក្រោមហេតុផលថា លោក សៀម ភ្លុក មិនចូលបំភ្លឺ ប៉ុន្តែលោក សៀម ភ្លុក ថាការមិនចូលបំភ្លឺដោយសារមិនបានទទួលដីកាពីតុលាការ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា លោកសោកស្ដាយដែលតុលាការសម្រេចឃុំខ្លួនលោក សៀម ភ្លុក នៅពន្ធនាគារបន្តទៀត។ បើទោះបីជាការស្នើសុំនៅក្រៅឃុំនោះ មេធាវីរបស់លោក សៀម ភ្លុក មានឯកសារគ្រប់គ្រាន់ដើម្បីធានាអះអាងទៅតុលាការថា កូនក្ដីមិនរត់គេចខ្លួនក៏ដោយ។
លោកបន្តថា ការបន្តឃុំខ្លួនលោក សៀម ភ្លុក នេះ មិនបានចំណេញអ្វីទៅរដ្ឋាភិបាល ក៏ដូចជាតុលាការឡើយ។ តែផ្ទុយទៅវិញ វាបានបង្ហាញឱ្យសហគមន៍អន្តរជាតិមើលឃើញថា លំហសេរីភាពផ្នែកសិទ្ធិមនុស្ស សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយមិនមានភាពប្រសើរឡើងវិញឡើយ។
លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃប្ដឹងទៅតុលាការ ក្រោយពីរកឃើញថា លោកបានក្លែងស្នាមមេដៃពាក់ព័ន្ធនឹងការបង្កើតគណបក្សបេះដូងជាតិ កាលពីខែមិថុនា ឆ្នាំ២០២១៕