28 C
Phnom Penh

សមត្ថកិច្ច​រក​ឃើញ​រោងចក្រ​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត​កំពង់ស្ពឺ​និង​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ច​កម្ពុជា​ចុះ​ទៅ​បង្ក្រាប​នៅ​មន្ទីរពិសោធន៍​បី​ទីតាំង​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​ជាង ១​តោន និង​សារធាតុ​គីមី​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ១១​តោន ព្រម​ទាំង​ឃាត់​ខ្លួន​ជនល្មើស ៤​នាក់។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ ថា សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ឃើញ និង​ឈាន​ដល់​ការ​ចុះ​ទៅ​បង្ក្រាប​នៅ​មន្ទីរពិសោធន៍ ៣​ទីតាំង​ដែល​លួច​កែច្នៃ ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ។ នៅ​មន្ទីរពិសោធន៍​មួយ​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹងកេងកង១ ខណ្ឌ​បឹងកេងកង រាជធានី​ភ្នំពេញ ហើយ​ចំណែក​ពីរ​ទីតាំង​ទៀត ស្ថិត​ឃុំ​សង្កែសាទប ស្រុក​ឱរ៉ាល់ និង​ទីតាំង​មួយ​ទៀត​ស្ថិត​នៅ​ឃុំ​យាយម៉ៅពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ក្នុង​ប្រតិបតិ្តការ​ចុះ​បង្ក្រាប​នោះ សមត្ថកិច្ច​រឹប​អូស​បាន​សារធាតុ​ញៀន​ជាង ១៤០០​គីឡូក្រាម និង​សារធាតុ​គីមី​សម្រាប់​ផលិត​គ្រឿងញៀន​ជាង ១១​តោន ដោយ​ចាប់​បាន​ជនល្មើស​ចំនួន ៤​នាក់។ ជនល្មើស​ទាំង ៤​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន ក្នុង​នោះ​ម្នាក់​ជា​មេការ និង​មនុស្ស ៣​នាក់​ទៀត​ជា​អ្នក​បច្ចេកទេស។

ជនល្មើស​ទាំង ៤​នាក់​ដែល​សមត្ថកិច្ច​ចាប់​បាន​ជា​ជនជាតិ​តៃវ៉ាន់ ក្នុង​នោះ​មាន​ឈ្មោះ TIEN CHAN FU ជា​មេការ ឈ្មោះ KHOU PO WEN ឈ្មោះ TENG KUO CHING និង​ឈ្មោះ LIN YI CHHENG ដោយ​អ្នក​ទាំង​៣ ជា​អ្នក​បច្ចេកទេស ដែល​បច្ចុប្បន្ន​ពួកគេ​ព្រមទាំង​វត្ថុ​តាង​ខាងលើ ត្រូវ​បាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ភ្នំពេញ​ហើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី។

កាលពី​ចុង​ឆ្នាំ​២០២១ សមត្ថកិច្ច​កម្ពុជា​បាន​បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​នៅ​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​ក្នុង​ប្រតិបត្តិការ​នា​ពេល​នោះ សមត្ថកិច្ច​រក​ឃើញ​គ្រឿងញៀន​ដល់​ទៅ​ជាង ២​តោន (២២៣៧​គីឡូក្រាម) និង​សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន​ដល់​ទៅ​ជាង ៨៤​តោន ហើយ​ចាប់​បាន​ជនល្មើស​ជា​ជនជាតិ​ចិន​ជាង ១០​នាក់។

បើ​តាម​អាជ្ញាធរ​កម្ពុជា​ទទួល​បន្ទុក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០២២ ថា ចាប់ពី​ចុង​ឆ្នាំ​២០២១ ដល់​ខែ​មីនា ឆ្នាំ​២០២២ សមត្ថកិច្ច​បាន​ចាប់​គ្រឿងញៀន​ប្រមាណ ៣​តោន និង​សារធាតុ​គីមី​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​ជាង ៣០០​តោន​ផ្សេង​ទៀត។

កាលពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​អនាគត​អ្នក​ស្នង​តំណែង​ប្រទេស​ជាតិ ដោយសារ​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​មាន​ចំនួន​ច្រើន​ត្រូវ​ចាប់​ឃុំ​ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន។ លោក​បន្ត​ថា បច្ចុប្បន្ន​គ្រឿងញៀន​កំពុង​បំផ្លាញ​ធនធាន​មនុស្ស​ទាំងនេះ​ដោយ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ។

យោង​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​គ្រឿងញៀន (UNODC) ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា ឆ្នាំ​២០២១ បង្ហាញ​ថា កម្ពុជា​គឺជា​គោលដៅ​នៃ​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​សម្រាប់​ចរាចរ​គ្រឿងញៀន ផលិត និង​ចែកចាយ​បន្ត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស