40.9 C
Phnom Penh

លោក ហ៊ុន សែន អួត​ពី​លទ្ធផល​ជោគជ័យ​ត្រចះត្រចង់​ក្នុង​កិច្ចប្រជុំ​សេដ្ឋកិច្ច​ពិភពលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន អះអាង​ថា លោក​ទទួល​បាន​លទ្ធផល​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​នៅ​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្រោម​ប្រធានបទ «ទស្សនវិស័យ​យុទ្ធសាស្ត្រ​លើ​អាស៊ាន និង​ការ​ស្ដារ​សន្តិភាព និង​សណ្ដាប់ធ្នាប់​ឡើងវិញ» នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វីស។

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ​ថា លោក​បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​វិលត្រឡប់​មក​ដល់​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២២ បន្ទាប់ពី​បាន​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ទីក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស រយៈពេល ៥​ថ្ងៃ​កន្លងទៅ​នោះ។

មេដឹកនាំ​កម្ពុជា​ដែល​ឧស្សាហ៍​ប្រើ​កណ្ដាប់ដៃ​ដែក​រូប​នេះ អះអាង​ថា កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ លោក​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់​ដឹកនាំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ។ ជាង​នេះ​ទៀត លោក​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ស្វីស និង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប​ជាច្រើន​នាក់ ដែល​នេះ​បង្ហាញ​ពី​ទឹកចិត្ត​របស់​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស​គោរព​ស្រឡាញ់​រូបលោក ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខ​សន្តិភាព​កាន់តែ​ធំធេង។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង លោក ហ៊ុន សែន វិលត្រឡប់​មកពី​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ប្រទេស​ស្វីស កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ មេដឹកនាំ​ខ្មែរ លោក ហ៊ុន សែន បាន​ដឹកនាំ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០២២ របស់​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WEF) នៅ​ប្រទេស​ស្វីស ក្រោម​ប្រធានបទ «ទិដ្ឋភាព​យុទ្ធសាស្ត្រ​ស្ដីពី​អាស៊ាន និង​តួនាទី​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២» នេះ។

កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នេះ នឹង​មាន​ការ​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​សេដ្ឋកិច្ច​ពិភពលោក ក្នុង​បំណង​ដើម្បី​លើកស្ទួយ​ធុរកិច្ច​បរទេស​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៦ ឧសភា នេះ​ថា ការ​ចូលរួម​វេទិកា​ពិភពលោក​នេះ មិន​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ណា​មួយ​សម្រាប់​កម្ពុជា​នោះ​ទេ ព្រោះ​កម្ពុជា​នៅ​ពេលនេះ​កំពុង​ជាប់​គាំង​វិបត្តិ​នយោបាយ​របស់​ខ្លួន​នៅឡើយ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​របស់​សហរដ្ឋ​អាមេរិក ត្រៀម​តែ​នឹង​បាត់បង់​ទៅវិញ​ប៉ុណ្ណោះ ស្រប​ពេល​ដែល​កម្ពុជា​គ្មាន​វិធានការ​ច្បាស់លាស់​ណា​មួយ​ដើម្បី​ធានា​បាន​នូវ​ការ​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទាំងនោះ។

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​លើកឡើង​ថា នៅ​ពេល​ដែល​វិបត្តិ​នយោបាយ​កម្ពុជា​កំពុង​រង​ការ​ញាំញី​ដោយ​ការ​ជាន់ឈ្លី​ប្រជាធិបតេយ្យ និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅតែ​បន្ត​កើតមាន ទោះ​ជា​រដ្ឋាភិបាល​កម្ពុជា​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​ជា​ប្រយោជន៍​សម្រាប់​កម្ពុជា ក៏​ពួកគេ​បដិសេធ​ដែរ។ ជាង​នេះ​ទៀត វិស័យ​ធុរកិច្ច​បរទេស​ក៏​មិន​ហ៊ាន​ចូល​ទៅ​កម្ពុជា ដើម្បី​វិនិយោគ​ដែរ ដូច្នេះ​វិបត្តិ​នយោបាយ​របស់​កម្ពុជា​ដែល​កំពុង​កើតមាន​នៅ​ពេលនេះ គឺ​នាំ​ឲ្យ​ខ្មែរ​ខាត​ប្រយោជន៍​គ្រប់​បែប​យ៉ាង​ទាំងអស់។

លោក មាជ សុវណ្ណារ៉ា បញ្ជាក់​ថា ដើម្បី​បញ្ចប់​វិបត្តិ​នៅ​កម្ពុជា មាន​តែ​មេដឹកនាំ​នយោបាយ​ខ្មែរ​កំពូលៗ​នាំគ្នា​ដើរ​ឆ្ពោះ​ទៅ​រក​ការ​ជជែក​ដើម្បី​ផ្សះផ្សា បង្រួបបង្រួម និង​ឯកភាព​គ្នា​តាម​ផ្លូវ​នយោបាយ​ដោយ​សុចរិត និង​តម្លាភាព​ប៉ុណ្ណោះ ទើប​អាច​ឲ្យ​ខ្មែរ​គ្រប់​និន្នាការ​មាន​សុភមង្គល ជាតិ​រុងរឿង​ទៅ​ថ្ងៃ​អនាគត។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បាន​ទាញ​ទម្លាក់​កម្ពុជា​ចូល​ទៅ​ក្នុង​រណ្តៅ​នៃ​ការ​បែកបាក់​ជាតិ​កាន់តែ​ជ្រៅ។ ដូច្នេះ បើ​ទោះបីជា​មេដឹកនាំ​កម្ពុជា លោក ហ៊ុន សែន ខំ​បង្ហាញ​ពី​ការ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​កាលពី​ពេល​ថ្មីៗ​នេះ​ទទួល​បាន​ជោគជ័យ​ក៏ដោយ ក៏​នឹង​មិន​អាច​កើតមាន​តាម​ការ​អួតអាង​របស់​គាត់​ដែរ ព្រោះ​ថា​ជាក់ស្តែង សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក កំពុងតែ​ព្រមាន​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​ខ្លួន​ពី​កម្ពុជា ស្រប​ពេល​ដែល​កម្ពុជា​កំពុងតែ​ត្រូវការ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ដើម្បី​រុញ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ដែរ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស