33 C
Phnom Penh

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ថា​បក្ស​ភ្លើង​ទៀន​ឃោសនា​ផ្សារភ្ជាប់​នឹង​បក្ស​សង្គ្រោះ​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត ព្រមាន​សកម្មជន​គណបក្ស​ភ្លើង​ទៀន ដែល​ស្រែក​ជយឃោស​ផ្សារភ្ជាប់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក្រោយ​គណៈកម្មាធិការ​នេះ​ទទួល​បាន​នូវ​វីដេអូ​ឃ្លីប​មួយ​ដែល​សកម្មជន​គណបក្ស​នេះ​ស្រែក​ឃោសនា​រក​សន្លឹកឆ្នោត​ក្នុង​ក្បួន​ឃោសនា​របស់​ខ្លួន អំឡុង​នៃ​ការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​ដំបូង។

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ចេញ​សេចក្តី​ណែនាំ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ការ​ប្រើ​សកម្មភាព​ឃោសនា​ផ្សារភ្ជាប់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ផ្ទុយ​ទៅ​នឹង​មាត្រា​៧១​នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​លុប​ចេញពី​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​នៅ​ក្រសួង​មហាផ្ទៃ​ទៅ​ហើយ។

ប្រភព​ដដែល​អះអាង​ថា គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប ទទួល​បាន​នូវ​ព័ត៌មាន​ជា​វីដេអូ​ដែល​គណបក្ស​នេះ​ស្រែក​ឃោសនា​ក្នុង​ក្បួន​ឃោសនា​របស់​ខ្លួន​ថា «ជយោ! គណបក្ស​សង្គ្រោះ​ជាតិ» ក្នុង​សកម្មភាព​ហែ​ក្បួន​ឃោសនា​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​សង្កាត់​ស្លក្រាម កាលពី​ថ្ងៃទី​២១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ។

គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប បាន​ណែនាំ​ឱ្យ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ស្រែក​ជយឃោស​ផ្សារភ្ជាប់​សកម្មភាព​ឃោសនា​របស់​គណបក្ស​ខ្លួន​ទៅ​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បន្ត​ទៀត។ ប៉ុន្តែ​ក្នុង​ករណី​សកម្មភាព​នេះ​នៅតែ​បន្ត គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​សៀមរាប នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​កំហិត។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ខាងមុខ​នេះ ខណៈ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ត្រូវ​បាន​ធ្វើឡើង​ចាប់ផ្តើម​តាំងពី​ថ្ងៃទី​២១ ខែ​ឧសភា ហើយ​នឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ឆ្នាំ​២០២២ នេះ។

ក្នុង​អំឡុង​នៃ​ការ​ឃោសនា​បោះឆ្នោត សមាជិក និង​សកម្មជន​គណបក្ស​ភ្លើង​ទៀន ត្រូវ​រង​នូវ​បណ្តឹង ការព្រមាន និង​ការ​ណែនាំ​ជា​បន្តបន្ទាប់​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ ដូចជា​ការ​ប្តឹង​បេក្ខជន​មេឃុំ​ស្ដៅ ខេត្ត​កំពង់ចាម លោក គង់ រ៉ៃយ៉ា ថា​បាន​ចែក​លុយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ ការ​ណែនាំ​ឱ្យ​គណបក្ស​ភ្លើង​ទៀន ពិនិត្យ​ឡើងវិញ​ក្នុង​ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​បក្ស​ពី​សំណាក់​ក្រសួង​មហាផ្ទៃ និង​ការ​ណែនាំ​ឱ្យ​បញ្ឈប់​ការ​ឃោសនា​ផ្សារភ្ជាប់​នឹង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេលនេះ ជាដើម។

សកម្មជន​បក្ស​ប្រឆាំង លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​២៧ ឧសភា ថា លោក​មិន​ដឹង​ថា​តើ​ការ​ស្រែក​ជយឃោស «ជយោ! គណបក្ស​សង្គ្រោះ​ជាតិ» ពី​សកម្មជន​គណបក្ស​ភ្លើង​ទៀន ជា​ការ​ភ័ន្តច្រឡំ ឬ​មាន​ចេតនា​បន្លំ​ប្រជាពលរដ្ឋ​នោះ​ទេ។ បើជា​ការ​ភ័ន្តច្រឡំ​នោះ អាច​មាន​ន័យ​ថា អ្នក​ដែល​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ត្រូវ​គេ​បំភ័ន្ត​ថា​ចូលរួម​ជាមួយ​គណបក្ស​ភ្លើង​ទៀន គឺ​ដើម្បី​គណបក្ស​សង្គ្រោះ​ជាតិ ដូច​ដែល​មន្ត្រី​បក្ស​ប្រឆាំង​ផ្សព្វផ្សាយ​កន្លងមក​ប៉ុណ្ណោះ។

លោក ហ៊ុន កុសល លើកឡើង​ថា បើ​និយាយ​ដល់​នីតិវិធី បេក្ខជន​មួយ​រូប​មិន​អាច​ឈរ​ឈ្មោះ​តំណាង​ឲ្យ​ពីរ​គណបក្ស​ទេ ហើយ​រឹតតែ​ខុស​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ គឺ​គណបក្ស​នយោបាយ​មួយ​មិន​អាច​យក​ឈ្មោះ​គណបក្ស​ផ្សេង​មក​ឃោសនា​ដើម្បី​កេង​ចំណេញ​នយោបាយ​ដល់​ក្រុម​ខ្លួន​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស