នៅសល់តែ ៤ថ្ងៃទៀតប៉ុណ្ណោះ សង្គ្រាមរុស្ស៊ីឈ្លានពានបានឈានដល់ ១០០ថ្ងៃហើយ។ អំឡុងនៃសង្គ្រាមជិត ១០០ថ្ងៃមកនេះ កងទ័ពនៃមហាអំណាចរុស្ស៊ីដែលបានលើកទ័ពដល់ទៅ ២០ម៉ឺននាក់ វាយលុកលុយប្រទេសអ៊ុយក្រែន គឺបានវាយកាន់កាប់តែសមរភូមិចំនួន ២ ប៉ុណ្ណោះ គឺសមរភូមិមួយនៅក្រុង Kherson ដែលជាទីក្រុងតូចមួយនៅភាគនិរតីនៃរដ្ឋធានីគៀវ។ ចំណែកឯសមរភូមិមួយទៀត គឺទីក្រុងកំពង់ផែ Mariupol ដែលស្ថិតនៅភាគអាគ្នេយ៍ប្រទេសអ៊ុយក្រែន។
ក្នុងអំឡុងនៃសង្គ្រាមនេះ កងទ័ពរុស្ស៊ីត្រូវបានរាយការណ៍មកថាបានបាត់បង់អាយុជីវិតកងទ័ពដល់ទៅ ៣០៥០០នាក់ ធ្លាក់យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រដល់ជិត ៤០០គ្រឿង រថក្រោះត្រូវបានកងទ័ពអ៊ុយក្រែនបាញ់កម្ទេច និងរឹបអូសបានចំនួន ១៣៥៨គ្រឿង និងរថពាសដែកជាង ៣៣០០គ្រឿង ហើយប្រព័ន្ធកាំភ្លើងធំ ៦៤៩គ្រឿង។ នេះបើតាមការចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន The New Voice of Ukraine។
បើប្រៀបធៀបអំពីស្ថានភាពសហភាពសូវៀត លើកទ័ពឈ្លានពានប្រទេសអាហ្វហ្គានីស្ថាន វិញ រហូតសហភាពសូវៀតដកទ័ពត្រឡប់ទៅប្រទេសខ្លួនវិញ គឺសង្គ្រាមមានរយៈពេលជិត ១០ឆ្នាំ។ សង្គ្រាមនៅពេលនោះបានផ្ទុះឡើងនៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩។ សង្គ្រាមបិទបញ្ចប់នៅអាហ្វហ្គានីស្ថាន បន្ទាប់ពីរុស្ស៊ីបានដកទ័ពត្រឡប់ទៅវិញចំពេលសហភាពសូវៀតកំពុងធ្វើដំណើរទៅរកការដួលរលំ។ សង្គ្រាមរុស្ស៊ី និងកងទ័ពព្រៃអាហ្វហ្គានីស្ថាន Mujahideen នៅពេលនោះ បើនិយាយអំពីភាគីរុស្ស៊ី វិញ គឺរុស្ស៊ីស្លាប់កងទ័ព ១៤៤៥៣នាក់ របួសជាង ៥ម៉ឺន ៣ពាន់នាក់ និងបាត់ខ្លួន ២៦៤នាក់ ធ្លាក់យន្តហោះចម្បាំង ៤៥១គ្រឿង និងឧទ្ធម្ភាគចក្រ ៣៣៣គ្រឿង រថក្រោះ ទ័ពព្រៃបាញ់ឆេះ និងរឹបអូស ១៤៧គ្រឿង និងរថពាសដែក ១៣១៤គ្រឿង ចំណែកឯប្រព័ន្ធកាំភ្លើងធំត្រូវបានទ័ព Mujahideen រឹបអូស និងបាញ់កម្ទេចអស់ ៤៣៣គ្រឿង។
សង្គ្រាមនៅពេលនោះ សហភាពសូវៀតលើកទ័ពឈ្លានពានអាហ្វហ្គានីស្ថាន គឺមាន ២៥ម៉ឺននាក់។ ផ្ទុយទៅវិញ សង្គ្រាមនៅលើទឹកដីអ៊ុយក្រែនវិញតែជាង ៤ខែបន្តិចនេះ គឺចំនួនកងទ័ពរុស្ស៊ីស្លាប់ច្រើនជាងសង្គ្រាមនៅអាហ្វហ្គានីស្ថានដល់ទៅជិត ៣ដង ហើយចំនួនខូចខាតសព្វាវុធ គឺច្រើនលើសលប់។
តែទោះជាបែបនេះក្ដី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ហ្សេហ្គេ ឡារ៉ូវ បានថ្លែងជំនួសលោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន ថា នឹងមិនមានតម្លៃការចរចានោះទេ បើតំបន់ដុនបាសត្រូវវាយរំដោះបានដោយកងទ័ពរុស្ស៊ី។ នេះបើយោងតាមការធ្វើសេចក្ដីរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន Reuters ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ឧសភា។
បើតាមប្រមុខការទូតរុស្ស៊ីរូបនេះ ការចរចានឹងមិនអាចនិយាយយោងដល់តំបន់ដុនបាសនោះទេ ព្រោះសភា និងប្រធានាធិបតី ពូទីន បានចុះក្រឹត្យទទួលស្គាល់ជាតំបន់ផ្ដាច់ខ្លួនពីអ៊ុយក្រែនទៅហើយ។
ដុនបាស់ មានខេត្តធំ២ គឺខេត្ត Donetsk និង Luhansk។ តំបន់នេះស្ថិតនៅភាគខាងកើតប្រទេស និងមានផ្ទៃដីជាង ២ម៉ឺន ៦ពាន់គីឡូម៉ែត្រក្រឡា ហើយមានប្រជាជនរស់នៅមុនសង្គ្រាមជាង ៤លាននាក់ ក្នុងនោះមានប្រជាជនរុស្ស៊ី ផងដែរ។ ដុនបាសជាតំបន់ជាប់ផ្ទាល់នឹងព្រំដែនរុស្ស៊ី តែតំបន់នេះសម្បូរដោយរ៉ែធ្យូងថ្ម និងឧស្ម័ន។
លោក ហ្សេហ្គេ ឡារ៉ូវ បានឱ្យដឹងថា ក្រៅពីតំបន់នេះ ភាគីអ៊ុយក្រែនអាចលើកមកចរចាបាន បើភាគីអ៊ុយក្រែនចង់តថ្លៃជាមួយតម្លៃការសុំសន្តិភាពពីរុស្ស៊ី។ តាមដំណឹងចុងក្រោយ ពីសារព័ត៌មាន The New Voice of Ukraine ក្នុងផ្ទៃដីដ៏ធំនៅតំបន់ដុនបាស គឺកងទ័ពរុស្ស៊ី មិនទាន់គ្រប់គ្រងបានទាំងស្រុងនោះទេ។ ការវាយប្រយុទ្ធគ្នាកំពុងពុះកញ្ជ្រោលយ៉ាងខ្លាំង ទោះជាកងទ័ពរុស្ស៊ីមានប្រៀបជាងកងទ័ពអ៊ុយក្រែនក៏ដោយ។ មកដល់ពេលនេះ ដុនបាសទាំងមូល គឺមានតំបន់មួយប៉ុណ្ណោះដែលធ្លាក់នៅក្រោមកងទ័ពរុស្ស៊ី គឺទីក្រុង Lyman ជាចំណតស្ថានីយរថភ្លើងក្នុងខេត្ត Donetsk។ ការវាយប្រយុទ្ធគ្នានៅតំបន់នេះ រុស្ស៊ីបង្កើនកងទ័ពរហូតដល់ជាង ១០ម៉ឺននាក់ ដោយប្រតិបត្តិការសឹកធ្វើឡើងដោយកងអង្គភាពរថក្រោះ កងអង្គភាពកាំភ្លើងធំ កងអង្គភាពកាំជ្រួច និងកម្លាំងទ័ពអាកាស។
ប្រមុខការទូតរុស្ស៊ី បានបញ្ជាក់ទៀតថា ខេត្ត Donetsk និង Luhansk គឺជាសាធារណរដ្ឋផ្ដាច់ខ្លួនពីអ៊ុយក្រែន ហើយការលើកទ័ពរុស្ស៊ី វាយយកតំបន់នេះ គឺជាការវាយដើម្បីរំដោះប្រជាជនរុស្ស៊ី និងប្រជាជនដែលនិយាយភាសារុស្ស៊ី ដោយលោកចាត់ទុកថា ពួកគេក្លាយជាជនរងគ្រោះដោយអំពើប្រល័យពូជសាសន៍ពីសំណាក់កងទ័ពអ៊ុយក្រែន។
ចុះហេតុអ្វីបានជាលោក ហ្សេហ្គេ ឡារ៉ូវ អះអាងថា បើដុនបាសធ្លាក់ក្រោមការកាន់កាប់ដោយកងទ័ពរុស្ស៊ី គឺអ៊ុយក្រែនពុំមានសិទ្ធិលើកមកចរចាជាមួយនឹងរុស្ស៊ី?
ការពិត ខេត្តទាំងពីរនៅតំបន់ដុនបាសនេះ ត្រូវបានលោក ពូទីន ចុះក្រឹត្យទទួលស្គាល់ជាដែនដីរបស់រុស្ស៊ីទៅហើយ គឺនៅមុនដែលមេដឹកនាំផ្ដាច់ការម្នាក់នេះបញ្ជាឱ្យលើកទ័ពលុកលុយប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ កុម្ភៈ។
ទោះជាយ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានសច្ចាហើយថា ទោះតម្លៃណាក៏ដោយក៏លោកមិនសម្រេចចុះហត្ថលេខាកាត់ទឹកដីមួយចម្រៀកណាមួយជាការបញ្ចប់សង្គ្រាម ឬជាថ្នូរនឹងសន្តិភាពឡើយ។
លោកបានអះអាងថា អ៊ុយក្រែននឹងទទួលបានជ័យជម្នះលើសមរភូមិ ប៉ុន្តែលោកថាមានតែការចរចាដោយស្មើភាពទើបអាចបិទបញ្ចប់សង្គ្រាមបាន ហើយការចរចានេះមានតែរូបលោក និងលោក ពូទីន ជួបគ្នាប៉ុណ្ណោះ។
ប៉ុន្តែសំណួរនៅត្រង់ថា តើថាសង្គ្រាមនឹងបញ្ចប់នៅពេលណា ហើយនៅក្រោមលក្ខខណ្ឌអ្វីខ្លះ?
ការចរចាដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន បានអូសបន្លាយពេលច្រើនជាង ៣ខែមកហើយ ត្រូវបានគេឃើញថា បញ្ហាទឹកដីដែលក្រុងមូស្គូប៉ុនប៉ងវាយយកពីអ៊ុយក្រែន គឺជាកត្តាចាំបាច់បំផុត ហើយបន្ទាប់មក គឺរុស្ស៊ីដាក់លក្ខខណ្ឌឱ្យអ៊ុយក្រែនប្រកាន់យករបបយោធាអព្យាក្រឹត គឺមិនត្រូវចូលបក្សសម្ព័ន្ធយោធាជាមួយនឹងក្រុមណាមួយដាច់ខាត ដោយរាប់ទាំងអង្គការយោធាណាតូផងដែរ។
បើនិយាយយោងដល់ទឹកដី ថាតើគេគួរតែឱ្យរុស្ស៊ីកាន់កាប់ទឹកដីដែលកងទ័ពរបស់ខ្លួនវាយយកបាននៅក្នុងសង្គ្រាម ឬដូចម្ដេច ឬក៏អ៊ុយក្រែនត្រូវវាយបណ្ដេញទ័ពរុស្ស៊ី ឱ្យចេញពីទឹកដីរបស់ខ្លួន ឬដូចម្ដេច ព្រោះថាបញ្ហាទឹកដីនេះកំពុងក្លាយជាហេតុផលមួយនៃការអូសបន្លាយសង្គ្រាម។
ប្រសិនបើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ជាមេដឹកនាំក្បត់ជាតិ គឺម្ល៉េះសមនឹងគ្មានសង្គ្រាមកើតឡើងទេ។ មិនតែប៉ុណ្ណោះ លោក ហ្សេឡេនស្គី ក៏មិនត្រូវបារម្ភអំពីការបាត់បង់អំណាចរបស់លោកទៀតផង។ បើទឹកដីបានទៅគេ សន្តិភាពបានមកយើង ហើយអំណាចនៅក្នុងដៃយើង ក៏កាន់តែរឹងមាំថែមទៀត។ លោកប្ដេជ្ញាមិនព្រមរស់ក្រោមអាណាព្យាបាលក្រោមនឹមគេ ជារដ្ឋចំណុះគេ ដើម្បីតែអំណាចសម្រាប់លោក គ្រួសារ និងបក្សពួកនោះទេ៕