ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ និង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ។

ច្បាប់

វេទិកា​ពលរដ្ឋ​អំពាវនាវ​សាជាថ្មី​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដើម្បី​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ

By ឌឹ ខេមបូឌា ដេលី

June 04, 2022

ប្រធាន​វេទិកា​ពលរដ្ឋ អំពាវនាវ​សាជាថ្មី​ទៅ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ថា វេទិកា​ពលរដ្ឋ​បាន​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​ករណី​ចាប់​ឃុំ​ខ្លួន​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ខេត្ត​តាកែវ លោក អៀ ចាន់ណា។ លោក​ថា នេះ​គឺជា​ចេតនា​របស់​បក្ស​កាន់​អំណាច​មាន​គោលដៅ​បំបិទ​សិទ្ធិ ដើម្បី​បំផ្លាញ​ឱកាស​នយោបាយ​របស់​គាត់​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ដែល​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា ដើម្បី​ធានា​នូវ​ការ​អនុវត្ត​តាម​បែប​ប្រជាធិបតេយ្យ និង​ធានា​នូវ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ដោះលែង​លោក អៀ ចាន់ណា ឱ្យ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ឡើងវិញ​ក្នុង​ការ​បំពេញ​ការងារ​នយោបាយ​ស្រប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា។

អនុប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ក្នុង​ខេត្ត​តាកែវ លោក អៀ ចាន់ណា ដែល​ធ្លាប់​ជា​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រទេស​ន័រវែស ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២២ នៅ​ក្បែរ​ផ្សារ​អ៊ីអន២ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ តាម​សាលដីកា​បង្គាប់​របស់​សាលាដំបូង​ក្រុង​ភ្នំពេញ ដោយ​នាំ​យក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស ដើម្បី​រង់ចាំ​សវនាការ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ថា ការ​ចាប់ និង​ឃុំ​ខ្លួន​លោក អៀ ចាន់ណា គឺជា​រឿង​នយោបាយ​សុទ្ធសាធ ដោយសារតែ​ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើឡើង​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​ចូលរួម​យ៉ាង​សកម្ម​ជាមួយ​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ។

ចំណែក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ បាន​អះអាង​ថា លោក អៀ ចាន់ណា គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​ពី​សំណាក់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ ដូច្នេះ​ការ​ចាប់​ឃុំ​ខ្លួន​នេះ គឺ​ធ្វើឡើង​ក្រោម​ហេតុផល​នយោបាយ​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​៣១ ឧសភា កន្លងទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ព្រមាន​ស៊ើបអង្កេត​គណបក្ស​ភ្លើង​ទៀន​អំពី​ទំនាក់ទំនង​ជាមួយ​តំណាង​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​ន័រវែស (Norway) លោក អៀ ចាន់ណា បន្ទាប់ពី​ភ្នាក់ងារ​មាន​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​សកម្មជន​បក្ស​ភ្លើង​ទៀន​តាម​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​នឹង​បទ​រួម​គំនិត​ក្បត់​កាលពី​ថ្ងៃទី​៣០ ខែ​ឧសភា កន្លង​ទៅ​នោះ។

រដ្ឋធម្មនុញ្ញ​កម្ពុជា មាត្រា​៣៥ ចែង​ថា «ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេសជាតិ»៕