32 C
Phnom Penh

គ.ជ.ប សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​មនុស្ស​១៤​នាក់​ទៀត​ឈ្នះ​ក្ដី​បក្ស​ប្រជាជន​ស្រុក​កងមាស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រេច​ឱ្យ​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា និង​មនុស្ស ១៤​នាក់​ផ្សេង​ទៀត​ឈ្នះ​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លុប​ការ​ផាក​ពិន័យ​ចំនួន ៥​លាន​រៀល។

ការ​សម្រេច​នេះ ធ្វើឡើង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បើក​សវនាការ​ជំនុំជម្រះ​កាលពី​ថ្ងៃទី​២ មិថុនា តាម​បណ្ដឹង​ប្រធាន​ក្រុម​ការងារ​គណបក្ស​ភ្លើង​ទៀន​ស្រុក​កងមាស លោក គង់ រ៉ៃយ៉ា ដែល​ប្ដឹង​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ចាម ដែល​សម្រេច​ឱ្យ​លោក​ចាញ់​ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា។

ក្រោយពី​បើក​សវនាការ​នៅ​រសៀល​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ.ជ.ប លោក ប្រាជ្ញ ច័ន្ទ បាន​សម្រេច​ឱ្យ​លោក គង់ រ៉ៃយ៉ា និង​មនុស្ស ១៤​នាក់​ផ្សេង​ទៀត​ឈ្នះ​ក្ដី​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ការ​សម្រេច​បែប​នេះ ដោយ​យោង​តាម​បញ្ញត្តិ​មាត្រា​១៧១ និង​មាត្រា​៧១ នៃ​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ដែល​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អ្នកស្រី ជិន ដាវី យក​មក​ធ្វើជា​សំអាង​ហេតុ ដើម្បី​ដាក់​បន្ទុក​ប្រឆាំង​គណបក្ស​ភ្លើង​ទៀន​ក្នុង​ស្រុក​កងមាស នេះ មិន​មាន​ទម្ងន់​គ្រប់គ្រាន់​តាម​ផ្លូវ​ច្បាប់។

មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក គា អ៊ាវ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កថា នេះ​ជា​សេចក្ដី​បិទ​ផ្លូវ​តវ៉ា ហេតុ​នេះ​ក្នុង​នាម​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​មិន​មាន​អ្វី​ដែល​ត្រូវ​បកស្រាយ​ទៀត​ទេ ប៉ុន្តែ​មេធាវី​រូប​នេះ​នៅតែ​ចាត់ទុក​ថា ទាំង​សកម្មភាព និង​អង្គហេតុ​ជន​ត្រូវ​ចោទ គួរ​ត្រូវ​បាន​អនុវត្ត​តាម​នីតិវិធី។

លោក គង់ រ៉ៃយ៉ា ជា​ប្រធាន​ក្រុម​ទ្រទ្រង់​ស្រុក​កងមាស និង​ជា​បេក្ខភាព​មេឃុំ​ស្ដៅ មកពី​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​អ្នកស្រី ជិន ដាវី តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​វីដេអូ​ចែក​ថវិកា​ទៅ​ឱ្យ​បេក្ខភាព​ជា​មេឃុំ​ក្នុង​ស្រុក​កងមាស ទាំង ១១​ឃុំ ដោយ​ក្នុង​មួយ​ឃុំ​ទទួល​បាន​លុយ ១០០​ដុល្លារ​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស