31 C
Phnom Penh

លោក ណុប ប៉ាយារិទ្ធ៖ ទោះបីជា​សំឡេង​ពីរោះ បើ​គណៈកម្មការ​ឱ្យ​ធ្លាក់​នោះ​ជា​សិទ្ធិ​របស់​គណៈកម្មការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​ក្នុង​កម្មវិធី Cambodian Idol លោក ណុប ប៉ាយារិទ្ធ រិះគន់​មហាជន​ថា​មិន​យល់​ពី​លក្ខខណ្ឌ​របស់​កម្មវិធី ដែល​ទាមទារ​ឱ្យ​គណៈកម្មការ​ជ្រើសរើស​បេក្ខជន​ដែល​ពួកគាត់​គិត​ថា​ច្រៀង​ពីរោះ ប៉ុន្តែ​គណៈកម្មការ​ឱ្យ​ធ្លាក់ ព្រោះ​ជា​សិទ្ធិ​របស់​គណៈកម្មការ និង​ជា​លក្ខខណ្ឌ​ស្នូល​របស់​កម្មវិធី។

គណៈកម្មការ និង​ជា​គ្រូបង្វឹក​ក្នុង​កម្មវិធី Cambodian Idol លោក ណុប ប៉ាយារិទ្ធ ត្រូវ​បាន​គេ​ទម្លាយ​សំឡេង​កាលពី​ពេល​ថ្មីៗ​នេះ ដោយ​លោក​អះអាង​ថា មហាជន​ខ្មែរ​ចេះ​តែ​ទាមទារ​ឱ្យ​ការ​ប្រឡង​ក្នុង​កម្មវិធី Cambodian Idol ដូចជា​ការ​ប្រឡង​ក្នុង​ស្រុក​ខ្មែរ​ដែល​ធ្លាប់​ធ្វើ​កន្លងមក នោះ​ហើយ​គឺជា​បញ្ហា​សម្រាប់​កម្មវិធី Cambodian Idol នេះ។

លោក​បន្ថែម​ថា លក្ខខណ្ឌ​នៃ​កម្មវិធី​ប្រឡង​នីមួយៗ​គឺ​ខុសៗ​គ្នា ដូចជា​លក្ខខណ្ឌ​របស់​កម្មវិធី The Voice of Cambodia គឺ​មាន​លក្ខណៈ​ផ្សេង​ពី​លក្ខខណ្ឌ​របស់​កម្មវិធី Cambodian Idol ដាច់​ស្រឡះ ប៉ុន្តែ​ដោយសារតែ​មហាជន​ខ្មែរ​មិន​បាន​មើល​កម្មវិធី​របស់​បរទេស ហើយ​ពួកគាត់​ធ្លាប់​តែ​មើល​ការ​ប្រឡង​ចម្រៀង​ធម្មតាៗ​នៅ​ក្នុង​ស្រុក ដូច្នេះ​ហើយ​ទើប​ពួកគាត់​មិន​យល់​ពី​លក្ខខណ្ឌ​របស់​កម្មវិធី Cambodian Idol បែប​នេះ។

លោក ណុប ប៉ាយារិទ្ធ បញ្ជាក់​ថា គណៈកម្មការ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ឱ្យ​បេក្ខជន​ណា​ម្នាក់​មិន​ជាប់​ការ​ប្រឡង បើ​ទោះបីជា​បេក្ខជន​រូប​នោះ​ច្រៀង​ពីរោះ​ក៏ដោយ នៅ​ពេល​ដែល​គណៈកម្មការ​មិន​ពេញចិត្ត បេក្ខជន​នោះ​គឺ​ត្រូវតែ​ធ្លាក់។ នេះ​ហើយ​គឺជា​លក្ខខណ្ឌ​ស្នូល​របស់​កម្មវិធី Cambodian Idol ដែល​កំពុង​ដំណើរការ​នៅ​ពេលនេះ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណៈកម្មការ​ក្នុង​កម្មវិធី Cambodian Idol ត្រូវ​បាន​មហាជន​រិះគន់​យ៉ាង​ចាស់ដៃ បន្ទាប់ពី​ពួកគេ​បាន​សម្រេច​ឱ្យ​បេក្ខជន​ម្នាក់​ធ្លាក់​ពី​កម្មវិធី​នេះ ទាំង​ដែល​គណៈកម្មការ​ទទួលស្គាល់​ថា​បេក្ខជន​រូប​នោះ​ច្រៀង​ពីរោះ​ដូច​មហាជន​ដែរ​នោះ។

កាលពី​រាត្រី​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២២ កម្មវិធី Cambodian Idol បាន​ធ្វើ​ការ​ប្រឡង​ចម្រៀង​ដោយ​ការ​ជ្រើសរើស​បេក្ខជន​មកពី​បណ្តា​ខេត្ត​ក្នុង​រដូវកាល​ទី​៤ វគ្គ Judge Audition ក្នុង​សប្តាហ៍​ទី​៤ ដែល​បាន​ផ្តល់​ឱកាស​ឱ្យ​បេក្ខជន​ជាច្រើន​រូប​បង្ហាញ​សមត្ថភាព​សំឡេង​ក្នុង​កម្មវិធី​នេះ។

ជុំវិញ​ការ​ប្រឡង​នេះ ទស្សនិកជន​បាន​ពេញចិត្ត​សំឡេង​របស់​បេក្ខជន​ឈ្មោះ ទុំ រដ្ឋា ហៅ ទុំ សុវត្ថិ ដែល​បាន​ច្រៀង​បទ «ស្រឡាញ់​ស្ទើរ​លេប» ដែល​ជា​សំនៀង​ដើម​របស់​លោក ណុប ប៉ាយារិទ្ធ។ សមាជិក​គណៈកម្មការ​ទាំង​៤ គឺ​លោក ណុប ប៉ាយារិទ្ធ កញ្ញា សុខ សីឡាលីន អ្នកនាង ឱក សុគន្ធកញ្ញា និង​លោក ឆន សុវណ្ណរាជ ក៏​ពេញចិត្ត​នឹង​សមត្ថភាព​សំឡេង​របស់​បេក្ខជន​រូប​នេះ​ដែរ បើ​ទោះបីជា​មាន​ការ​ខ្វះខាត​បន្តិចបន្តួច​ក៏ដោយ។

យ៉ាងណាក៏ដោយ គណៈកម្មការ ២​រូប គឺ​លោក ណុប ប៉ាយារិទ្ធ កញ្ញា សុខ សីឡាលីន បាន​ឱ្យ​ពាក្យ YES ដល់​បេក្ខជន ទុំ សុវត្ថិ ដើម្បី​ចូល​ទៅ​ប្រឡង​ក្នុង​វគ្គ​បន្ទាប់ ប៉ុន្តែ​អ្នកនាង ឱក សុគន្ធកញ្ញា និង​លោក ឆន សុវណ្ណរាជ បាន​បដិសេធ​ដោយ​ប្រើ​ពាក្យ NO ដែល​ធ្វើ​ឱ្យ​បេក្ខជន​រូប​នេះ​មិន​បាន​ទៅ​ចូលរួម​វគ្គ​ក្រោយៗ​ទៀត ព្រោះ​ថា​ដើម្បី​ឱ្យ​បេក្ខជន​នេះ​អាច​ឈាន​ជើង​ចូល​ទៅ​ប្រឡង​ក្នុង​វគ្គ​បន្ទាប់​បាន ទាល់តែ​រូបគេ​ទទួល​បាន​ពាក្យ YES ពី​គណៈកម្មការ​យ៉ាងតិច​ណាស់ ៣​រូប។

ជុំវិញ​ការ​សម្រេច​ឱ្យ​បេក្ខជន ទុំ សុវត្ថិ ធ្លាក់​ពី​កម្មវិធី​ប្រឡង Cambodian Idol នេះ មហាជន​ដែល​បាន​តាមដាន​កម្មវិធី​ប្រឡង​នេះ​បាន​រិះគន់​គណៈកម្មការ​យ៉ាង​ចាស់ដៃ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​បណ្ដាញ​សង្គម Tik Tok ដោយ​សម្ដែង​ការ​ហួស​ចិត្ត​យ៉ាង​ខ្លាំង​ថា ពួកគេ​មិន​យល់​ពី​គណៈកម្មការ​ទាំង ៤​នាក់​ទេ ព្រោះ​ថា​ម្នាក់ៗ​សុទ្ធតែ​បាន​លើកឡើង​ពី​ភាព​វិជ្ជមាន​របស់​បេក្ខជន​រូប​នេះ​ទាំងអស់ តែ​បែរជា​ផ្តល់​ពាក្យ NO ឱ្យ​បេក្ខជន​នេះ​ធ្លាក់​ទៅវិញ។

ជុំវិញ​បញ្ហា​នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ Dannie DNC បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​របស់​ផេក​កម្មវិធី Cambodian Idol ដែល​បាន​ផ្សាយ​ផ្ទាល់​ក្នុង​ពេល​ប្រឡង​ថា «គណៈកម្មការ​ទាំងនោះ​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើជា​គណៈកម្មការ​នោះ​ទេ ព្រោះ​ថា​ជំនាន់​ដែល​ពួកគេ​ជាប់​ជា​តារា​ក៏​មិន​បាន​ប្រឡង​បញ្ចេញ​សមត្ថភាព​ដែរ ទំនង​ដូចជា​ជាប់​តាម​ខ្សែ​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បាន​ជា​សព្វថ្ងៃ​នេះ កម្មវិធី​ប្រឡង Cambodian Idol ដាក់​ពួកគេ​ធ្វើជា​គណៈកម្មការ​ចេះ​តែ​ឱ្យ​ពិន្ទុ​តាម​អារម្មណ៍ ដោយ​មិន​មើល​លើ​សមត្ថភាព​បេក្ខជន​បែប​នេះ»

ជុំវិញ​បញ្ហា​នេះ ប្រវត្តិ​របស់​គណៈកម្មការ​នៃ​កម្មវិធី Cambodian Idol ត្រូវ​បាន​គេ​គាស់​កកាយ​ថា ពួកគេ​ជាប់​ជា​តារា គឺ​តាមរយៈ​ការ​ណែនាំ ឬ​ស្គាល់​គ្នា​ជាមួយ​ម្ចាស់​ផលិតកម្ម​ប៉ុណ្ណោះ មិន​ជាប់​ជា​តារា​តាមរយៈ​នៃ​ការ​ប្រឡង​សមត្ថភាព​នោះ​ទេ។

ជាក់ស្តែង លោក ឆន សុវណ្ណរាជ ដែល​ជា​គណៈកម្មការ​ក្នុង​កម្មវិធី Cambodian Idol និង​ជា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម រស្មី​ហង្ស​មាស ផង​នោះ ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍​ក្នុង​កម្មវិធី​ទូរទស្សន៍ CTN កាលពី​ឆ្នាំ​២០១៥ ថា លោក​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​មិនមែន​ដោយ​ការ​ប្រឡង​ទេ គឺ​ដោយសារ​លោក​បាន​ច្រៀង​លេង​ក្នុង​កម្មវិធី​របស់​មិត្តភ័ក្ដិ ហើយ​ត្រូវ​ម្ចាស់​ផលិតកម្ម​មួយ​ពេញចិត្ត ក៏​ហៅ​ឱ្យ​លោក​ចូល​ទៅ​ច្រៀង​ក្នុង​ផលិតកម្ម​របស់​គេ​តែ​ម្តង ខណៈ​រូបលោក​ផ្ទាល់​ក៏​មិន​ហ៊ាន​ដាក់​ពាក្យ​ចូល​ប្រឡង​សមត្ថភាព​ដែរ ព្រោះ​ខ្លាច​សមត្ថភាព​មិន​ដល់។

ដោយឡែក​លោក ណុប ប៉ាយារិទ្ធ បាន​ទទួល​ការ​ណែនាំ​ពី​លោក ហ្វៃ សំអាង ក៏​បាន​ក្លាយ​ជា​អ្នក​ចម្រៀង​នៅ​ផលិតកម្ម ហង្ស​មាស ក្នុង​អំឡុង​ឆ្នាំ​២០០០ និង​ចាប់ផ្តើម​ច្រៀង​ជា​លើកដំបូង គឺ​បទ «សុំ​ចែក​បេះដូង» ហើយ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ជ្រើសរើស​ពី​កម្មវិធី​ប្រឡង​ចម្រៀង​ផ្លូវការ​ណា​មួយ​នោះ​ទេ គ្រាន់តែ​ធ្លាប់​បាន​ប្រឡង​ថត​សំឡេង​ដាក់​កាសែត​ក្នុង​កម្មវិធី​វិទ្យុ​សំបុក​ឃ្មុំ​បាន​ម្តង​តែប៉ុណ្ណោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា សមត្ថភាព​របស់ ទុំ សុវត្ថិ គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់​ទៀត​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង Cambodian Idol នេះ ប៉ុន្តែ​លោក​សម្ដែង​នូវ​ការ​លើក​ទឹកចិត្ត​ឱ្យ​បេក្ខជន​រូប​នេះ​រក្សា​ភាព​រឹងមាំ និង​តស៊ូ កុំ​ឲ្យ​ចុះចាញ់​ចំពោះ​ភាព​បរាជ័យ​ដ៏​អយុត្តិធម៌​នេះ ដែល​នាំ​ឱ្យ​មាន​ឥទ្ធិពល​សង្កត់​លើ​ទឹកចិត្ត និង​ស្មារតី​របស់​ខ្លួន​រហូត​ដល់​ខូចចិត្ត​អស់​សង្ឃឹម​ដើម្បី​កសាង​អនាគត​ភ្លឺស្វាង​របស់​ខ្លួន​ទៅ​ថ្ងៃ​មុខ។

ការ​ទម្លាក់​បេក្ខជន ទុំ សុវត្ថិ ពី​កម្មវិធី​ប្រឡង​នេះ បាន​បង្ក​ជា​ចម្ងល់​ជាច្រើន​ចំពោះ​មហាជន​ខ្មែរ​ថា កម្មវិធី Cambodian Idol នេះ​បើក​វគ្គ​ប្រឡង​ជ្រើសរើស​បេក្ខជន​មាន​សមត្ថភាព​ខាង​សំឡេង ឬ​ជ្រើសរើស​បេក្ខជន​ដែល​គណៈកម្មការ​ពេញចិត្ត ព្រោះ​បើ​ផ្អែកលើ​សម្ដី​របស់​លោក ណុប ប៉ាយារិទ្ធ បេក្ខជន​ដែល​ជាប់ ឬ​ធ្លាក់​ក្នុង​កម្មវិធី​នេះ គឺ​ផ្អែក​ទាំងស្រុង​ទៅលើ​ការ​ពេញចិត្ត និង​ការ​មិន​ពេញចិត្ត​របស់​គណៈកម្មការ​តែប៉ុណ្ណោះ មិនមែន​ពឹង​ផ្អែក​ទៅ​លើ​សមត្ថភាព​របស់​បេក្ខជន​ដែល​ច្រៀង​ពីរោះ ឬ​មិន​ពីរោះ​នោះ​ឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស