លោក វន់ ពៅ និង​លោក ជា មុនី

នយោបាយ

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine បដិសេធ​រឿង​ចោទ​លោក វន់ ពៅ និង​លោក ជា មុនី

By ឌឹ ខេមបូឌា ដេលី

June 08, 2022

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​មុខ​បដិសេធ​ដោយ​ទាត់​ចោល​ជុំវិញ​ការ​ចោទប្រកាន់​លោក វន់ ពៅ និង​លោក ជា មុនី ថា​បាន​រៀបចំ​កម្លាំង​ឱ្យ​លោក សម រង្ស៊ី ដើម្បី​អុកឡុក​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ ថា​មិន​មែន​ជា​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នោះ​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ដែល​មាន​ឈ្មោះ​ពិត​ថា កែវ ម៉ាលីនដា បាន​ចេញ​ផ្សាយ​ផ្ទាល់​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Angkor Jasmine កាលពី​ថ្ងៃទី​៦ ខែ​មិថុនា ឲ្យ​ដឹង​ថា អ្នកស្រី​បាន​ឃើញ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជា Fresh News និង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត​បាន​ចុះផ្សាយ​តាម​ការ​សរសេរ​របស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ដែល​មាន​ឈ្មោះ​ថា Jasmine Angkor នោះ​ជា​បន្តបន្ទាប់​កាលពី​ដើម​ខែ​មិថុនា។

អ្នកស្រី កែវ ម៉ាលីនដា ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine បាន​អះអាង​ថា អ្នកស្រី​មិន​ដែល​ស្គាល់​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី លោក ប៊ុត ធារី ហៅ សុគន្ធ ធារី ឬ​ដឹង​ពី​សកម្មភាព​ផ្ទៃក្នុង​របស់​គណបក្ស​ភ្លើង​ទៀន ដែល​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​នោះ​បាន​លើក​យក​មក​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នា​ពេល​កន្លងមក​នោះ​ទេ។

ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine ពិតប្រាកដ​រូប​នេះ​បាន​ទាត់​ចោល​ជុំវិញ​ការ​ចោទប្រកាន់​លោក វន់ ពៅ និង​លោក ជា មុនី ថា​បាន​រៀបចំ​កម្លាំង​ឱ្យ​លោក សម រង្ស៊ី ទាំងស្រុង។ ជាង​នេះ​ទៀត អ្នកស្រី កែវ ម៉ាលីនដា បញ្ជាក់​ថា អ្នកស្រី​តែងតែ​គោរព​វីរភាព​របស់​លោក វន់ ពៅ និង​លោក ជា មុនី ខ្លាំង​ណាស់ ដូច្នេះ​អ្នកស្រី​គ្មាន​ហេតុផល​ណា​ទៅ​ចោទប្រកាន់​លោក​ទាំង​ពីរ​នោះ​ឡើយ។

អ្នកស្រី កែវ ម៉ាលីនដា បញ្ជាក់​ថា ប្រសិនបើ​មាន​ករណី​ណា​មួយ​ដែល​អ្នកស្រី​ចង់​ផ្សព្វផ្សាយ អ្នកស្រី​មិន​ដែល​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ គឺ​អ្នកស្រី​នឹង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តែម្តង។ ជាង​នេះ​ទៀត ឈ្មោះ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី គឺ​ប្រើ​ពាក្យ Angkor នៅ​ពី​មុខ ព្រោះ​អង្គរ ជា​អច្ឆរិយវត្ថុ​របស់​ពិភពលោក ដូច្នេះ​អ្នកស្រី​មិន​យក​ទៅ​ដាក់​នៅ​ក្រោយ​ពាក្យ​ផ្សេង​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​មួយ​ដែល​មាន​ឈ្មោះ​ថា Jasmine Angkor បាន​ចេញ​មុខ​រៀបរាប់​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ផែនការ​របស់​លោក សម រង្ស៊ី ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មហាជន​យល់​ច្រឡំ​ថា ជា​ការ​អះអាង​របស់​អ្នកស្រី កែវ ម៉ាលីនដា ដែល​ជា​ម្ចាស់​គណនី​ហ្វេសប៊ុក Angkor Jasmine។

កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា និង​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ម្ចាស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ឈ្មោះ Jasmine Angkor ដែល​បាន​ដាក់​តាំង​រូប​អ្នកស្រី កែវ ម៉ាលីនដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​អំពី​ផែនការ​របស់​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី ថា​បាន​បញ្ជា​ឱ្យ​លោក ប៊ុត ធារី ហៅ សុគន្ធ ធារី ទៅ​ប្រទេស​កម្ពុជា ដើម្បី​បំផ្លាញ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ពេល​ថ្មីៗ​នេះ ប៉ុន្តែ​ត្រូវ​បរាជ័យ។

ជាង​នេះ​ទៀត ម្ចាស់​គណនី​ហ្វេសប៊ុក​ក្លែងក្លាយ​ដដែល​នេះ បាន​អះអាង​ថា តាម​ព័ត៌មាន​ផ្ទៃក្នុង​របស់​គណបក្ស​ភ្លើង​ទៀន គឺ​បាន​ទទួល​ផែនការ​ពី​លោក សម រង្ស៊ី ឱ្យ​ប្រមូល​កម្លាំង​តាម​បណ្តា​ខេត្ត​ឡើង​មក​ទីក្រុង​ភ្នំពេញ​ឱ្យ​បាន​យ៉ាងតិច ៣​ម៉ឺន​នាក់​តាមរយៈ​លោក ជា មុនី ប្រមូល​កម្មករ និង​លោក វន់ ពៅ ប្រមូល PassApp ឱ្យ​បាន​ជាង​មួយ​ពាន់​គ្រឿង ដើម្បី​អុកឡុក​បំផ្លាញ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ និង​អតីត​ប្រធាន​សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ បាន​បដិសេធ​ដាច់អហង្ការ​ចំពោះ​ការ​ចោទប្រកាន់​ថា​ពួក​លោក​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ក្នុង​ការ​រៀបចំ​ផែនការ​នេះ៕