29 C
Phnom Penh

វេទិកា​ពលរដ្ឋ៖ គណបក្ស​ភ្លើង​ទៀន​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា ការ​ដែល​គណបក្ស​ភ្លើង​ទៀន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ និង​ការ​ប្រកាស​ផែនការ​ចូលរួម​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ គឺជា​ការ​ជួយ​បិទបាំង​អំពើ​ខុស​ច្បាប់​របស់​បក្ស​កាន់​អំណាច​ដែល​បាន​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​ថ្ងៃទី​៦ មិថុនា ថា គណបក្ស​ភ្លើង​ទៀន​បាន​ដើរ​ចូល​ទៅ​ក្នុង​អន្ទាក់​នយោបាយ​របស់​បក្ស​កាន់​អំណាច​រួច​ទៅ​ហើយ ព្រោះ​ថា​អ្វី​ដែល​បក្ស​កាន់​អំណាច​ចង់​បាន​បំផុត​នៅ​ពេលនេះ គឺ​ការ​បង្ហាញ​រូបភាព​ពី​ការ​ចូលរួម​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ផ្សេងៗ ស្រប​តាម​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស ជាពិសេស​គឺ​គណបក្ស​ភ្លើង​ទៀន​តែ​ម្តង។

លោក គឹម សុខ អះអាង​ថា ដោយសារ​មាន​ការ​ចូលរួម​ជួយ​ជ្រោមជ្រែង​យ៉ាង​គគ្រឹកគគ្រេង​ពី​គណបក្ស​ក្រៅ​រដ្ឋាភិបាល ជាពិសេស​គឺ​គណបក្ស​ភ្លើង​ទៀន បាន​ជួយ​បំពេញ​មុខ​ឱ្យ​លោក ហ៊ុន សែន យ៉ាង​ខ្លាំង​ក្នុង​ការ​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នេះ ដែល​ជា​ភស្តុតាង​មួយ​អាច​ឱ្យ​បុរស​ខ្លាំង​ក្រាញ​អំណាច​រូប​នេះ​មាន​លេស​ដោះសា​ជាមួយ​សហគមន៍​អន្តរជាតិ​ដែល​បាន​បដិសេធ​ការ​បោះឆ្នោត​នេះ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា នៅ​ពេលនេះ គណបក្ស​ភ្លើង​ទៀន​អាច​អួត​ត្រឹម​ថា​ខ្លួន​ជា​គណបក្ស​ប្រឆាំង​ធំ​ជាងគេ​ក្នុង​ចំណោម​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ផ្សេង​ទៀត​ប៉ុណ្ណោះ តែ​មិនមែន​ជា​គណបក្ស​ដែល​មាន​កម្លាំង​អាច​ដោះស្រាយ​បញ្ហា​ជាតិ ដែល​ជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ និង​ប្រទេស​ជាតិ​នោះ​ឡើយ។ ជាង​នេះ​ទៀត កម្លាំង​របស់​ពួកគេ​នៅ​ពេលនេះ​បាន​ត្រឹម​តែ​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការ​ប៉ុនប៉ង​ធ្វើជា​សមាជិក​រដ្ឋសភា ឬ​សមាជិក​ព្រឹទ្ធសភា​នៅ​អាណត្តិ​ខាង​មុខ​សម្រាប់​មន្ត្រី​ជាន់ខ្ពស់​របស់​បក្ស​នេះ​តែប៉ុណ្ណោះ។

លោក គឹម សុខ លើក​ជា​សំណួរ​ថា តើ​ការ​ចូលរួម​ការ​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ ជា​ថ្នូរ​នឹង​ការ​ដោះដូរ​មិន​ឱ្យ​លោក ហ៊ុន សែន រឹបអូស​យក​ដីធ្លី​របស់​លោក សម រង្ស៊ី ដែល​ប្រើ​ជា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ ឬ​យ៉ាង​ណា?

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅ​កម្ពុជា​ទើប​តែ​ត្រូវ​បាន​បញ្ចប់ ខណៈ​គណបក្ស​ភ្លើង​ទៀន​បាន​ចោទ​ថា​ជា​ការ​បោះឆ្នោត​ដ៏​អាក្រក់ ប៉ុន្តែ​ពួកគេ​នៅតែ​ប្រកាស​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ដដែល។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ​ថា កម្លាំង​អ្នក​ប្រជាធិបតេយ្យ​មិន​អាច​បែកខ្ញែក​គ្នា​បាន​ទេ ប្រសិនបើ​ពួកគេ​ពិត​ជា​មាន​ឆន្ទៈ​ប្រកួតប្រជែង​ជាមួយ​បក្ស​កាន់​អំណាច ដើម្បី​រក​ផលប្រយោជន៍​ជូន​ពលរដ្ឋ​មែន​នោះ ព្រោះ​ថា​បើ​អ្នក​ទាំងនោះ​បែកខ្ញែក​គ្នា គឺ​មាន​តែ​ចាញ់ គ្មាន​សង្ឃឹម​ថា​នឹង​អាច​យក​ឈ្នះ​បក្ស​កាន់​អំណាច​នោះ​ឡើយ។

លោក​បន្ត​ថា បក្ស​ភ្លើង​ទៀន​ដែល​ព្រម​ចូលរួម​ការ​បោះឆ្នោត​នៅ​ពេលនេះ មិន​ត្រឹមតែ​មិន​សង្ឃឹម​ថា​ឈ្នះ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែម​ទាំង​ជាប់​ចំណង​នយោបាយ​របស់​បក្ស​កាន់​អំណាច​ថែម​ទៀត។ លោក​បន្ត​ថា ការ​ចាកចេញ​ពី​ស្មារតី​រួបរួម​របស់​បក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​នាំគ្នា​ចាក់​អង្ករ​យក​អង្កាម​អ៊ីចឹង​ដែរ។

ក្នុង​សន្និសីទ​កាសែត​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២២ ជុំវិញ​លទ្ធផល​បណ្ដោះអាសន្ន​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ នេះ លោក សុន ឆ័យ ដែល​ជា​អនុប្រធាន​គណបក្ស​នេះ បាន​អះអាង​ថា លោក​មិន​ទទួលស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ ប៉ុន្តែ​លោក​នឹង​ទទួល​យក​លទ្ធផល​ដែល​គណបក្ស​ភ្លើង​ទៀន​ទទួល​បាន ហើយ​លោក​ក៏​នឹង​មិន​ធ្វើ​បាតុកម្ម​តវ៉ា​ចំពោះ​លទ្ធផល​នេះ​ដែរ តែ​លោក​នឹង​សុំ​ចរចា​ជាមួយ​បក្ស​កាន់​អំណាច​វិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស