34 C
Phnom Penh

កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ​ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​ចោល​ដើម្បី​យក​ដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រជា​សហគមន៍​អះអាង​ថា កុដិ​លោក​នៅ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​ក្រុម​ទាហាន​ដុត​បំផ្លាញ​រាប​ដល់​ដី ខណៈ​ព្រៃ​សហគមន៍ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» កំពុង​រង​ការ​ឈូស​ឆាយ និង​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុម​ទាហាន និង​ពលរដ្ឋ​មួយ​ចំនួន។

កាលពី​ខែ​ឧសភា ឆ្នាំ​២០២២ ប្រជា​សហគមន៍​បាន​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​កូនប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ជួយ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» ពី​សំណាក់​ក្រុម​ទាហាន​កងទ័ព​ជើងគោក និង​ពលរដ្ឋ​មួយ​ចំនួន​ស្ថិត​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់។ ការ​នាំគ្នា​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​កូនប្រុស​លោក ហ៊ុន សែន នេះ បាន​ធ្វើឡើង​ក្រោយពី​មិន​ទទួល​បាន​ដំណោះស្រាយ​ពី​ក្រសួង​ដែនដី និង​អាជ្ញាធរ​ពាក់ព័ន្ធ ខណៈ​ព្រៃ​តំបន់​នោះ​កំពុង​រង​ការ​ឈូស​ឆាយ។

សមាជិក​សហគមន៍ លោកស្រី ឃន ខន រៀបរាប់​ប្រាប់​សារព័ត៌មាន The Cambodia Daily ថា អ្នក​ដែល​ដុត​បំផ្លាញ​កុដិ​លោក​ជា​ក្រុម​ទាហាន​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រជា​សហគមន៍។ លោកស្រី​បន្ត​ថា មូលហេតុ​ដែល​ក្រុម​ទាហាន​ដុត ដោយសារ​ពួកគេ​មិន​ចង់​ឱ្យ​មាន​អាស្រម​របស់​ព្រះភិក្ខុ​សង្ឃ​ស្ថិត​នៅ​ក្នុង​ព្រៃ​ដែល​កំពុង​មាន​ជម្លោះ ដើម្បី​ពួកគេ​ងាយស្រួល​ក្នុង​ការ​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ ខណៈ​បច្ចុប្បន្ន តំបន់​ព្រៃ​សហគមន៍​ដែល​ព្រះសង្ឃ និង​ពលរដ្ឋ​បាន​ការពារ​ចំនួន ២២​ឆ្នាំ​មក​នេះ កំពុង​រង​ការ​ឈូស​ឆាយ​ដោយ​គ្មាន​ការ​ទប់ស្កាត់​ពី​អាជ្ញាធរ​ឡើយ។

លោកស្រី ឃន ខន ដែល​ធ្លាប់​ត្រូវ​បាន​ក្រុម​ទាហាន​ប្រើប្រាស់​អំពើ​ហិង្សា​បណ្តាល​ឲ្យ​បាក់​ដៃ​អំឡុង​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ដែល​មិន​អើពើ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ ហើយ​បណ្ដោយ​ឱ្យ​ក្រុម​ទាហាន​ចូល​ឈូស​ឆាយ​រំលោភ​យក សូម្បីតែ​ដី​ព្រៃឈើ​ក្នុង​វត្ត​អារាម​ដែល​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខំ​ការពារ​ដើម្បី​ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​ឃើញ និង​ទុក​ជា​ជម្រក​សត្វ ជាដើម។

យ៉ាងណា​ក៏ដោយ ក្រុម​ទាហាន​ដែល​បាន​ដាក់​គ្រឿងចក្រ​ឈូស​ឆាយ និង​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃឈើ​នៅ​តំបន់​នោះ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​លោក ហ៊ុន សែន។

ប៉ុន្តែ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ព្រៃឈើ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» ត្រូវ​បាន​សហគមន៍​តវ៉ា​ចំពោះ​សកម្មភាព​ឈូស​ឆាយដី​ព្រៃឈើ​តំបន់​នោះ ដោយ​ថា​ដី​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ​ជា​ប្រភេទ​តំបន់​ព្រៃស្រោង ជា​ជម្រក​សត្វព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ​ដែល​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​ការពារ​ជាង ២០​ឆ្នាំ​ទៅ​ហើយ។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតារ (២៦២,២៤​ហិកតារ) ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ​សម្រាប់​ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល។

បើ​តាម​ញត្តិ​ដែល​ពលរដ្ឋ​ដាក់​ទៅ​ទីស្នាក់ការ​រដ្ឋសភា មណ្ឌល​ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា នេះ លើកឡើង​ថា កាលពី​ឆ្នាំ​២០០៣ ផ្ទៃដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​មាន​ទំហំ ២៤៣៣​ហិកតារ ដោយ​មាន​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន ២៥៣​គ្រួសារ ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​គ្រួសារ​ទាហាន «ង៧០» អស់​ជាច្រើន​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដី​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ប្រហែល ៩០០​ហិកតារ​ប៉ុណ្ណោះ និង​កំពុង​ទទួល​រង​ការ​កាប់​ទន្ទ្រាន និង​ដុត​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស