គណបក្ស​ប្រជាជន​កម្ពុជា

នយោបាយ

បក្ស​កាន់​អំណាច​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​ដាក់​យុទ្ធសាស្ត្រ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០២៣

By ឌឹ ខេមបូឌា ដេលី

June 10, 2022

គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​បក្ស​នៅ​ពាក់​កណ្ដាល​ខែ​កក្កដា ឆ្នាំ​២០២២ ក្រោយពី​លទ្ធផល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មីៗ​ទទួល​បាន​អាសនៈ​ច្រើន​លើសលប់​នៅ​ទូទាំង​ប្រទេស ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ។

សេចក្តី​ជូនដំណឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦-១៧ ខែ​កក្កដា ឆ្នាំ​២០២២។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​សន្និបាត​វិសាមញ្ញ​នៅ​ខែ​កក្កដា ខាង​មុខ អាច​លើក​យក​ប្រធានបទ​ពាក់ព័ន្ធ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ ក្រោយពី​ឆ្លងកាត់​បទពិសោធន៍​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ដែល​នាំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​អាសនៈ​ច្រើន​លើសលប់។

លោក សុខ ឥសាន បន្ថែម​ថា នឹង​លើក​ចំណុច​ខ្លាំង​ចំណុច​ខ្សោយ​ដែល​ទទួល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់ និង​ដាក់​ទិសដៅ ដើម្បី​ទៅ​ដណ្ដើម​យក​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ទៀត។

យ៉ាងណា​ក៏ដោយ ការ​រៀបចំ​ធ្វើ​សន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​បន្ទាប់ពី​កម្ពុជា​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​មាន​គណបក្ស​ចំនួន ១៧ ចូលរួម​ប្រកួត ប៉ុន្តែ​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​តំណែង​មេឃុំ​មាន​តែ​គណបក្ស​ភ្លើង​ទៀន និង​គណបក្ស​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។ ក្នុង​នោះ គណបក្ស​ភ្លើង​ទៀន​ទួល​បាន​តំណែង​មេឃុំ​ចំនួន​៤ នៅ​ទូទាំង​ប្រទេស ខណៈ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​ឈ្នះ​លើសលប់ ពោល​គឺ​ជាង ១៦០០​ឃុំ-សង្កាត់​ក្នុង​ចំណោម ១៦៥២​ឃុំ-សង្កាត់​នៅ​ទូទាំង​ប្រទេស។

ប៉ុន្តែ​ការ​បោះឆ្នោត​នេះ ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន ចាត់ទុក​ថា​ប្រព្រឹត្ត​ទៅ​មិន​សេរី មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌ ដោយ​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​ឡើយ ដោយសារ​បេក្ខជន​បក្ស​នេះ​បាន​ទទួល​ការ​គាប​សង្កត់ បំភិតបំភ័យ​ចាប់តាំងពី​ការ​រៀបចំ​បញ្ជី​បេក្ខជន​រហូត​ដល់​ការ​ដាក់​បញ្ជី​អ្នក​សង្កេតការណ៍ ហើយ​រាល់​សកម្មភាព​កៀរគរ​ពលរដ្ឋ​តាមរយៈ​ការ​ទិញ​សន្លឹកឆ្នោត តាមដាន សម្លុត គំរាម​មាន​ជា​ហូរហែ​ដោយ​មិន​មាន​ការ​អង្កេត និង​ហាមប្រាម​ពី គ.ជ.ប នោះ​ទេ។

ក្រោយពី​ការ​បោះឆ្នោត និង​ដឹង​លទ្ធផល​នោះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ស ខេង បាន​ផ្ដល់​ស្រាបៀ​ចំនួន ១​ម៉ឺន​កេស​សម្រាប់​ឃុំ-សង្កាត់​នៅ​ក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង ខណៈ​ខេត្ត​ទាំង​ពីរ​នេះ​បាន​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​នេះ។

ពាក់ព័ន្ធ​នឹង​រឿង​បោះឆ្នោត​នេះ កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥​ស្ថាប័ន ស្នើ​ទៅ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការ​បោះឆ្នោត រួម​ទាំង​ត្រូវ​ពង្រឹង​ពី​អព្យាក្រឹតភាព​របស់​មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។

ការ​ស្នើ​ទៅ​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ភាគី​ពាក់ព័ន្ធ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​រក​ឃើញ​នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​អំឡុង​ពេល​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២៕