អ្នកតាមដានស្ថានការណ៍កម្ពុជា អះអាងថា ក្រុមចារកិច្ចសម្ងាត់បានវាយតម្លៃថា ចិនកំពុងប្រើប្រាស់ទំនាក់ទំនងជាមួយកម្ពុជាឆ្ពោះទៅរកគោលដៅប្រើប្រាស់តំបន់រាម និងប្រទេសកម្ពុជាទាំងមូល ដើម្បីបម្រើភូមិសាស្ត្រនយោបាយរបស់ខ្លួនក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់។
អ្នកតាមដានស្ថានការណ៍កម្ពុជា លោក សុខ សុគន្ធ បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៨ ខែមិថុនា ថា ចំណោទអំពីមូលដ្ឋានជើងទឹករាម គ្រាន់តែជាចំណុចតូចមួយប៉ុណ្ណោះ ប៉ុន្តែចំណុចសំខាន់នោះគឺនៅត្រង់ថា ផ្ទៃដីកម្ពុជាទាំងមូលទើបជាចំណុចធំដែលត្រូវបានគេវាយតម្លៃថា ចិនកំពុងត្រូវការដើម្បីប្រើប្រាស់ជាភូមិសាស្ត្រនយោបាយក្នុងការពង្រីកឥទ្ធិពលក្នុងតំបន់របស់ពួកគេ។
លោក សុខ សុគន្ធ អះអាងថា តាមការលើកឡើងរបស់លោក ទៀ បាញ់ ក្នុងពិធីបើកការដ្ឋានជួសជុលមូលដ្ឋានសមុទ្ររាម កាលពីថ្ងៃពុធ ទី៨ មិថុនា កន្លងទៅនេះ បានបញ្ជាក់ពីការចូលខ្លួនរបស់ក្រុមហ៊ុនចិន ដើម្បីជួសជុលមូលដ្ឋានជើងទឹករាម និងលក្ខខណ្ឌដែលមិនអនុញ្ញាតឱ្យចូលមើលមូលដ្ឋានជើងទឹកនេះ ក្រោយពេលជួសជុលរួច។ លោក សុខ សុគន្ធ ចាត់ទុកថាចំណុចទាំងនេះគឺជាចំណុចដែលគួរឱ្យមានការសង្ស័យពីការលាក់កំបាំងនូវការបញ្ជូនកងទ័ពចិន ចូលទៅកាន់តំបន់រាមតាមរយៈក្រុមហ៊ុនចិនម៉ៅការសាងសង់នេះយ៉ាងខ្លាំង។
លោក សុខ សុគន្ធ ឆ្ងល់ថា ក្រុមហ៊ុនចិនដែលចូលទៅសាងសង់ និងជួសជុលនៅមូលដ្ឋានជើងទឹករាម គ្រាន់តែជាជាងធម្មតា ឬជាកងទ័ពដែលប្រើឯកសណ្ឋានក្រុមហ៊ុន ដើម្បីបន្លំចូលទៅឈរជើងនៅទីនោះ? ជាងនេះទៀត តើកម្ពុជាមាននាវាធុនធ្ងន់ច្រើនប៉ុន្មានគ្រឿងសម្រាប់ជួសជុល ស្របពេលដែលកម្ពុជាពេលនេះមានតែនាវាធុនមធ្យមដែលមិនដំណើរការប្រមាណជា ៣ ទៅ ៤គ្រឿងប៉ុណ្ណោះ។ ចំណែកនាវាល្បាតដែលកម្ពុជាកំពុងដំណើរការសព្វថ្ងៃនេះ គឺជានាវាធុនស្រាលប៉ុណ្ណោះ។
អ្នកតាមដានស្ថានការណ៍កម្ពុជារូបនេះលើកឡើងថា បើកការដ្ឋានសាងសង់រោងជាងដើម្បីជួសជុលផែសំចតនៅមូលដ្ឋានសមុទ្ររាម ទំនងជាធ្វើឡើងដើម្បីរង់ចាំទទួលនាវានេសាទដែលប្រើប្រាស់ដោយកងទ័ពជើងទឹកប្រជាជនចិន ដែលមានប្រមាណជាង ៤០០គ្រឿង ដែលមានគោលដៅឆ្លងកាត់តាមដែនសមុទ្រថៃ ចូលមកកម្ពុជា ដោយយកលេសថាមកជួសជុលក្នុងរោងជាងរបស់ពួកគេនៅមូលដ្ឋានសមុទ្ររាមនេះ។
លោក សុខ សុគន្ធ បញ្ជាក់ថា នៅពេលដែលចិនចាប់ផ្តើមបញ្ជូននាវាកងទ័ពជើងទឹកប្រជាជនចិនចេញចូល និងរាតត្បាតនៅដែនសមុទ្រថៃ និងកម្ពុជា កាន់តែទូលំទូលាយហើយនោះ សមិទ្ធផលនានារបស់រដ្ឋាភិបាលចិន នឹងកើតឡើងជាបន្តបន្ទាប់ ដូចជាស្ថានីយផ្កាយរណប ជាដើម ដែលនឹងត្រូវសាងសង់លើទឹកដីប្រទេសមួយចំនួនដែលចិនកាន់កាប់ ដូចជាកម្ពុជា ជាដើម ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងដែនសមុទ្រចិនខាងត្បូង។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីការបរទេសកម្ពុជា បានបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់អំពីមានវត្តមានកងទ័ពជើងទឹកចិននៅមូលដ្ឋានជើងទឹករាមរបស់កម្ពុជានៅពេលនេះ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា មូលដ្ឋានសមុទ្ររាមនេះ គឺជាចំណុចគ្រោះថ្នាក់សម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់ ព្រមទាំងមហាអំណាចសហរដ្ឋអាមេរិកផងដែរ បើសិនកម្ពុជាលួចឃុបឃិតប្រគល់មូលដ្ឋានជើងទឹករាមនេះឱ្យទៅចិនគ្រប់គ្រងក្នុងលក្ខខណ្ឌណាមួយនោះ។
លោកបញ្ជាក់ថា សហរដ្ឋអាមេរិកនៅតែមិនទុកចិត្តកម្ពុជានោះទេ បើទោះបីជារដ្ឋាភិបាលលោក ហ៊ុន សែន បានប្ដេជ្ញាគ្រប់គ្រងមូលដ្ឋានជើងទឹករាមរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាក៏ដោយ។
ជុំវិញបញ្ហានេះ ស្ថានទូតចិន បានអះអាងកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ថា មិត្តភាពចិន និងកម្ពុជា មានប្រវត្តិយូរអង្វែង និងរឹងមាំមិនអាចបំបែកបាន ហើយគម្រោងជួសជុលនៅមូលដ្ឋានជើងទឹករាមដែលជាជំនួយឥតសំណងរបស់ភាគីចិន គឺជាសមិទ្ធផលផ្លែផ្កានៃការគោរពគ្នាទៅវិញទៅមក និងសមស្របតាមច្បាប់នៃប្រទេសទាំងពីរផងដែរ។
អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ប្រាប់សារព័ត៌មានក្នុងស្រុកថា កម្ពុជាគួរតែបង្ហាញតម្លាភាពក្នុងការលាងជម្រះនូវមន្ទិលសង្ស័យនៅទីតាំងការដ្ឋានធ្វើទំនើបកម្មកំពង់ផែរាម ដែលចិនជាអ្នកជួយឧបត្ថម្ភ។ លោកថា បើកម្ពុជាស្ថិតក្នុងបរិបទនៃការមន្ទិលសង្ស័យរបស់សហរដ្ឋអាមេរិក កម្ពុជានឹងមិនមានភាពល្អប្រសើរឡើយលើវិស័យនយោបាយការទូត នយោបាយសន្តិសុខជាតិ និងសន្តិសុខសណ្ដាប់ធ្នាប់ក្នុងតំបន់ និងនៅលើសកលលោក។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឧបការីការបរទេសសហរដ្ឋអាមេរិក អ្នកស្រី Wendy R. Sherman បានជំរុញឲ្យកម្ពុជាអនុវត្តនូវធម្មនុញ្ញរបស់ខ្លួនឲ្យបានល្អជុំវិញការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីវត្តមានកងទ័ពចិននៅមូលដ្ឋានជើងទឹករាមរបស់កម្ពុជាសព្វថ្ងៃនេះ៕