ទាហាន​អ៊ុយក្រែន​នៅ​តំបន់ Donetsk ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២។ (រូបថត៖ Reuters)

ព័ត៌មានអន្តរជាតិ

៤០​ថ្ងៃ​នៃ​សង្គ្រាម​នៅ​តំបន់​ដុនបាស គឺ​រុស្ស៊ី​មិន​ទាន់​អាច​កាន់កាប់​ដែនដី​ណា​មួយ​នៅ​ឡើយ

By ឌឹ ខេមបូឌា ដេលី

June 11, 2022

ចាប់តាំងពី​រុស្ស៊ី ដក​ទ័ព​របស់​ខ្លួន​ចេញពី​ភាគ​ខាងជើង​ប្រទេស ដោយសារតែ​វាយ​កាន់កាប់​រដ្ឋធានី​គៀវ មិន​បាន ដោយ​សម្រេច​ប្រមូល​ទ័ព​មក​វាយ​យក​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​តំបន់​ដុនបាស ដែល​មក​ដល់​ពេលនេះ​មាន​រយៈពេល ៤០​ថ្ងៃ​មក​ហើយ គឺ​កងទ័ព​រុស្ស៊ី នៅតែ​មិន​អាច​វាយ​យក​បាន​ទីតាំង​ណា​មួយ​ពិតប្រាកដ​ពី​កងទ័ព​អ៊ុយក្រែន នៅឡើយ។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​មក​ថា ស្រុក​មួយ​នៅ​ក្នុង​ខេត្ត Luhansk គឺ​ស្រុក Severodonetsk កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​វាយ​ប្រយុទ្ធ​គ្នា​មិន​បង្អង់​ឡើយ។ កងទ័ព​ទាំង​ពីរ​បង្កើន​ការ​វាយ​ប្រយុទ្ធ​គ្នា​យ៉ាង​សហាវ​បំផុត ដោយ​កងទ័ព​ស្លាប់​ទាំង​សងខាង​ចំនួន​ពី ១៥០​នាក់​ដល់​ទៅ ៣០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ភាគី​អ៊ុយក្រែន អះអាង​ថា ក្នុង​សមរភូមិ​នេះ កងទ័ព​ទាំង​ពីរ​ប្រទេស​នេះ​ប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ណាស់​អស់​រយៈពេល ២​សប្ដាហ៍​មក​ហើយ ដែល​នៅ​ថ្ងៃ​ខ្លះ កងទ័ព​អ៊ុយក្រែន​ស្លាប់​ដល់​ទៅ ១៥០ ទៅ ២០០​នាក់ ហើយ​ចំណែក​កងទ័ព​រុស្ស៊ី​ស្លាប់​ពី ២៥០ ទៅ ៣០០​នាក់។

នៅ​សមរភូមិ​ភាគ​ខាងកើត​ប្រទេស​អ៊ុយក្រែន នេះ សម្រាប់​រុស្ស៊ី បាន​បង្កើន​កងទ័ព​ដល់​ជាង ១០​ម៉ឺន​នាក់​ហើយ ចំណែក​អ៊ុយក្រែន បាន​បង្កើន​ទ័ព​ជាង ៥​ម៉ឺន​នាក់។ តាម​អភិបាល​ខេត្ត Luhansk លោក Serhiy Haidai ឲ្យ​ដឹង​ថា ភាគី​រុស្ស៊ី វាយ​សន្ធប់​យ៉ាង​ខ្លាំង​ដើម្បី​កាន់កាប់​ស្រុក Severodonetsk ដែល​ជា​តំបន់​ឧស្សាហកម្ម​ដ៏​សំខាន់​របស់​អ៊ុយក្រែន នៅ​តំបន់​នេះ។ លោក​ថា រុស្ស៊ី​ប្រើ​គ្រប់​មធ្យោបាយ​នៃ​សង្គ្រាម​ទាំងអស់ មាន​ទាំង​យន្តហោះ​ចម្បាំង រថក្រោះ កាំភ្លើង​ធំ និង​ទ័ព​មីស៊ីល ដោយ​បាន​បាញ់​ស្រោច​មក​លើ​កងទ័ព​អ៊ុយក្រែន។

លោក​បញ្ជាក់​ថា សូម្បីតែ​សាលារៀន មន្ទីរពេទ្យ ទីផ្សារ​របស់​ប្រជាជន ក៏​រង​ការ​វាយប្រហារ​ផង​ដែរ។ លោក​ថា កងទ័ព​រុស្ស៊ី វាយប្រហារ​មិន​រើស​គោលដៅ​នោះ​ទេ ទោះ​តំបន់​នោះ​មាន​ជនស៊ីវិល​រស់នៅ ក៏​កងទ័ព​រុស្ស៊ី​វាយប្រហារ​ដែរ។ ក្នុង​រយៈពេល ១០៧​ថ្ងៃ​ហើយ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន បណ្តាល​ឲ្យ​ភាគី​ទាំង​សងខាង​នៅតែ​លាក់បាំង​ការ​ស្លាប់​កងទ័ព​របស់​ពួកគេ​រៀងៗ​ខ្លួន។

អ៊ុយក្រែន អះអាង​ថា កងទ័ព​រុស្ស៊ី​បាន​ស្លាប់​ដល់​ទៅ​ជាង ៣១៩០០​នាក់ រថក្រោះ​ត្រូវ​បាន​បាញ់​កម្ទេច និង​រឹបអូស​បាន​ចំនួន ១៤០៩​គ្រឿង រថពាសដែក ៣៤៥០​គ្រឿង រថយន្ត​ដឹក​កងទ័ព ២៤៣៨​គ្រឿង ប្រព័ន្ធ​កាំភ្លើង​ធំ ៧១២​គ្រឿង ប្រព័ន្ធ​រ៉ុក្កែត ២២២​គ្រឿង ប្រព័ន្ធ​បាញ់​យន្តហោះ ៩៧​គ្រឿង បាញ់​ធ្លាក់​យន្តហោះ​ចម្បាំង ២១២​គ្រឿង ឧទ្ធម្ភាគចក្រ ១៧៨​គ្រឿង យន្តហោះ Drones ៥៧២​គ្រឿង និង​នាវាចម្បាំង ១៣​គ្រឿង។

នេះ​ជា​តួលេខ​ដែល​បង្ហាញ​អំពី​ការ​ខូចខាត​សព្វាវុធ និង​កងទ័ព​រុស្ស៊ី ដែល​ជា​ការ​ចុះផ្សាយ​ដោយ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន។ ចំណែក​ឯ​ភាគី​រុស្ស៊ី​វិញ មិន​បាន​បង្ហាញ​តួលេខ​ខាង​ភាគី​អ៊ុយក្រែន នោះ​ទេ។

បើ​និយាយ​អំពី​សង្គ្រាម​នៅ​តំបន់​ដុនបាស លោក​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskyy បាន​អះអាង​ថា គឺជា​សមរភូមិ​ចុងក្រោយ​របស់​រុស្ស៊ី គឺ​ថា​បើ​រុស្ស៊ី​មិន​អាច​វាយ​កាន់កាប់​បាន​ទេ រុស្ស៊ី​អាច​នឹង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក ហើយ​នឹង​បង្កើត​ផែនការ​ថ្មី​ទៀត។

បើ​តាម​ការ​គិត​របស់​លោក Zelenskyy គឺ​រុស្ស៊ី​នឹង​ប្រើ​មធ្យោបាយ​ថ្មី​ទៀត គឺ​អាច​វាយប្រហារ​ចេញពី​លំហ​សមុទ្រ​ខ្មៅ​ដោយ​បាញ់​មីស៊ីល​ពី​នាវាចម្បាំង និង​នាវា​មុជទឹក​ទៅ​លើ​ទីតាំង​នៅ​ភាគ​ខាងជើង និង​ភាគ​ខាងលិច ហើយ​ចំណែក​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស គឺ​រុស្ស៊ី​មិន​ដក​កម្លាំង​ទៅវិញ​នោះ​ទេ លើកលែងតែ​កងទ័ព​អ៊ុយក្រែន​វាយ​រុញច្រាន​ឲ្យ​ត្រឡប់​ទៅវិញ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​រូប​នេះ​បញ្ជាក់​ថា តំបន់ Severodonetsk គឺជា​សមរភូមិ​ចុងក្រោយ​របស់​កងទ័ព​រុស្ស៊ី ដែល​លោក​ថា បើ​ទ័ព​រុស្ស៊ី​មិន​អាច​វាយ​កាន់កាប់​បាន គឺ​តំបន់​ផ្សេងៗ​ទៀត ទ័ព​រុស្ស៊ី​នឹង​មិន​មាន​ស្មារតី​ប្រយុទ្ធ​ស្វិតស្វាញ​នោះ​ទេ។ តែ​លោក​ទទូច​ថា ដោយសារតែ​អាវុធ​របស់​បស្ចិម​ប្រទេស​នេះ​ហើយ បាន​នាំ​ឲ្យ​កងទ័ព​អ៊ុយក្រែន​មាន​លទ្ធភាព និង​សមត្ថភាព​ខ្លាំង​ទប់ទល់​នឹង​អាវុធ​ទំនើបៗ​របស់​រុស្ស៊ី។ លោក​សូម​គោរព និង​កោត​សរសើរ​ដល់​កងទ័ព​អ៊ុយក្រែន ដែល​បាន​ប្រយុទ្ធ​ដ៏​អង់អាច​ក្លាហាន​ការពារ​ដែនដី​របស់​ខ្លួន។ លោក​សូម​គោរព​ផង​ដែរ​ដល់​ប្រជាជន​អ៊ុយក្រែន​នៅ​តំបន់​ដុនបាស ដែល​បាន​ឱ្យ​កូនចៅ​របស់​ពួកគេ​កាន់​អាវុធ​ប្រយុទ្ធ​នឹង​សត្រូវ​ឈ្លានពាន។ លោក​បញ្ជាក់​ថា ដុនបាស​គឺ​នៅតែ​ជា​ទឹកដី​របស់​អ៊ុយក្រែន។

លោក​បន្ត​ថា ដុនបាស​មិន​អាច​ក្លាយ​ជា​ទឹកដី​របស់​អ្នក​ឈ្លានពាន​ឡើយ។

លោក​ប្រធានាធិបតី​អ៊ុយក្រែន​ដែល​ប្រែ​ក្លាយ​ឆាកជីវិត​ពី​តារា​កំប្លែង​មក​ជា​ប្រធានាធិបតី តែងតែ​សច្ចា​ថា នឹង​មិន​បណ្ដោយ​ឱ្យ​ទឹកដី​អ៊ុយក្រែន ក្លាយ​ជា​របស់​ប្រទេស​ឈ្លានពាន​ឡើយ ទោះ​ជា​កាលៈទេសៈ​ណា​ក៏ដោយ។

សម្រាប់​លោក Zelenskyy ការ​ប្រគល់​ទឹកដី​ឱ្យ​ប្រទេស​ឈ្លានពាន​ជា​ថ្នូរ​នឹង​សន្តិភាព ជា​ថ្នូរ​នឹង​ការ​ពង្រឹង​អំណាច​ដើម្បី​គ្រួសារ បក្សពួក គឺជា​អំពើ​ក្បត់​ជាតិ​ដែល​លោក​មិន​អាច​ធ្វើ​បាន​ឡើយ ទោះជា​លោក​ត្រូវការ​ចរចា​ដើម្បី​ពន្លត់​ភ្លើង​សង្គ្រាម​ក៏ដោយ៕