អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​លោក សម រង្ស៊ី

នយោបាយ

លោក សម រង្ស៊ី ទាមទារ​ឱ្យ​លោក កឹម សុខា បកស្រាយ​រឿង​បង្ហោះ​សារ​មិន​ទៅ​បោះឆ្នោត

By ឌឹ ខេមបូឌា ដេលី

June 11, 2022

លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​និរទេស​គេច​ពី​ការ​ចាប់​ខ្លួន​របស់​តុលាការ ហើយ​ដែល​តែង​និយាយ​មិន​ដាច់​ពី​មាត់​ថា «សម រង្ស៊ី និង កឹម សុខា ជា​មនុស្ស​តែ​មួយ ជា​ដៃគូ​មិន​បែក​គ្នា» បាន​ធ្វើ​ការ​រិះគន់​សម្ពន្ធមិត្ត​នយោបាយ​របស់​ខ្លួន​ជា​លើកដំបូង ដោយ​ទាមទារ​ឲ្យ​លោក កឹម សុខា បកស្រាយ​ចំពោះ​ការ​លើកឡើង​ថា «លោក​មិន​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​គណបក្ស​ណា​ដែល​ត្រូវ​បោះ​ឲ្យ»

ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ លោក សម រង្ស៊ី បាន​ចាត់ទុក​សម្ដី​របស់​លោក កឹម សុខា ដែល​និយាយ​ថា «ភ្លើង​ទៀន​មិន​ខុសពី​គណបក្ស​ប្រជាជន​កម្ពុជា» ប្រៀប​ដូចជា​ជេរប្រមាថ​មើលងាយ​អ្នក​ប្រជាធិបតេយ្យ និង​អ្នក​ស្នេហា​ជាតិ​ដែល​បាន​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ។ លោក​សង្ឃឹម​ថា លោក កឹម សុខា នឹង​ភ្ញាក់​រឭក​ថា បក្ស​ភ្លើង​ទៀន​គ្រាន់បើ​ជាង​គណបក្ស​ប្រជាជន​ឆ្ងាយ​ណាស់។ លោក សម រង្ស៊ី ក៏​បាន​បន្ទោស​លោក កឹម សុខា ថា​មាន​កំហុស​ធ្ងន់​ណាស់​ដែល​មិន​ព្រម​ចេញ​ទៅ​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ុន កុសល បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា លោក កឹម សុខា ប្រើប្រាស់​សិទ្ធិ​មិន​ទៅ​បោះឆ្នោត​ដោយសារ​លោក​មើល​ឃើញ​ថា គ្មាន​បក្ស​នយោបាយ​ណា​អាច​ទុកចិត្ត​បាន។ លោក​បន្ត​ថា លោក កឹម សុខា មិន​បាន​ប្រៀបធៀប​បក្ស​ភ្លើង​ទៀន​ទៅ​នឹង​បក្ស​ប្រជាជន​កម្ពុជា ឬ​យក​បក្ស​ប្រជាជន​មក​ប្រៀបធៀប​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដូច​ការ​ចោទប្រកាន់​របស់​លោក សម រង្ស៉ី នោះ​ទេ។ លោក​បន្ត​ថា ការ​ចោទប្រកាន់​របស់​លោក សម រង្ស៊ី ធ្វើឡើង​ក្នុង​ចេតនា​ទុច្ចរិត​មួលបង្កាច់​លោក កឹម សុខា ដោយ​គ្រាន់តែ​ប្រើ​សិទ្ធិ​មិន​ទៅ​បោះឆ្នោត។

លោក ហ៊ុន កុសល អះអាង​ថា អ្នក​ដែល​ត្រូវ​ភ្ញាក់​រឭក​នោះ គឺ​លោក សម រង្ស៉ី ទៅវិញ​ទេ ព្រោះ​លោក កឹម សុខា មិន​បាន​បំបែក​ខ្លួន​ចេញពី​ស្មារតី​រួបរួម​សង្គ្រោះ​ជាតិ​ទៅ​ចូលរួម​បោះឆ្នោត ដើម្បី​គ្រាន់តែ​បង្កើត​រូបភាព​ប្រជាធិបតេយ្យ​គ្មាន​ខ្លឹមសារ​ជាមួយ​អ្នក​សម្លាប់​ប្រជាធិបតេយ្យ​នោះ​ទេ។

កាលពី​ថ្ងៃទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក កឹម សុខា បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក សម រង្ស៊ី និង​សហការី​នៅតែ​បន្ត​យក​ឈ្មោះ និង​រូបថត​របស់​លោក​ទៅ​ប្រើប្រាស់​ភ្ជាប់​ជាមួយ​សកម្មភាព​នានា ដែល​លោក​ថា «មិន​មាន​ការ​អនុញ្ញាត ឬ​ការ​គាំទ្រ» ពី​រូបលោក​ឡើយ។

លោក​សរសេរ​ថា លោក សម រង្ស៊ី និង​សហការី​បាន​ដើរ​ចេញពី​គោលការណ៍ និង​ស្មារតី​ដើម​នៃ​ការ​រួបរួម​ទៅ​បង្កើត​ចលនា​នយោបាយ​ផ្សេងៗ និង​មុខតំណែង​របស់​ខ្លួនឯង ជាពិសេស​ថ្មីៗ​នេះ គឺ​ការ​ត្រឡប់​ទៅ​គាំទ្រ​ដោយ​ចំហ ឬ​នៅ​ពីក្រោយ​ការ​ដឹកនាំ​គណបក្ស​នយោបាយ​ចាស់​របស់​ពួកគេ គឺ​គណបក្ស​ភ្លើង​ទៀន។ លោក​បញ្ជាក់​ថា ទង្វើ​របស់​ពួកគេ​សបញ្ជាក់​ឲ្យ​ឃើញ​ថា «សម រង្ស៊ី និង កឹម សុខា» មិន​មែន​ជា​មនុស្ស​តែ​មួយ​ទៀត​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងអស់​នេះ​មិន​មាន​ការ​គាំទ្រ ឬ​ជា​ជំហរ​របស់​លោក​ឡើយ។

លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដក​សិទ្ធិ​ធ្វើ​នយោបាយ​ជាង ៤​ឆ្នាំ​មក​ហើយ​ចាប់ពី​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​ចូល​ចាប់​ខ្លួន​ទាំង​យប់​នៅ​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ អំឡុង​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ក្រោម​បទ​ចោទ​ថា «គប់គិត​ជាមួយ​បរទេស​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល» ខណៈ​គណបក្ស​ប្រឆាំង​មួយ​នេះ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​ជាង ៤៣​ភាគរយ ប្រហាក់ប្រហែល​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ​នោះ។

បច្ចុប្បន្ន លោក កឹម សុខា ត្រូវ​បាន​តុលាការ​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​តាមដាន​មិន​ឱ្យ​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ ដែល​ការណ៍​នេះ​ជំរុញ​ឱ្យ​ក្រុម​ប្រទេស​លោក​សេរី​ដែល​នាំមុខ​គេ​ដោយ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ចង់​ឃើញ​កម្ពុជា​វិល​ទៅ​រក​ការ​ផ្សះផ្សា​ជាតិ ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​ឡើងវិញ​តាមរយៈ​ការ​បើក​ផ្លូវ​ឱ្យ​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ​បាន​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​ឡើងវិញ៕