29 C
Phnom Penh

អង្គការ​សង្គម​ស៊ីវិល​ថា​ក្រុម​ទាហាន​«ង៧០»​បន្ត​ឈូស​ឆាយ​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ហៅ​កាត់​ថា CHRAC ថា​ក្រុម​ទាហាន​បន្ត​ប្រើ​កម្លាំង​កម្មករ​ឱ្យ​ចូល​ទៅ​កាប់​រុករាន​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ បាន​ប្រហែល ១០០​ម៉ែត្រ​បន្ត​ទៀត បន្ទាប់ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចុះ​ត្រួតពិនិត្យ​រួម​គ្នា​កន្លងមក។

អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា បាន​អះអាង​កាលពី​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២២ ថា ការ​រុករាន​កាន់កាប់​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់ ពី​សំណាក់​ក្រុម​ទាហាន​មួយ​ក្រុម​ដែល​អះអាង​ថា ខ្លួន​ជា​យោធា​កង​រថក្រោះ «ង៧០» បាន​ឈាន​ដល់​ដំណាក់កាល​ចុះ​ត្រួតពិនិត្យ​ពី​តំណាង​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ការ​ចូលរួម​ពី​តំណាង​អភិរក្ស​តំបន់​អភិរក្ស​សត្វព្រៃ​ឱរ៉ាល់ ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងជោរ តំណាង​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (Licadho) ខេត្ត​កំពង់ស្ពឺ ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា សកម្មភាព​ចុះ​ពិនិត្យ​ការ​កាប់​រុករាន​ព្រៃ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ឧត្តម​ស្រែ​ពស់​នេះ ក៏​បាន​ជួប​ជាមួយ​តំណាង​សហគមន៍​ចំនួន ៥០​នាក់​ផង​ដែរ ដែល​ពួកគេ​អះអាង​ថា តំបន់​ការពារ​ធម្មជាតិ​របស់​សហគមន៍​កំពុង​រង​ការ​កាប់​រុករាន​ពី​សំណាក់​ទាហាន​ទាំងនោះ​មិន​ទាន់​បញ្ឈប់​នោះ​ទេ។

ការ​ចុះ​ពិនិត្យ​នេះ ក៏​មាន​ការ​រារាំង​ពី​ពួក​ទាហាន​ដែល​ការពារ​នៅ​ទីនោះ​យ៉ាង​ខ្លាំង​ផង​ដែរ ក្នុង​នោះ​តំណាង​ក្រុម​ប្រឹក្សា​ឃុំ​ត្រពាំងជោរ ត្រូវ​បាន​ទាហាន​ម្នាក់​ប្រមាថ​ទះកំភ្លៀង​ថែម​ទៀត​ផង។

អង្គការ CHRAC បញ្ជាក់​ថា ចាប់តាំងពី​ការ​ចុះ​អង្កេត​លើក​ទី​មួយ​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ តំណាង​សហគមន៍ ១០​នាក់ ព្រមទាំង​ព្រះ​ចៅអធិការ​អាស្រម​ព្រៃ​មេត្តា​ធម្មជាតិ ព្រះ​ភិក្ខុ ព្រហ្ម សុជាតិ ផង​ដែរ ត្រូវ​ក្រុម​ទាហាន​ទាំងនោះ​ប្រាប់​ថា ពួកគេ​បាន​ដាក់​សញ្ញា​កំណត់​ព្រំប្រទល់​ដី​រួច​ហើយ ដូច្នេះ​ពួកគេ​នឹង​មិន​ទន្ទ្រាន​ចូល​ទៀត​នោះ​ទេ ប៉ុន្តែ​មក​ដល់​ថ្ងៃទី​៨ មិថុនា ថ្មីៗ​នេះ ពួកគេ​នៅតែ​បន្ត​កាប់​រុករាន​ចូល​កាប់​ឆ្ការ​ព្រៃ​ក្នុង​ដី​សហគមន៍​ដដែល។

កាលពី​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​អនុក្រឹត្យ​មួយ​កាត់​ដី​ទំហំ​ជាង ២៦០​ហិកតារ (២៦២,២៤​ហិកតារ) ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ស្ថិត​នៅ​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ទៅ​ឱ្យ​គ្រួសារ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក និង​ពលរដ្ឋ​ចំនួន ៤១​គ្រួសារ សម្រាប់​ធ្វើ​លំនៅឋាន និង​បង្កបង្កើនផល។

ប៉ុន្តែ​ការ​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នៅ​តំបន់​ព្រៃឈើ «ឧត្ដម​ស្រែ​ពស់ និង​ព្រៃ​មេត្តា​ធម្មជាតិ» ត្រូវ​បាន​សហគមន៍​តវ៉ា​ចំពោះ​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃឈើ​តំបន់​នោះ ដោយ​ថា​ដី​ព្រៃ​សហគមន៍​ទាំង​ពីរ​នេះ​ជា​ប្រភេទ​តំបន់​ព្រៃស្រោង ជា​ជម្រក​សត្វព្រៃ​ជាច្រើន​ប្រភេទ​កំពុង​រស់នៅ ជាពិសេស​ប្រភេទ​សត្វព្រៃ​ជិត​ផុត​ពូជ ដែល​ពលរដ្ឋ និង​ព្រះសង្ឃ​បាន​ការពារ​ជាង ២០​ឆ្នាំ​មក​ហើយ។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ​នេះ ពលរដ្ឋ​បាន​ដាក់​ញត្តិ​ទៅ​ទីស្នាក់ការ​រដ្ឋសភា​ខេត្ត​កំពង់ស្ពឺ បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៣ ផ្ទៃដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​មាន​ទំហំ​ជាង ២​ពាន់​ហិកតារ (២៤៣៣​ហិកតារ) ដោយ​មាន​ពលរដ្ឋ​អាស្រ័យ​ផល​ចំនួន ២៥៣​គ្រួសារ ហើយ​នៅ​ចន្លោះ​ឆ្នាំ​២០០៨ និង​ឆ្នាំ​២០១៧ អាជ្ញាធរ​បាន​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន និង​ក្រុម​គ្រួសារ​ទាហាន «ង៧០» អស់​ជាច្រើន​ហិកតារ​ផង​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដី​ព្រៃ​សហគមន៍​នេះ​នៅ​សល់​ប្រហែល ៩០០​ហិកតារ​ប៉ុណ្ណោះ និង​កំពុង​ទទួល​រង​ការ​កាប់​ទន្ទ្រាន​យ៉ាង​ធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស