38.1 C
Phnom Penh

ឧទ្ធរណ៍​ត្បូងឃ្មុំ​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​សកម្មជន​ព្រៃឈើ​លោក ឆន ផល្លា នៅ​សប្តាហ៍​ក្រោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ សម្រេច​ប្រកាស​សាលដីកា​លើ​សំណុំរឿង​សកម្មជន​ការពារ​ព្រៃឈើ​ដ៏​សកម្ម​នៅ​ខេត្ត​រតនគិរី លោក ឆន ផល្លា នៅ​សប្តាហ៍​ក្រោយ បន្ទាប់ពី​បើក​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍។

សវនាការ​នេះ​ដឹកនាំ​ដោយ​ចៅក្រម​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ លោក ម៉ុង មុនីចរិយា និង​តំណាង​មហាអយ្យការ លោក កុល បុន ប៉ុន្តែ​មិន​មាន​វត្តមាន​ដើមបណ្ដឹង​រដ្ឋប្បវេណី និង​សាក្សី​ក្នុង​អំឡុង​ពេល​ដំណើរការ​នៃ​សវនាការ​នេះ​ទេ។

អំឡុង​ពេល​សួរ​ដេញដោល​ក្នុង​សវនាការ ម្ចាស់​ដី​ដែល​កាន់កាប់ និង​អាស្រ័យ​ផល​ជាក់ស្តែង​លើ​ដី​ចម្ការ​វិល​ជុំ​របស់​សហគមន៍​ជនជាតិ​ដើម​ទំពួន បាន​អះអាង​ថា ដី​ដែល​ពួកគេ​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ដូនតា​មក​បាន​ចុះបញ្ជី​ជា​ដី​សហគមន៍​រួចរាល់​ហើយ មិន​មែន​ជា​ទំហំ​ដី​ជិត ៦០​ហិកតារ​ដូច​ការ​ចោទប្រកាន់​របស់​ដើមបណ្ដឹង​រដ្ឋប្បវេណី​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្ត​រតនគិរី បាន​ចោទប្រកាន់​លោក ឆន ផល្លា ពី​បទ​ហ៊ុមព័ទ្ធ​កាន់កាប់​ដី​ព្រៃ​ដោយ​ខុស​ច្បាប់ និង​សម្រេច​ផ្ដន្ទាទោស​រយៈពេល ៥​ឆ្នាំ​យ៉ាង​អយុត្តិធម៌​កាលពី​ពេល​កន្លងទៅ​នេះ។

លោក ឆន ផល្លា ត្រូវ​បាន​សាលាដំបូង​ខេត្ត​រតនគិរី ចោទប្រកាន់​ពី​បទ​កាប់​រាន​ព្រៃ​ហ៊ុមព័ទ្ធ​កាន់កាប់​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សមុទ្រក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី អំឡុង​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២០ តាម​មាត្រា​៩៧ នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១ កន្លងទៅ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សេដា អំឡុង​ពេល​ដែល​លោក​ទៅ​មើល​ឈ្មោះ​បោះឆ្នោត ដោយ​សម្រេច​ផ្ដន្ទាទោស​រយៈពេល ៥​ឆ្នាំ​ទាំង​អយុត្តិធម៌។

ដោយសារតែ​មិន​សុខចិត្ត​នឹង​សេចក្តី​សម្រេច​នេះ សកម្មជន​ការពារ​ព្រៃឈើ លោក ឆន ផល្លា បាន​ដាក់​ពាក្យ​បណ្តឹង​ទៅកាន់​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ តាមរយៈ​មេធាវី​កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ ដោយ​រំពឹង​ថា​សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ជូន​រូបលោក ខណៈ​ដែល​រូបលោក​កំពុងតែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​រតនគិរី អស់​រយៈពេល​ជាង ៧​ខែ​មក​ហើយ​នោះ។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ មិថុនា ថា លោក ឆន ផល្លា និង​អ្នក​ការពារ​ព្រៃឈើ​ខ្មែរ​ជាច្រើន​ទៀត​បាន​ធ្វើ​សកម្មភាព​ការពារ​ព្រៃឈើ​យ៉ាង​សកម្ម​ជា​យូរ​ណាស់​មក​ហើយ។ ជាង​នេះ​ទៀត លោក​មិន​ត្រឹមតែ​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​របស់​លោក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចេញ​មុខ​ជួយ​ការពារ​ព្រៃឈើ​ក្នុង​សហគមន៍​ផ្សេង​ទៀត​ផង​ដែរ រហូត​លោក​ហ៊ាន​ដាក់​ពាក្យ​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ដែល​បណ្តែតបណ្តោយ​ឱ្យ​ឈ្មួញ​កាប់​បំផ្លាញ​ព្រៃឈើ​ថែម​ទៀត។

លោក ស៊ឹង សែនករុណា លើកឡើង​ថា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​រតនគិរី មិន​ត្រឹមតែ​មិន​លើក​ទឹកចិត្ត​ចំពោះ​សកម្មភាព​ការពារ​ព្រៃឈើ​របស់​លោក ឆន ផល្លា នេះ​ទេ ប៉ុន្តែ​បែរជា​ប្តឹង​រូបលោក​ថា​ជា​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​សហគមន៍​ទៅវិញ ទាំង​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​ទាល់តែសោះ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អំពាវនាវ​ឱ្យ​សាលា​ឧទ្ធរណ៍​ខេត្ត​ត្បូងឃ្មុំ និង​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្ត​រតនគិរី ផ្តល់​យុត្តិធម៌​ជូន​លោក ឆន ផល្លា តប​តាម​សំណូមពរ​របស់​លោក។ ជាង​នេះ​ទៀត អាជ្ញាធរ​ខេត្ត​រតនគិរី ក៏​គួរតែ​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្ត​នេះ​ផង​ដែរ ព្រោះ​ថា​មាន​សំណុំរឿង​ខ្លះ​ដែល​លោក ឆន ផល្លា បាន​ប្តឹង​អាជ្ញាធរ​ទាក់ទិន​នឹង​ការ​គប់គិត​ក្នុង​ការ​កាប់​បំផ្លាញ​ព្រៃឈើ តុលាការ​មិន​ទាន់​បាន​បើក​សវនាការ​លើ​សំណុំរឿង​នោះ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២១ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ផ្តាច់​ជំនួយ​ជាង ១០០​លាន​ដុល្លារ​ពី​រដ្ឋាភិបាល​កម្ពុជា​ដែល​ទ្រទ្រង់​ដោយ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដើម្បី​ឆ្លើយតប​នឹង​វិធានការ​របស់​រដ្ឋាភិបាល​ដែល​បិទ​ខ្ទប់​សំឡេង និង​សកម្មភាព​សកម្មជន​ការពារ​ព្រៃឈើ ខណៈ​សកម្មជន​ព្រៃឈើ​ទាំងនោះ​ត្រូវ​រង​នូវ​ការ​ចាប់​ឃុំ​ខ្លួន​ពី​រដ្ឋាភិបាល​ជាបន្តបន្ទាប់​ថែម​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស