28 C
Phnom Penh

តុលាការ​ដាក់​ពន្ធនាគារ​ឧកញ៉ា សង ថន និង​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង​ម្នាក់ៗ​៧​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ឧកញ៉ា សង ថន និង​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង លោក ស៊ូ អារ៉ាហ្វាត់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​ចំនួន ៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​ម៉ឺន ៥​ពាន់​ដុល្លា​អាមេរិក ទាក់ទង​នឹង​ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ឧកញ៉ា សង ថន និង​លោក ស៊ូ អារ៉ាហ្វាត់ ដែល​ជា​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ក្លែង​ឯកសារ​សាធារណៈ បទ​ផ្តើម​គំនិត​ក្នុង​បទ​បំផ្លិចបំផ្លាញ​ដោយ​ចេតនា បទ​គៃ​បំបាត់​ដោយ​ទុច្ចរិត និង​បទ​សូកប៉ាន់» ក្នុង​សំណុំរឿង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​រឹបអូស​យក​ដី​ជាច្រើន​កន្លែង​របស់​ឧកញ៉ា សង ថន ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ក្នុង​ចំណោម​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ដែល​មាន​ប្រមាណ ៥​ពាន់​ហិកតារ​មាន​ទំហំ​ស្មើ​នឹង ១​ភាគ​៤ នៃ​ផ្ទៃដី​ទាំងមូល​នៃ​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។

សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នេះ ធ្វើឡើង​ដើម្បី​សម្រេច​ផ្ដន្ទាទោស​ឧកញ៉ា សង ថន និង​អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​កាលពី​អំឡុង​ឆ្នាំ​២០២០ កន្លងទៅ។

ឧកញ៉ា សង ថន ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២០ កន្លងទៅ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ទំនាស់​ដីធ្លី​ក្នុង​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «ធ្វើ​ជា​ម្ចាស់​គម្រោង​បំផ្លិចបំផ្លាញ និង​កេង​បន្លំ ស៊ី​សំណូក និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែងក្លាយ» តាម​មាត្រា​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ។ ចំណែក​លោក ស៊ូ អារ៉ាហ្វាត់ អតីត​អភិបាល​រង​ខេត្ត​បាត់ដំបង និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​ស្រុក​គាស់ក្រឡ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «បំផ្លាញ និង​កេង​បន្លំ និង​ទទួល​សំណូក» តាម​មាត្រា​៦០៨ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​អ្នក​ទាំង​ពីរ​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​ទីស្នាក់ការ​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) កាលពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ។

កាលពី​សវនាការ​នៅ​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២២ ឧកញ៉ា សង ថន បាន​ប្រាប់​តុលាការ​ថា​គាត់​ជា​អ្នក​រកស៊ី​ដោយ​ស្មោះត្រង់ ហើយ​ដី​ដែល​គាត់​កាន់កាប់​នៅ​ស្រុក​គាស់ក្រឡ នោះ គឺជា​ដី​ដែល​គាត់​បាន​ទិញ​ដោយ​ស្រប​ច្បាប់​ពី​អ្នក​ភូមិ​ទាំងអស់ ហើយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ត្រូវ​បាន​មន្ត្រី​ឃុំ ស្រុក និង​ខេត្ត​ពាក់ព័ន្ធ ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​ស្រប​ច្បាប់​ដោយ​គ្មាន​ការ​ក្លែង​បន្លំ​នោះ​ទេ។ ជាង​នេះ​ទៀត លោក ស៊ូ អារ៉ាហ្វាត់ បាន​សារភាព​ថា គាត់​បាន​ទទួល​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​ទំហំ ៥​ពាន់​ហិកតារ​របស់​ឧកញ៉ា សង ថន កាលពី​ឆ្នាំ​២០២០ ប្រាកដ​មែន ពីព្រោះ​ឯកសារ​របស់​លោក សង ថន ត្រូវ​បាន​អនុម័ត​ដោយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ពាក់ព័ន្ធ​រួច​អស់​ទៅ​ហើយ​នោះ។

យ៉ាងណា​ក៏ដោយ ជុំវិញ​ករណី​អំពើពុករលួយ​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២០ កន្លងទៅ ក៏​បាន​ចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង​លោក ម៉ៅ សុចាន់ ពី​អភិបាល​នៃ​គណៈ​អភិបាល​ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង ផង​ដែរ ប៉ុន្តែ​អតីត​អភិបាល​ស្រុក​រូប​នេះ​មិន​ត្រូវ​បាន​ចោទប្រកាន់ ឬ​នាំ​ខ្លួន​មក​សួរនាំ​ជុំវិញ​អំពើពុករលួយ​ក្នុង​ជម្លោះ​ដីធ្លី​ស្រុក​គាស់ក្រឡ នេះ​ទេ។

អ្នក​ឃ្លាំមើល​រិះគន់​ថា សំណុំរឿង​នេះ​ហាក់​នៅ​មាន​ភាព​អាថ៌កំបាំង​នៅឡើយ ដែល​បង្ក​ឱ្យ​ឃើញ​នូវ​ការ​ប្រព្រឹត្ត​អំពើពុករលួយ​ថ្មី​មួយ​ដើម្បី​កាត់ក្តី​លើ​អំពើពុករលួយ​ចាស់ ដែល​តុលាការ​គប់គិត​គ្នា​ជាមួយ​អ្នក​មាន​លុយ និង​អ្នក​មាន​អំណាច​ដើម្បី​បិទបាំង​ការពិត ជាពិសេស​អ្នក​មាន​អំណាច​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស