27.5 C
Phnom Penh

លោក កឹម សុខា៖ រដ្ឋាភិបាល​ញូហ្សេឡែន​តាមដាន​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​លោក​ជានិច្ច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា ថា​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ញូហ្សេឡែន (New Zealand) កំពុង​តាមដាន​នូវ​ដំណើរការ​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ជាប់​ជានិច្ច ជាពិសេស​សិទ្ធិ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​គាបសង្កត់​ពី​បក្ស​កាន់​អំណាច លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៣ មិថុនា ថា លោក​បាន​ជួប​ពិភាក្សា​ការងារ​នៅ​គេហដ្ឋាន​របស់​លោក​ជាមួយ​ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ញូហ្សេឡែន ប្រចាំ​នៅ​កម្ពុជា ថៃ និង​ឡាវ ជុំវិញ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា អះអាង​ថា ឯកអគ្គរាជទូត​ថ្មី​នៃ​ប្រទេស​ញូហ្សេឡែន ក៏​មិន​ខុសពី​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​ដែល​ប្រកាន់​យក​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​សំខាន់ៗ​ក្នុង​តំបន់ និង​ពិភពលោក​ដទៃ​ទៀត​ដែរ ដែល​នៅតែ​ផ្តល់​កិត្តិយស និង​ផ្តល់​តម្លៃ​ដល់​រូបលោក​ថា​ជា​មេដឹកនាំ​ដែល​តំណាង​ឱ្យ​សំឡេង​ពលរដ្ឋ​ខ្មែរ​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សំណុំរឿង​របស់​លោក កឹម សុខា កំពុង​ដំណើរការ​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​នៅឡើយ ដែល​គេ​មើល​ឃើញ​ថា តុលាការ​កំពុង​ព្យាយាម​អូស​បន្លាយ​សំណុំរឿង​របស់​លោក​រហូត​មក។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពី​បទ ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា ប៉ុន្តែ​រហូត​មក​ទល់​នឹង​ពេលនេះ លោក​នៅ​តែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​កម្ពុជា​មិន​ទាន់​កាត់ទោស​លោក​ពី​បទល្មើស​ណា​មួយ​នៅឡើយ​ទេ។

ទាក់ទិន​នឹង​បញ្ហា​នេះ សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ចាន់ ចេន កាលពី​ថ្ងៃទី​១ ខែ​មិថុនា ឆ្នាំ​២០២២ ក្នុង​សវនាការ​លើក​ទី​៤២ បាន​រិះគន់​ថា តុលាការ​នៅតែ​មិន​ហ៊ាន​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ​ថា តើ​រដ្ឋ​បរទេស​មួយ​ណា​ដែល​បាន​ឃុបឃិត​ជាមួយ​លោក កឹម សុខា ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

សហ​មេធាវី​ការពារ​ក្តី​ទាំងអស់​របស់​លោក កឹម សុខា បាន​ទាមទារ​ឲ្យ​តុលាការ​សាកសួរ​លើ​អង្គហេតុ​ពិតប្រាកដ ប៉ុន្តែ​តុលាការ​បែរជា​ព្យាយាម​ចោទ​សួរ​លើ​ខ្លឹមសារ​ក្នុង​វីដេអូ​ជាង​មួយ​ម៉ោង​ដែល​តុលាការ​បាន​កាត់​ជា​កង់ៗ​ប្រវែង ១៦​នាទី​ម្តង ដើម្បី​សាកសួរ​លោក កឹម សុខា ពី​ខ្លឹមសារ​ដែល​គាត់​បាន​និយាយ​នោះ​ទៅវិញ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា តុលាការ​ហាក់​មាន​ចេតនា​គេចវេះ​ពី​ការ​ដោះស្រាយ​សំណុំរឿង​របស់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​រូបលោក ព្រោះ​ថា​តុលាការ​កំពុង​ព្យាយាម​បង្វែរ​សាច់រឿង​នៃ​សំណុំរឿង​របស់​លោក​ពី​ការ​ឃុបឃិត​ជាមួយ​រដ្ឋ​បរទេស មក​ជា​ការ​ឃុបឃិត​ជាមួយ​អតីត​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី វិញ​កាលពី​ក្នុង​សវនាការ​លើក​ទី​៤៣ នៅ​ថ្ងៃទី​៨ មិថុនា កន្លងទៅ​នេះ។

ជុំវិញ​សំណុំរឿង​របស់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នេះ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក លោក Patrick Murphy ធ្លាប់​បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ក្នុង​នាម​លោក​តំណាង​ឱ្យ​សហរដ្ឋ​អាមេរិក នៅតែ​ខកចិត្ត​ចំពោះ​សវនាការ​ដែល​មាន​ចរិត​នយោបាយ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​នៅតែ​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ។ ក្នុង​នោះ លោក​បញ្ជាក់​ថា កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ស្ដារ​នីតិសម្បទា​នៃ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ឡើងវិញ​ផង​ដែរ ប្រសិនបើ​កម្ពុជា​ធ្វើ​ឱ្យ​មាន​នូវ​លំហ​ប្រជាធិបតេយ្យ​នេះ។

យ៉ាងណាក៏ដោយ កាលពី​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​វិមាន​សន្តិភាព មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​អះអាង​ថា ករណី​លោក កឹម សុខា អាច​នឹង​ត្រូវ​ពន្យារ​ពេល ៤​ឆ្នាំ​ទៀត គឺ​ត្រូវ​ពន្យារ​រហូត​ដល់​ក្រោយ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ និង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ក្នុង​ឆ្នាំ​២០២៣ ឯណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស