លោក សុន ឆ័យ (កណ្ដាល) ជា​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២២។

ច្បាប់

បក្ស​កាន់​អំណាច​ប្តឹង​លោក សុន ឆ័យ ទារ​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ជុំវិញ​ការ​រិះគន់​លទ្ធផល​បោះឆ្នោត

By ឌឹ ខេមបូឌា ដេលី

June 15, 2022

មេធាវី​គណបក្ស​កាន់​អំណាច​ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត ៤​ពាន់​លាន​រៀល ដែល​ស្មើ​នឹង ១​លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​លោក​រិះគន់​ជុំវិញ​លទ្ធផល​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ។

មេធាវី​ប្រចាំការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក គី តិច បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ ប្តឹង​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បន្ទាប់ពី​លោក សុន ឆ័យ បាន​រិះគន់​លទ្ធផល​នៃ​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ មិថុនា កន្លងទៅ ថា​ជា​ការ​បោះឆ្នោត​ដែល​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ និង​ជា​ការ​បោះឆ្នោត​ដែល​គ្រប់គ្រង​ដោយ​បក្ស​កាន់​អំណាច​តាំង​ពី​លើ​រហូត​ដល់​ក្រោម។

លោក គី តិច អះអាង​ថា ការ​លើកឡើង​របស់​លោក សុន ឆ័យ គឺជា​អំពើ​ទុច្ចរិត​បំភ្លៃ​ខុស​ការពិត ជា​ការ​ផ្តល់​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​ចេតនា​ទម្លាក់​កំហុស​ដោយ​ទុច្ចរិត និង​មួលបង្កាច់​ដែល​នាំ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​បក្ស​កាន់​អំណាច ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កាលពី​ដើម​ខែ​មិថុនា កន្លងទៅ​នេះ។

ការ​ប្តឹងផ្តល់​នេះ ធ្វើឡើង​បន្ទាប់ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​រិះគន់​ខ្លាំង​អំពី​លទ្ធផល​នៃ​ការ​បោះឆ្នោត។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ គណបក្ស​កាន់​អំណាច​បាន​ចេញ​លិខិត​ប្រគល់​សិទ្ធិ​ឱ្យ​ប្រធាន​ក្រុម​មេធាវី​កម្ពុជា លោក គី តិច តំណាង​បក្ស​កាន់​អំណាច ធ្វើការ​ចោទ​ប្តឹង​នូវ​រាល់​បណ្តឹង​គ្រប់​ប្រភេទ និង​កិច្ចការ​នានា​នៅ​គ្រប់​ដំណាក់កាល​នីតិវិធី​របស់​តុលាការ​គ្រប់​ជាន់​ថ្នាក់ ដើម្បី​ការពារ​ផល​ប្រយោជន៍​ជូន​បក្ស​កាន់​អំណាច​ជុំវិញ​ករណី​នេះ។

កាលពី​ថ្ងៃទី​៧ ខែ​មិថុនា ឆ្នាំ​២០២២ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily ថា លោក​បាន​ដឹង​តាំង​ពី​មុន​ការ​បោះឆ្នោត​មក​ម្ល៉េះ​ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ នេះ នឹង​មាន​លទ្ធផល​អាក្រក់ ព្រោះ​ថា​គណបក្ស​កាន់​អំណាច​បាន​គ្រប់គ្រង​ស្ថាប័ន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​នេះ ជាពិសេស​គឺ​ស្ថាប័ន គ.ជ.ប តែ​ម្តង។ លោក សុន ឆ័យ អះអាង​ថា គណបក្ស​ភ្លើង​ទៀន​ទទួល​បាន​មេឃុំ ៤​នាក់ គឺជា​លទ្ធផល​ក្រោយពី​ការ​លួច​សន្លឹកឆ្នោត​របស់​បក្ស​កាន់​អំណាច​ប៉ុណ្ណោះ ដែល​ជា​ការ​បោះឆ្នោត​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ពលរដ្ឋ​នោះ​ឡើយ។

យ៉ាងណាក៏ដោយ គណបក្ស​របស់​លោក​នៅ​តែ​ទទួល​យក​លទ្ធផល​នេះ គឺ​ដើម្បី​គោរព​ទៅ​តាម​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ដែល​បាន​សម្រេច​បោះឆ្នោត​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​នៅ​ពេលនេះ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​លើ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ ដែរ បន្ទាប់ពី​លោក​អះអាង​ថា ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នេះ​ធ្វើឡើង​មិន​ត្រឹមត្រូវ និង​មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត។

អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មិថុនា ថា លោក សុន ឆ័យ បាន​ចាកចេញ​ពី​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី ហើយ មុន​នឹង​បណ្តឹង​របស់​មេធាវី​បក្ស​កាន់​អំណាច​ដាក់​ចេញ​ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​លើ​រូប​គាត់។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា បញ្ហា​នេះ​ក៏​ជា​កត្តា​មួយ​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា គណបក្ស​កាន់​អំណាច​អាច​ប្រើ​វិធានការ​ច្បាប់​គ្រប់​ពេលវេលា​ទាំងអស់ បន្ទាប់ពី​ពួកគេ​ទទួល​បាន​ការ​ចូលរួម​បំពេញ​មុខ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​របស់​គណបក្ស​ភ្លើង​ទៀន ក្នុង​ដំណើរការ​នៃ​ការ​បោះឆ្នោត​កាលពី​ពេល​កន្លងទៅ​នេះ។

ចំណែក​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មិថុនា នេះ​ដែរ​ថា ការ​ចាត់​វិធានការ​លើ​លោក សុន ឆ័យ គឺជា​ការ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ ព្រោះ​លោក សុន ឆ័យ គ្រាន់តែ​លើកឡើង​ភ្ជាប់​ជាមួយ​នឹង​ហេតុផល​ទាមទារ​យុត្តិធម៌​ជុំវិញ​ការ​បោះឆ្នោត​ប៉ុណ្ណោះ ចំណែក គ.ជ.ប ត្រូវ​ចាត់​វិធានការ​ដោះស្រាយ​រក​យុត្តិធម៌​ជុំវិញ​ករណី​នេះ មិន​មែន​ចាត់​វិធានការ​ប៉ុនប៉ង​បំភ្លៃ​ច្បាប់​ចំពោះ​អ្នក​ដែល​ចង់​បាន​យុត្តិធម៌​នោះ​ឡើយ។

លោក គឹម សុខ អះអាង​ថា ការ​ចាត់​វិធានការ​លើ​លោក សុន ឆ័យ នេះ ក៏​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ដែរ​ថា គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន មិន​ញញើត​នឹង​គាបសង្កត់​គណបក្ស​ភ្លើង​ទៀន​ទៅ​ថ្ងៃ​មុខ​ទៀត​នោះ​ទេ ក្រោយ​គណបក្ស​នេះ​បាន​ចូលរួម​ល្បែង​ឧក្រិដ្ឋកម្ម​ប្លន់​លទ្ធផល​បោះឆ្នោត​កាលពី​ពេល​កន្លងទៅ​នេះ។

ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕