38 C
Phnom Penh

វេទិកា​ពលរដ្ឋ​ថា គ.ជ.ប បាត់បង់​តម្លៃ​ដោយសារ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​វេទិកា​ពលរដ្ឋ លើកឡើង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ធ្វើ​ឱ្យ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ និង​តម្លៃ​ជា​ស្ថាប័ន​អនុវត្ត​ច្បាប់​បោះឆ្នោត​ដោយ​ខ្លួនឯង ដោយសារតែ​ឃុបឃិត​ជាមួយ​បក្ស​កាន់​អំណាច​ប្លន់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ដើម្បី​បំពេញ​គោលដៅ​នយោបាយ​របស់​លោក ហ៊ុន សែន។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា នេះ​ថា ការ​បាត់បង់​សេចក្តី​ថ្លៃថ្នូរ​របស់​ស្ថាប័ន​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នោះ គឺ​មកពី​មូលហេតុ​ថា ស្ថាប័ន​ថ្នាក់​ក្រោម​របស់ គ.ជ.ប បាន​រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ ដូចជា​ការ​បិទ​ទ្វារ​ការិយាល័យ​រាប់​សន្លឹកឆ្នោត និង​ការ​មិន​បង្ហាញ​តម្លាភាព​ដល់​ពលរដ្ឋ ជាដើម ដែល​ជា​អំពើ​បំពាន​សិទ្ធិ​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​បំពាន​ខ្លឹមសារ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​មិន​អាច​លើកលែង​ឱ្យ​បាន។

លោក គឹម សុខ សង្កេត​ឃើញ​ថា គ.ជ.ប បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ព្រមាន​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​លើ​ក្រុម​អ្នក​រិះគន់​ចំពោះ​ដំណើរការ​បោះឆ្នោត​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​ប្រតិកម្ម​របស់​លោក ហ៊ុន សែន ទៅ​កាន់​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​ការ​បោះឆ្នោត​នេះ​ប៉ុណ្ណោះ។ ដូច្នេះ ទង្វើ​បែប​នេះ វេទិកា​ពលរដ្ឋ​អាច​វាយតម្លៃ​បាន​ថា គ.ជ.ប ពុំ​មាន​លក្ខណៈ​សម្បត្តិ​ជា​ស្ថាប័ន​ធម្មនុញ្ញភាព​ឡើយ ប៉ុន្តែ​ស័ក្ដិសម​ជា​អង្គភាព​បំពេញ​គោលដៅ​នយោបាយ​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​ផែនការ​ប្លន់​លទ្ធផល​បោះឆ្នោត​ទៅវិញ។

ប្រធាន​វេទិកា​ពលរដ្ឋ​រូប​នេះ​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​ប្រឈម​វិធានការ​ផ្លូវ​ច្បាប់​មុន​អ្នក​ណាៗ​ទាំងអស់ គឺ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​តែម្តង ហើយ​ស្ថាប័ន​ដែល​ត្រូវ​កែទម្រង់​ជា​បឋម និង​ជាបន្ទាន់ ក៏​ជា​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នេះ​ដែរ។

លោក គឹម សុខ បញ្ជាក់​ថា មាន​ជម្រើស​តែ​មួយ​គត់​ដើម្បី​ទប់ទល់​នឹង​ស្ថាប័ន​អធម្មនុញ្ញភាព ដូចជា គ.ជ.ប សព្វថ្ងៃ​នេះ គឺ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ទាំងអស់​គួរ​ប្រញាប់​រក​វិធី​បង្កើត​គោលការណ៍​រួម​មួយ​ក្នុង​ចលនា​នយោបាយ​រួបរួម​ជា​កម្លាំង​ឱ្យ​ធំ ដើម្បី​ទាមទារ​ឱ្យ​ស្ថាប័ន​នេះ​ងាក​ទៅ​រក​ការ​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​វិញ ឈប់​បម្រើ​គណបក្ស​កាន់​អំណាច​តទៅ​ទៀត។

កាលពី​ថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដោយ​គ្មាន​ករណី​លើកលែង ចំពោះ​ការ​ចោទប្រកាន់​ទាំងឡាយ​ណា​ដែល​ផ្ទុយ​ពី​ការពិត ព្រោះ​ថា​ទោះជា​សម្ដី​ប្រភេទ​ណា​ក៏ដោយ​ដែល​បញ្ចេញ​នៅ​ទី​សាធារណៈ ឬ​នៅ​ក្នុង​សាល​ប្រជុំ គឺ​ត្រូវ​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​ទាំងអស់។

ប្រភព​ដដែល​អះអាង​ថា ការ​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ បាន​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ មាន​សន្តិសុខ របៀប​រៀបរយ គ្មាន​អំពើ​ហិង្សា និង​គ្មាន​ការ​គំរាមកំហែង​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​បាន​ចេញ​ទៅ​បោះឆ្នោត​ដើម្បី​សម្ដែង​ឆន្ទៈ​របស់​ខ្លួន​គួរ​ឱ្យ​កត់សម្គាល់​ដែរ ខណៈ គ.ជ.ប បាន​ធ្វើ​តាម​នីតិវិធី​គ្រប់​ដំណាក់កាល​ដូច​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​គ្រប់​ជំហាន​ទាំងអស់។

សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​កាន់​អ្នក​ដែល​រិះគន់​ដំណើរការ​នៃ​ការ​បោះឆ្នោត​ដែល​បាន​លើកឡើង​ពី​ភាព​មិន​ប្រក្រតី និង​ការ​លួច​សន្លឹកឆ្នោត​របស់​បក្ស​កាន់​អំណាច​តាមរយៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ដែល​ខ្លួន​បាន​រៀបចំ​ទុក​ជា​មុន​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នៅ​ដើម​សប្តាហ៍​នេះ បាន​បបួល​ក្រុម​អ្នក​រិះគន់​ស្បថ​ក្រោម​បណ្ដាសា​ផ្សេងៗ ដែល​បាន​ចោទប្រកាន់​ថា​គណបក្ស​គ្រប់គ្រង​អំណាច​លួច​សន្លឹកឆ្នោត​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​កន្លងទៅ​ថ្មីៗ​នេះ ដើម្បី​បញ្ជាក់​ពី​ភាព​ក្លាហាន​របស់​ពួកគេ។

យោង​តាម​មាត្រា​១៥១​ថ្មី​ពីរ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មាន​សមាសភាព ៩​រូប ក្នុង​នោះ ៤​រូប​ត្រូវ​ជ្រើស​ដោយ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើសរើស​ពី​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ដែល​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាល និង ១​រូប​ទៀត​ត្រូវ​ជ្រើសរើស​ដោយ​ការ​ព្រមព្រៀង​គ្នា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា​ទាំងអស់។

យ៉ាងណាក៏ដោយ សមាសភាព គ.ជ.ប ទាំង ៩​រូប ជាក់ស្តែង​នៅ​ពេលនេះ​គឺជា​សមាជិក​មកពី​បក្ស​កាន់​អំណាច​ទាំងអស់​ដែល​ប្រាសចាក​ពី​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​ទាំងស្រុង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស