31 C
Phnom Penh

ក្រុមហ៊ុន​ពីរ​នៅ​ស្រុក​កោះញែក​ដឹកជញ្ជូន​ឈើ​យក​ទៅ​លក់​តាម​បណ្ដា​ខេត្ត​និង​ក្រៅ​ប្រទេស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន ណេងណា និង​ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ បន្ត​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ពី ១០ ទៅ ២០​ឡាន​ក្នុង​មួយ​សប្តាហ៍ យក​ទៅ​ចែកចាយ​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដោយ​មាន​ការ​សម្របសម្រួល​ពី​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កោះញែក។

ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​រស់នៅ​ក្នុង​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា មុន​ពេល​ឡាន​ដឹក​ឈើ​ចេញពី​ក្រុមហ៊ុន មាន​រថយន្ត​តូចៗ​ដែល​មាន​ពាក់​ស្លាក​លេខ​រដ្ឋ​ចូល​ទៅ​ក្នុង​តំបន់​នោះ ហើយ​ក្រោយ​មក​ទើប​គេ​ឃើញ​មាន​ឡាន​ដឹក​ឈើ​ចេញ​មក​ក្រៅ។ ពលរដ្ឋ​ដដែល​អះអាង​ថា ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ធ្វើការ​ដឹកជញ្ជូន​ឈើ​ចេញពី​ក្រុមហ៊ុន​ក្នុង​មួយ​ខែ ៤​ដង ដែល​ក្នុង​មួយ​ម្ដងៗ​ចាប់ពី ១០​ឡាន​ទៅ ២០​ឡាន។

នៅ​ក្នុង​បរិវេណ​របស់​ក្រុមហ៊ុន​ទាំង​ពីរ​នោះ មិន​មាន​ដើមឈើ​ធំៗ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​ដូច​សព្វថ្ងៃ​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើការ​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​អភិរក្ស រួច​ធ្វើការ​ដឹកជញ្ជូន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន ហើយ​ធ្វើការ​អារ​ច្រៀក​ដឹកជញ្ជូន​ចេញពី​ក្រុមហ៊ុន​ដោយ​សំអាង​ថា​ជា​ឈើ​ដែល​មាន​ការ​អនុញ្ញាត​ចេញពី​រដ្ឋបាល​ព្រៃឈើ។

ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​លើកឡើង​ថា ក្រុមហ៊ុន​ដែល​មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កោះញែក​ទាំងអស់ សុទ្ធសឹងតែ​ប្រព្រឹត្ត​ល្មើស​ច្បាប់​ដែល​បាន​កំណត់។ ពួកគេ​សង្ស័យ​ថា អាជ្ញាធរ​នៅ​តំបន់​នោះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើពុករលួយ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ឧកញ៉ា គង់ គ្រឹង ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ក្រចេះ បាន​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ ក្រោយពី​មាន​បញ្ជា​ពី​លោក សៅ សុខា គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ។ ចំណែក​ឯ​ឧកញ៉ា ស៊ឹង សំអុល និង​បក្ខពួក ត្រូវ​បាន​តុលាការ​ខេត្ត​មណ្ឌលគិរី សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០១៩។

ក្រុម​សកម្មជន​ការពារ​ព្រៃឈើ​បាន​អះអាង​ថា ក្រុមហ៊ុន ណេងណា ដែល​មាន​ដីកា​តាម​ចាប់​ខ្លួន និង​ល្បី​ឈ្មោះ​ខាង​រកស៊ី​កាប់ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះ កាល​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២១ កន្លង​ទៅ បាន​យក​អំណោយ​ជូន​លោក ស្វាយ សំអ៊ាង អភិបាល​ខេត្ត​មណ្ឌលគិរី រួម​មាន អង្ករ ៥​តោន ត្រីខ ៥​កេស​ធំ មី ៥០​កេស ទឹកត្រី ២០​យួរ ទឹកស៊ីអ៊ីវ ២០​យួរ និង​ទឹកសុទ្ធ ១០០​យួរ។

សកម្មជន​ដដែល​អះអាង​ថា រហូត​មក​ដល់​ម៉ោង​នេះ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ពី​តុលាការ​ទៅ​លើ​ពួក​អ្នក​រត់​គេច​ខ្លួន​នោះ​ទេ តែ​ផ្ទុយទៅវិញ​បែរ​ជា​មាន​ការ​បើក​ឲ្យ​ត្រឡប់​មក​រកស៊ី​កាប់ និង​ដឹកជញ្ជូន​ឈើ​ទៅវិញ។

សេចក្តី​ប្រកាស​ចុះ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៩ របស់​គណៈកម្មាធិការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ព្រមាន​ចាត់​វិធានការ​តឹងរ៉ឹង​ប្រឆាំង​ក្រុម​ជន​លួច​បន្លំ​កាប់ និង​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់ តាមរយៈ​ការ​ដុត​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ជា​វត្ថុតាង​នៃ​បទល្មើស​នៅ​នឹង​កន្លែង៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស