លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន

ព័ត៌មានជាតិ

លោក ហ៊ុន សែន ថា​កម្ពុជា​កំពុង​ស្ថិត​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ

By ឌឹ ខេមបូឌា ដេលី

June 17, 2022

បុរស​ខ្លាំង​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​កុមារ ដែល​នឹង​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ឱ្យ​កាន់តែ​សកម្ម ក្នុង​ការ​ធានា​ថា​កុមារ​មាន​សុវត្ថិភាព​នៅ​គ្រប់​ទីកន្លែង។

លោក ហ៊ុន សែន អះអាង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អ្នក​ដឹកនាំ​ស្ដីពី​ដំណោះស្រាយ​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ថា ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ គឺ​ត្រូវតែ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សម្របសម្រួល​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចាត់​វិធានការ​ទាន់​ពេលវេលា និង​តឹងរ៉ឹង​ដាច់ខាត​ចំពោះ​សកម្មភាព​ហិង្សា​គ្រប់​ទម្រង់​ទាំងអស់។

លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​តែងតែ​យកចិត្ត​ទុកដាក់​ខ្ពស់​បំផុត​លើ​ការ​ទប់ស្កាត់​រាល់​សកម្មភាព​ហិង្សា​លើ​កុមារ និង​លើក​កម្ពស់​កិច្ច​ការពារ​កុមារ​ផង​ដែរ។ ជាក់ស្តែង កម្ពុជា​បាន​រៀបចំ និង​ដាក់​ឱ្យ​អនុវត្ត​នូវ​គោល​នយោបាយ និង​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើ​ហិង្សា​លើ​កុមារ​កាលពី​ឆ្នាំ​២០១៧ រហូត​ដល់​ឆ្នាំ​២០២១ កន្លងទៅ​នេះ។

លោក ហ៊ុន សែន បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការ​ធានា​ឱ្យ​បាន​ថា កុមារ​ទាំងអស់​នឹង​រស់នៅ​ក្នុង​បរិយាកាស​មួយ​ប្រកប​ដោយ​ភាព​អំណោយ​ផល​ដល់​ការ​លូតលាស់ ព្រមទាំង​ទទួល​បាន​ការ​ចិញ្ចឹម​បីបាច់ និង​កិច្ច​ការពារ​នានា​ដើម្បី​បញ្ចប់​ឱ្យ​បាន​នូវ​អំពើ​ហិង្សា​គ្រប់​ទម្រង់ តាមរយៈ​ការ​អនុវត្ត​នូវ​ផែនការ និង​គោល​នយោបាយ​ជាតិ​នានា​របស់​ខ្លួន។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ទាន់​អាច​ធានា​បាន​នូវ​ការ​ការពារ​កុមារ​ឱ្យ​ចៀស​ផុត​ពី​អំពើ​ហិង្សា និង​ការ​កេងប្រវ័ញ្ច​គ្រប់​រូបភាព​ចំពោះ​កុមារ​កម្ពុជា​បាន​ល្អ​ប្រសើរ​នៅឡើយ​ទេ។

ទិវា​ស្ដីពី​សិទ្ធិ​កុមារ​តែងតែ​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​នៅ​ថ្ងៃទី​១ មិថុនា ដែល​សំដៅ​ដល់​ការ​បង្កើន​នូវ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​កុមារ​ដោយ​ការ​ទទួលស្គាល់​នូវ​សិទ្ធិ​ជា​សកល និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​កុមារ​ដែល​គាំពារ​ដោយ​អនុសញ្ញា​ជាតិ និង​អន្តរជាតិ​ជា​សកល​ស្តីអំពី​សិទ្ធិ​កុមារ ដើម្បី​លុប​បំបាត់​ការ​រើសអើង​លើ​កុមារ បញ្ឈប់ និង​ប្រឆាំង​ដាច់ខាត​លើ​ការ​រំលោភ​បំពាន ការ​ជួញដូរ ការ​កេងប្រវ័ញ្ច និង​ការ​ប្រើ​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព​ទាំងអស់។

អង្គការ​លីកាដូ បាន​បង្ហាញ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​កន្លង​ទៅ​ថា កុមារ​ដែល​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្តាយ​របស់​ពួកគេ​មាន​ចំនួន​ច្រើន​ជា​អតិបរមា ខណៈ​ការ​ថែទាំ​លើ​កុមារ​ទាំងនោះ​ក៏​ស្ថិត​ក្នុង​កម្រិត​ទាប​នៅឡើយ។

អង្គការ​នេះ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់​អាទិភាព​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ក៏ដូចជា​ម្តាយ​ដែល​មាន​កូន​តូចៗ ដោយ​ការ​កាត់បន្ថយ​ទោស​ឲ្យ​ពួកគាត់​ផង​ដែរ ក្រោម​ហេតុផល​ថា ក្មេងៗ​មិន​បាន​ប្រព្រឹត្ត​បទល្មើស​អ្វី​នោះ​ទេ ហើយ​វា​ពិត​ជា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​រស់នៅ​ក្នុង​បន្ទប់​តូច​ចង្អៀត​នៅ​ពន្ធនាគារ​សម្រាប់​កុមារ ដែល​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ផ្លូវចិត្ត​ដល់​កុមារ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

អង្គការ​លីកាដូ អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ចាត់​វិធានការ​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​បង្ក​អំពើ​ហិង្សា​លើ​កុមារ ហើយ​ប្រសិន​គ្មាន​ចំណាត់ការ​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ ទម្រង់​អាក្រក់​នៃ​អំពើ​ហិង្សា​លើ​កុមារ​នេះ​នឹង​បន្ត​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ចៀស​មិន​រួច​នោះ​ឡើយ។

ជុំវិញ​បញ្ហា​នេះ របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក បាន​លាតត្រដាង​កាលពី​ឆ្នាំ​២០១៩ ថា កម្ពុជា​ស្ថិត​ក្នុង​ទម្រង់​ដ៏​អាក្រក់​បំផុត​ដែល​មិន​បាន​ធានា​នូវ​ការ​អនុវត្ត​សិទ្ធិ​មូលដ្ឋាន​របស់​កុមារ ក្នុង​នោះ​រដ្ឋាភិបាល​កម្ពុជា​ខកខាន​មិន​បាន​ចាត់​វិធានការ​ក្នុង​ការ​ស៊ើបអង្កេត​ការ​ចោទប្រកាន់​លើ​ជនល្មើស​នៅ​ពេល​ដែល​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​រំលោភ​បំពាន​លើ​កុមារ ដោយ​ការ​សម្របសម្រួល​ឱ្យ​គេច​ចេញ​ក្រៅ​ប្រព័ន្ធ​ច្បាប់ ជាដើម៕