អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់។

នយោបាយ

ឧត្ដមសេនីយ៍​ផ្កាយ​៤​សុំ​លោក ស ខេង ដាក់​កូន​និង​ក្មួយ​ជា​អភិបាល​រង​រាជធានី​និង​ខេត្ត​សៀមរាប

By ឌឹ ខេមបូឌា ដេលី

June 18, 2022

អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ស្នើ​ទៅ​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​តែងតាំង​កូន និង​ក្មួយ​របស់​ខ្លួន​ទៅ​ជា​អភិបាលរង​រាជធានី​ភ្នំពេញ និង​អភិបាលរង​ខេត្ត​សៀមរាប។

ក្នុង​លិខិត​របស់​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ចុះ​ថ្ងៃទី​០១ ខែ​មេសា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា កូន និង​ក្មួយ​របស់​លោក​បាន​រៀន​ចប់​ថ្នាក់​អនុបណ្ឌិត​សេដ្ឋកិច្ច និង​អនុបណ្ឌិត​រដ្ឋបាល​សាធារណៈ ហើយ​បាន​បំពេញ​ការងារ​ជោគជ័យ​តាម​ភារកិច្ច។ ដូច្នេះ ដោយ​កូន និង​ក្មួយ​របស់​លោក​ចង់​ផ្លាស់ប្ដូរ​បទពិសោធន៍​ការងារ និង​ចង់​បំពេញ​ការងារ​ជូន​រដ្ឋាភិបាល រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ទើប​បាន​ជា​លោក​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អនុញ្ញាត​ឱ្យ​កូន​របស់​លោក​ឈ្មោះ រ៉ាត់ ដារ៉ារ័ត្ន ដែល​មាន​មុខតំណែង​ជា​នាយរង​លេខាធិការដ្ឋាន សេនាធិការ​ចម្រុះ អគ្គបញ្ជាការដ្ឋាន ទៅ​បំពេញ​ការងារ​មុខនាទី​ជា​អភិបាលរង​រាជធានី​ភ្នំពេញ​វិញ។

ចំណែក​ក្មួយ​របស់​លោក​ឈ្មោះ ណុប ឡង់ឌី ដែល​មាន​មុខតំណែង​ជា​នាយករង​សាលា​នាយ​ទាហាន​សកម្ម អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ សុំ​ប្ដូរ​ទៅ​បំពេញ​ការងារ​ជា​អភិបាលរង​ខេត្ត​សៀមរាប។

យ៉ាងណាក៏ដោយ ការ​តែងតាំង​កូនៗ​ក្នុង​ស្ថាប័ន​រដ្ឋ និង​អង្គភាព មិន​មែន​មាន​តែ​លោក ឥត សារ៉ាត់ នោះ​ទេ គឺ​កាលពី​ថ្ងៃទី​២១ ខែ​មករា ឆ្នាំ​២០២២ កូនៗ​របស់​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ ត្រូវ​បាន​តែងតាំង​ជា​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ជាមួយ​ឪពុក។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា មាន​ប្រសាសន៍​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​មិន​ទាន់​បាន​ទទួល និង​ឃើញ​លិខិត​ដែល​អគ្គមេបញ្ជាការ​រង​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ ស្នើសុំ​ផ្លាស់ប្ដូរ និង​តែងតាំង​កូន និង​ក្មួយ​នោះ​នៅឡើយ​ទេ។

ចំណែក​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុក​ការ​ស្នើសុំ​របស់​លោក ឥត សារ៉ាត់ ដើម្បី​ផ្លាស់ប្ដូរ និង​តែងតាំង​កូន និង​ក្មួយ​នោះ ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា​នោះ អាស្រ័យ​លើ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​ស្នើ​ឱ្យ​មាន​ការ​ប្រឡង​ប្រជែង បើ​ទោះបី​ក្នុង​និន្នាការ​នយោបាយ​ចាត់តាំង​ក៏ដោយ។ លោក​ថា ការ​ស្នើ​បែប​នេះ ដើម្បី​បង្ហាញ​ពី​តម្លាភាព។ លោក​ថា អ្នក​ដែល​មាន​ចំណេះដឹង​មិន​មែន​មាន​តែ​កូន និង​ក្មួយ​អ្នក​មាន​អំណាច​នោះ​ទេ។

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ ថា អំពើពុករលួយ​នៅ​កម្ពុជា​ឆ្នាំ​២០២១ បាន​ប្រសើរ​ជាង​ឆ្នាំ​២០២០ ចំនួន ២​ពិន្ទុ ប៉ុន្តែ​កម្ពុជា​នៅតែ​ជា​ប្រទេស​ពុករលួយ​ជាងគេ​បំផុត​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ នៅ​តំបន់​អាស៊ាន ដែល​មាន​អំពើពុករលួយ​ចាក់ឫស ទាំង​នៅ​ក្នុង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន៕