ពលរដ្ឋខ្មែរមិនសូវដឹង ឬក៏មិនដឹងសោះថា តើមូលហេតុអ្វីបានជាចិន ត្រូវបោះទីតាំងយោធាបន្លំខ្លួនជាឯកជនក្នុងមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទនៅរាម ក្នុងខេត្តព្រះសីហនុ។
លោក ហាស់ សាន សូមជូនសេចក្តីរាយការណ៍វិភាគមួយអំពីផលវិបាកទៅអនាគតសម្រាប់ប្រទេសកម្ពុជា ថាតើអនាគតរបស់កម្ពុជានឹងដើរជាន់ដានប្រវត្តិសាស្ត្រដូចទសវត្សឆ្នាំ១៩៦០ ដែរឬទេ។
បុគ្គលិកបច្ចេកទេសយោធាចិន ឬហៅថាទាហាននៃកងទ័ពរំដោះប្រជាជនចិន (People’s Liberation Armed Forces of China = PLA or PLAF) តាំងទីដំឡើងគ្រឿងបច្ចេកទេសឧបករណ៍អេឡិចត្រូនិក ស្ថានីយបញ្ជូនសញ្ញាទាក់ទងផ្កាយរណប ប្រព័ន្ធដីអាកាសកំណត់ទីតាំងយុទ្ធោបករណ៍ផ្សេងៗ ហើយគ្រប់គ្រងចាត់ចែងក្នុងបរិវេណផ្ទៃដីមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទរាម ក្នុងថិរវេលា ៣០ឆ្នាំ គឺរឿងពិត ទោះជាមន្ត្រីរាជរដ្ឋាភិបាលរូបណានិយាយថាយ៉ាងណាផ្ទុយពីរឿងពិតហ្នឹងក៏ដោយ។ នេះមកពីមន្ត្រីរាជរដ្ឋាភិបាលប្រទេសកម្ពុជា ទាំងទាហាន ទាំងស៊ីវិល ព្យាយាមលាក់បិទបាំងរឿងពិត ការពិតពីពលរដ្ឋខ្លួន និងសហគមន៍អន្តរជាតិ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ពោលថា៖ «បើមិនឲ្យពឹងចិន ឲ្យទៅពឹងអ្នកណា?» ភាសិតចាស់ទុំខ្មែរសាមញ្ញនិយាយថា៖ «ដំរីប៉ុនដំរីស្លាប់ យកចង្អេរទៅបាំង!»។

ពលរដ្ឋខ្មែរមួយនគរគ្រាន់តែដឹង និងមើលឃើញសើៗថាចិនជួយខ្មែរស្ថាបនាផ្លូវថ្នល់ ស្ពាន វាលយន្តហោះ ភ្លើងចរាចរណ៍ ដាក់ទុនរកស៊ី ជួលបុគ្គលិក ឬកម្មករខ្មែរប្រើ ផ្តល់ជំនួយរថយន្តយោធាថ្មីចាស់តាមទឹកលុយគេជួយឲ្យទិញពីគេ ផ្គត់ផ្គង់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យជំនួយឥតសំណង ឲ្យខ្ចីលុយយកការប្រាក់ទាប ឬគ្មានការប្រាក់ប៉ុណ្ណោះ។
ប៉ុន្តែពលរដ្ឋខ្មែរក្រៅពីក្រុមជិតស្និទ្ធនឹងលោក ហ៊ុន សែន មិនបានដឹងបន្តិចឡើយអំពីការធ្វើសម្បទាន (concession) ត្រឡប់ទៅឲ្យចិនវិញ ថាតើរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឲ្យជាអ្វីខ្លះ ឲ្យចិនមានសិទ្ធិធ្វើអ្វីខ្លះ ព្រមទាំងពឹងចិនខាងផ្នែកអ្វីខ្លះ ចុះខសន្យាកិច្ចព្រមព្រៀងដូចម្តេចខ្លះ។ អ្នកដែលដឹងរឿងលើសពីរាជរដ្ឋាភិបាលប្រាប់ពលរដ្ឋខ្មែរនោះ គឺអ្នកកាសែតឯករាជ្យ ជាពិសេសអ្នកកាសែតបរទេស ហើយនិងក្រុមអង្គការសង្គមស៊ីវិល វិទ្យាស្ថានស្រាវជ្រាវឯករាជ្យធ្វើកិច្ចការផ្នែកសិទ្ធិមនុស្ស បរិស្ថាន កសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច ពលកម្ម និងយោធា។
ដើមឡើយ រឿងវត្តមានបុគ្គលិកយោធាចិនក្នុងមូលដ្ឋានកងទ័ពជើងទឹកខ្មែរនៅរាម ចេញប្រភពពីកាសែតអាមេរិកាំងឈ្មោះ The Wall Street Journal ក្នុងឆ្នាំ២០១៩ ដោយបានស្រង់សម្ដីពីក្រុមស៊ើបការណ៍សម្ងាត់ពីប្រទេសមួយចំនួន។ វត្តមាន និងសកម្មភាពបុគ្គលិកយោធាចិនក្នុងមូលដ្ឋានកងទ័ពជើងទឹកខ្មែរ គេដឹងវាថាជារឿងពិត មិនបំផ្លើសនោះ មកពីមន្ត្រីជាន់ខ្ពស់ក្នុងរាជរដ្ឋាភិបាល ទាំងស៊ីវិល ទាំងយោធា និយាយចេញមកដូចជាមិនដឹងគ្នាមុន មិនស៊ីចង្វាក់គ្នា។ គេស្តាប់ទៅកើតឆ្ងល់ថា មិនដឹងថាអ្នកណានិយាយការពិតត្រង់ អ្នកណានិយាយកុហក។
យុវជនខ្មែរម្នាក់ធ្លាប់និយាយរំឭកចាស់ទុំថា៖ «បើគេនិយាយការពិត និយាយមួយយប់មិនជាន់ដាន មិនជាន់កែងឯងទេ ប៉ុន្តែបើគេនិយាយភូតភរកុហក និយាយតែមួយស្របក់នោះ ជាន់កែងឯងហើយ។ ទីបំផុត មន្ត្រីចិនឯណោះទេដែលលាតត្រដាងរឿងពិតនោះ។»។
មន្ត្រីរាជរដ្ឋាភិបាលមានរដ្ឋមន្ត្រីការពារជាតិ ឧត្តមសេនីយ៍ ទៀ បាញ់ ជាដើម លាក់រហូត។ ថ្លែងក្នុងកិច្ចប្រជុំកំពូលខាងសន្តិសុខ ហៅថាកិច្ចសន្ទនាស័ង្គ្រីឡា (Shangri-La Dialogue) នៅសិង្ហបុរី កាលពីថ្ងៃទី១១ ខែមិថុនា ឧត្តមសេនីយ៍ ទៀ បាញ់ ថា៖ «…ប្រទេសកម្ពុជាត្រូវគេចោទឥតឈប់ឈរថាផ្តល់សិទ្ធិផ្ដាច់មុខឲ្យមហាអំណាចបរទេសប្រើប្រាស់មូលដ្ឋានរាម។»។ រួចលោកបន្តថា៖ «ក្នុងនាមជាម្ចាស់មូលដ្ឋានទ័ពជើងទឹករាម ប្រទេសកម្ពុជាមានសិទ្ធិពេញលេញដើម្បីអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ ការពារបូរណភាពទឹកដីដែនសមុទ្រ ប៉ុន្តែក៏ពុំមានព្រំដែនសមុទ្រធំល្វឹងល្វើយនោះដែរ។»។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ពីកាសែតអាមេរិកាំង The Washington Post ផ្សាយថ្ងៃទី៦ ខែមិថុនា ដែលស្រង់សម្ដីមន្ត្រីរដ្ឋការដឹងរឿងចិនលូកដៃ អ្នកវិភាគកិច្ចការយោធាបស្ចិមប្រទេស និយាយថា រាជរដ្ឋាភិបាលបានឲ្យដីមួយផ្នែកក្នុងមូលដ្ឋានរាម ទៅចិនប្រើប្រាស់ មិនមែនគ្រាន់តែអភិវឌ្ឍផែសមុទ្រឲ្យខ្មែររួចដើរចេញដូចលោក ទៀ បាញ់ ហៅថាទំនើបភាវូបនីយកម្ម (modernization) នោះទេ។ កាសែតខាងលោកសេរី បើនិយាយរឿងមិនពិត គេអាចនឹងប្តឹង ហើយនឹងបាត់បង់ជំនឿពីអ្នកអាន អ្នកស្តាប់ ឬអ្នកទស្សនា។
ដើម្បីផ្តល់ទីធ្លាផ្ទៃដីរាមឲ្យចិនប្រើប្រាស់ លោក ហ៊ុន សែន បានរើទីតាំងយោធារួមជាមួយកងទ័ពប្រជាជនយៀកណាម ទៅឆ្ងាយពីទីតាំងចិន ហើយត្រូវឈូសឆាយរំលាយអគារមួយសង់ដោយប្រទេសអូស្ត្រាលី ប៉ុន្តែប្រើថវិកាសហរដ្ឋអាមេរិកនាឆ្នាំ២០២០ ដើម្បីបំបាត់ដាន។ សហរដ្ឋអាមេរិកមានបំណងចង់ជួយពង្រីកមូលដ្ឋានរាមឲ្យប្រទេសកម្ពុជា ប៉ុន្តែខាងមេទាហានលោក ហ៊ុន សែន មិនព្រម ហើយថែមទាំងទៅគប់គិតគ្នាស៊ីសំណូករហូតដល់ជាប់ឈ្មោះក្នុងបញ្ជីខ្មៅអាមេរិកាំងនៅខែវិច្ឆិកា ឆ្នាំ២០២១។
នាយទាហានទាំងនេះមានឧត្ដមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក ប្អូនឧត្តមសេនីយ៍ ទៀ បាញ់ និងឧត្តមសេនីយ៍ ចៅ ភិរុណ ប្រធាននាយកដ្ឋានផ្នែកសម្ភារៈ និងបច្ចេកទេសនៃក្រសួងការពារជាតិ។

ដូច្នេះ ទោះជាមន្ត្រីរាជរដ្ឋាភិបាលនិយាយប្រាប់អន្តរជាតិយ៉ាងណា ក៏គេមិនជឿពាក្យភូតកុហកនោះដែរ។ ចំពោះខ្មែរវិញ រាជរដ្ឋាភិបាលប្រឹងបំពងអំពីការគោរពរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជា អំពីអធិបតេយ្យជាតិ ឯករាជភាព អព្យាក្រឹតភាព បូរណភាពទឹកដី ហើយក៏មានខ្មែរមិនសូវរៀនសូត្រមិនយល់ដឹងជ្រៅទៅឆ្ងាយ ក៏ប្រឹងជួយការពារទង្វើបំពានរដ្ឋធម្មនុញ្ញខ្លួនដែរ។ ការរំលោភបំពានរដ្ឋធម្មនុញ្ញដោយចេតនា គឺទាក់ទងនឹងជំពូកទី៤ ស្តីអំពីរបបនយោបាយ មាត្រា៥៣ កថាខណ្ឌទី៤ ដែលចែងថា៖ «ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន…លើកលែងតែក្នុងក្របខ័ណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។»។
ទាក់ទិននឹងបញ្ហាម្នាក់ប្រកាន់ ម្នាក់ប្រកែកទាក់ទងនឹងមូលដ្ឋាននាវាចរណ៍រាមនេះ គឺសម្ដីមន្ត្រីចិន ដែលបញ្ជាក់ការពិតមួយថែមទៀតដូចដែលកាសែតបានផ្សាយអ៊ីចឹង។ មន្ត្រីចិន ប្រាប់កាសែតអាមេរិកាំងពីក្រុងប៉េកាំងថា៖ «មួយផ្នែកនៃមូលដ្ឋានរាម នឹងប្រើប្រាស់ដោយយោធាចិន។ លោកបដិសេធថាមិនប្រើប្រាស់ផ្ដាច់មុខតែយោធានោះទេ អ្នកវិទ្យាសាស្ត្រក៏អាចប្រើប្រាស់បានដែរ។»។
អ្នកណាក៏ដឹងថា អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវចិនធ្វើការឲ្យរដ្ឋបម្រើបក្សកុម្មុយនីស្ត រីឯអ្នករកស៊ីក៏ដូចគ្នាដែរ ទោះជាក្រុមហ៊ុនធំតូចប៉ុនណាក៏ដោយ។ ក្នុងសម័យសង្គមរាស្ត្រនិយមក្រោយឯករាជ្យពីបារាំង សាលាបង្រៀនចិនជាជង្រុកមនោគមន៍វិជ្ជាកុម្មុយនីស្តផ្សព្វផ្សាយសៀវភៅក្រហមរបស់ប្រធាន ម៉ៅ សេទុង ឃោសនាឲ្យរង្គោះរង្គើរបបរាជានិយមខ្មែរ។ តាមសៀវភៅអ្នកនិពន្ធអាមេរិកាំង Roger Smith សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានស្នើឲ្យនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ដឹកអាណិកជនចិនទៅប្រទេសចិនវិញ បើពួកគេមិនបញ្ឈប់សកម្មភាពឃោសនាលទ្ធិកុម្មុយនីស្តទេនោះ។ លោក ជូ អេនឡាយ ជួយសម្តេចនរោត្តម សីហនុ បង្ក្រាបក្រុមចិនឆ្វេងនិយមស្ងប់ទៅវិញមួយរយៈ។

រឿងឯទៀតដែលពលរដ្ឋខ្មែរម្ចាស់ប្រទេសមិនដឹងថាយោធាចិនក្លែងខ្លួនជាស៊ីវិល ឬក៏យោធាយៀកណាមធ្វើអ្វីខ្លះក្នុងទឹកដីរបស់ខ្លួននោះ គឺថានៅមូលដ្ឋានរាម ចិនស្ថាបនាស្ថានីយបញ្ជូនសញ្ញាតាមរលកធាតុអាកាសភ្ជាប់ជាមួយផ្កាយរណបបង្ហោះក្នុងអវកាសដោយក្រុមហ៊ុន បៃដោ (BeiDou) ឬប្រែថា កញ្ចុំផ្កាយ ដែលគ្រប់គ្រងចាត់ចែងដោយរដ្ឋបាលអវកាសជាតិចិន (China National Space Administration = CNSA) បម្រើសេវាឲ្យក្រុមហ៊ុនឯកជន និងយោធាចិន។ ស្ថានីយនេះប្រើជាប្រយោជន៍នាំផ្លូវដៅចំៗចំណុច កំណត់ទីតាំងបច្ចុប្បន្នឥតល្អៀងសម្រាប់ចរាចរណ៍នាវាចរណ៍ ចលនាកងទ័ពជើងគោក ជើងទឹក ជើងអាកាស ជំនួសប្រព័ន្ធ GPS (Global Positioning System) ដែលសហរដ្ឋអាមេរិកប្រើប្រាស់សព្វថ្ងៃនេះ។
កងទ័ពប្រជាជនយៀកណាម ក៏បានសង់អគារក្នុងមូលដ្ឋានរាមដែរ កាលពីឆ្នាំ២០២១ ហៅថាអគារមិត្តភាពរួមគ្នា ប៉ុន្តែត្រូវរើចេញពីមូលដ្ឋានរាម ព្រោះមិនចង់ឃើញការប៉ះទង្គិចប្រយោជន៍គ្នា។
ខណៈរាជាណាចក្រកម្ពុជាធ្វើជាប្រធានផ្លាស់វេនអាស៊ាន អ្នកវិភាគនិយាយថា ក្រុងភ្នំពេញមិនចង់ឲ្យសមាជិកអាស៊ានដទៃទៀតមើលទៅឃើញថា ខ្លួនជាកូនអុកក្រុងប៉េកាំងនោះទេ ហេតុនេះហើយបានជាខំប្រឹងបដិសេធព័ត៌មាននានាដែលនិយាយអំពីវត្តមានមូលដ្ឋានកងទ័ពចិន។ តាមផែនការប្រធានាធិបតីចិន ស៊ី ជីនពីង គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងថ្នល់ (ប្រ៊ី) (Belt & Road Initiative = BRI) ចិនពង្រីកឥទ្ធិពលតាមរយៈមិត្តភាពផ្តល់ជំនួយដល់សេដ្ឋកិច្ច ដាក់ទុនជាមុន ទាញផលជាក្រោយ ដូចជារាវរ៉ែ ជាដើម រួចបញ្ចូលឥទ្ធិពលយោធា។ ចិន ព្យាយាមបោះទីតាំងផ្នែកស៊ីវិល-យោធាឆ្ងាយពីឆ្នេរ ពីច្រាំងនៃដែនទឹកដីរបស់ខ្លួនក្នុងប្រទេសយ៉ាងតិចជាង ១០ ពីភាគខាងកើតទ្វីបអាហ្វ្រិក សមុទ្រឥណ្ឌា មជ្ឈិមបូព៌ា ដល់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសក្នុងប្រទេសមិនសូវរីកចម្រើន មានមេដឹកនាំផ្ដាច់ការផ្ដាច់មុខ និងមានអំពើពុករលួយ។
យោងតាមសេចក្តីរាយការណ៍ឆ្នាំ២០២១ ពីអគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រុងប៉េកាំងមិនត្រឹមតែចង់បង្ហាញចេញឲ្យឃើញឥទ្ធិពលកម្លាំងទ័ពរបស់ខ្លួននោះទេ ចិនក៏ចង់មានទីតាំងឃ្លាំចលនាទ័ព និងអវកាសនៅទីដទៃដែរ ព្រោះថាបើប្រៀបនឹងសហរដ្ឋអាមេរិក ចិនមានមូលដ្ឋានយោធាក្រៅស្រុកតិចបំផុតលើពិភពលោកនេះ។ ឯកសារស្រាវជ្រាវខាងសភាអាមេរិកាំង បង្ហាញថា ខណៈសហរដ្ឋអាមេរិក មានកម្លាំងនាវាប្រយុទ្ធកប៉ាល់ចម្បាំងគ្រប់ប្រភេទជិត ៣០០គ្រឿង ចិនមានកប៉ាល់ចម្បាំង ៣៥៥គ្រឿង ហើយរំពឹងថានឹងកើនចំនួនដល់ ៤៣០គ្រឿងមុនឆ្នាំ២០៣០។
ទីប្រឹក្សានយោបាយការបរទេសសហរដ្ឋអាមេរិក Derek Chollet ប្រាប់កាសែតជប៉ុន Nikkei Asia ថ្ងៃទី១៤ មិថុនា ថា សហរដ្ឋអាមេរិកបានជម្រាបមិត្តកម្ពុជាហើយថា វត្តមានចិនក្នុងមូលដ្ឋានរាមនឹងរារាំងកិច្ចសហប្រតិបត្តិការខាងសន្តិសុខជាមួយរាជាណាចក្រកម្ពុជា។ លោកបន្តថា រឿងហ្នឹងមិនល្អសម្រាប់ប្រទេសកម្ពុជាឡើយទៅអនាគត។ រឿងនេះជារឿងដែលលោក ហ៊ុន សែន ពិបាកធ្វើមិត្តជាមួយសហរដ្ឋអាមេរិក ពោលគឺគេមិនទុកចិត្តទាល់តែសោះ។
ព្រោះតែចិនព្យាយាមស្វែងរកប្រទេសបោះទីតាំងបង្កើតបណ្ដាញប្រព័ន្ធយោធានៅក្នុងពិភពលោក គេមើលឃើញហាក់ដូចជាឡោមព័ទ្ធបង្រួញសេរីភាពនាវាចរណ៍ក្នុងសមុទ្រចិនខាងត្បូង ដែលជាការគំរាមកំហែងដល់សន្តិសុខតំបន់អាស៊ី លោកសេរី និងសម្ពន្ធមិត្តក៏ប្រឹងរៀបផែនការទប់ទល់ការវាតទីអនុត្តរភាពនិយមក្រុងប៉េកាំងដែរ។
សារព័ត៌មាន The Defense Post ផ្សាយថ្ងៃទី១៧ មិថុនា ថា សហរដ្ឋអាមេរិកនឹងប្រើថវិកាចំណាយជិត ៩០០លានដុល្លារដើម្បីស្ថាបនាប្រព័ន្ធការពារមីស៊ីលជុំវិញកោះហ្គាម ដែលឃ្លាំងអាវុធយុទ្ធភណ្ឌសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងស្ថាបនាទីតាំងការពារមួយទៀតលើកោះទីនៀន (Tinian) នៃកម្រងកោះម៉ារីយ៉ាណា (Mariana Islands) ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើតប្រទេសហ្វីលីពីន ជិតកោះសៃប៉ាន ក្នុងករណីចិនវាយប្រហារសន្ធាប់ដោយមីស៊ីលលើកោះហ្គាម។ បើមានហេតុការណ៍អាក្រក់កើតឡើងដូចការវិភាគ ឬទស្សន៍ទាយ ទីតាំងរាមនឹងមិនបានសុខទេ។
គេនឹងសួរថា ដល់ពេលនោះ តើសន្តិភាពតាមមាគ៌ាអព្យាក្រឹតបន្លំភ្នែក បំពានរដ្ឋធម្មនុញ្ញដូចសព្វថ្ងៃនេះ នឹងទាញប្រទេសកម្ពុជាត្រឡប់ក្រោយប្រហាក់ប្រហែលចុងទសវត្ស១៩៦០ ដែលសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ជួយលាក់ទ័ពព្រៃបរទេសក្នុងដីខ្មែរដែរឬទេ?
យើងសង្ឃឹមថា ពលរដ្ឋខ្មែរគ្រប់ស្រទាប់ឋានៈមិនអនុញ្ញាតឲ្យរឿងចាល់វិលមកវិញទេ៕