38 C
Phnom Penh

កូដករ​ណាហ្គា​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន និង​រដ្ឋសភា​ឱ្យ​ជួយ​ដោះស្រាយ​វិវាទ​ការងារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់ នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយពី​វិវាទ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​ហើយ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ដាក់​ញត្តិ​ថា ទោះបី​មាន​ការ​ជួប​ចរចា​រវាង​តំណាង​កូដករ សហជីព ជាមួយ​តំណាង​ក្រុមហ៊ុន​បាន​ចំនួន ១១​ដង​ហើយ​ក្ដី ប៉ុន្តែ​ជា​លទ្ធផល នៅតែ​មិន​ទទួល​បាន​ដំណោះស្រាយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពួកគាត់​ធ្វើ​ញត្តិ​ដាក់​នៅ​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​រដ្ឋសភា។

កញ្ញា ឈឹម ស៊ីថរ អះអាង​ថា ញត្តិ​ដែល​ពួកគាត់​ដាក់​នេះ ក្រុម​កូដករ​ស្នើសុំ​ឱ្យ​លោក ហ៊ុន សែន និង​រដ្ឋសភា​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ចំនួន ៣​ចំណុច ក្នុង​នោះ ជួយ​ជំរុញ​ទៅ​ក្រុមហ៊ុន​ទទួល​យក​កូដករ​ដែល​នៅ​សេសសល់​ប្រមាណ ២០០​នាក់​ឲ្យ​ចូល​ធ្វើការ​វិញ និង​ទូទាត់​សំណង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ រួម​ទាំង​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទាំង ១៥​នាក់​វិញ។

ក្រោយពី​មាន​ការ​ជួបជុំ និង​ប្រមូលផ្ដុំ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន នោះ មន្ត្រី​ខុទ្ទកាល័យ​បាន​ចេញ​មក​ទទួល​យក​ញត្តិ​ពី​ក្រុម​កូដករ និង​សហជីព។ បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន រួច​នោះ ក្រុម​កូដករ​ក៏​បាន​នាំគ្នា​ដើរ​ដោយ​ថ្មើរជើង​ទៅ​ដាក់​ញត្តិ​នៅ​រដ្ឋសភា​បន្ត​ទៀត។

យ៉ាងណា​ក៏ដោយ ការ​ដាក់​ញត្តិ​របស់​ក្រុម​កូដករ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២០ មិថុនា នេះ ក្រោម​ការ​តាមដាន ឬ​ឃ្លាំមើល និង​រារាំង​ពី​សំណាក់​សមត្ថកិច្ច​ទាំង​ស្លៀកពាក់​ឯកសណ្ឋាន និង​ស៊ីវិល​ជាច្រើន​នាក់​ផង​ដែរ។

ក្រៅពី​ការ​ដាក់​ញត្តិ​នោះ ជា​រៀងរាល់​ថ្ងៃ ក្រុម​កូដករ​តែងតែ​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ដ៏​ធំ​មួយ​នេះ​ដោះស្រាយ​វិវាទ​ការងារ​ដល់​ពួកគេ ទោះបីជា​ត្រូវ​ប្រឈម​នឹង​ការ​ប្រើប្រាស់​អំពី​ហិង្សា ការ​រុញច្រាន និង​រារាំង​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ក៏ដោយ។

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​កាលពី​ចុង​ឆ្នាំ​២០២១ ការ​ធ្វើ​កូដកម្ម​នេះ​ក៏​មាន​តំណាង​សហជីព និង​សមាជិក ១១​រូប​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស។ ប៉ុន្តែ​ក្រោយពី​មាន​ការ​សម្របសម្រួល​នោះ ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​បទ​ចោទប្រកាន់​ដែល​តុលាការ​កម្ពុជា​ចោទ​ទៅ​លើ​តំណាង​សហជីព និង​សមាជិក ១១​រូប មិន​ទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅឡើយ។

យ៉ាងណាក៏ដោយ ការ​ធ្វើ​កូដកម្ម​របស់​ក្រុម​កូដករ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​បាន​បញ្ឈប់​បុគ្គលិក​ចំនួន ១៣២៩​នាក់​ពី​ការងារ ដោយ​ក្នុង​នោះ បុគ្គលិក​ជាង ៨​ពាន់​នាក់​ដែល​ថៅកែ​ក្រុមហ៊ុន​បញ្ឈប់​នា​ពេល​នោះ ក្រោម​ហេតុផល​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារតែ​បញ្ហា​ជំងឺ​កូវីដ-១៩។

នៅ​ក្នុង​ឆ្នាំ​២០១៩ ក្រុមហ៊ុន​ល្បែង​ស៊ីសង​ប្រចាំ​ទីក្រុង​ភ្នំពេញ​មួយ​នេះ ក៏​បាន​បង្ហាញ​របាយការណ៍​ប្រាក់ចំណេញ​របស់​ខ្លួន​បន្ថែម​ទៀត​ថា ប្រាក់ចំណេញ​សរុប​របស់​ក្រុមហ៊ុន​បាន​កើនឡើង​ជិត​ដល់ ៣២១,២​លាន​ដុល្លារ​ក្នុង​រយៈពេល ៣​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៩ ដែល​បាន​កើនឡើង ៣២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៨៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស