38 C
Phnom Penh

អ្នក​ឃ្លាំមើល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​ខ្លះ​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​ចោល​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​ដែល​បាន​ចែង​អំពី​បទ ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដោយសារ​មាត្រា​នៃ​ច្បាប់​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ទៅ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​ទាំងស្រុង។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​កំណត់​ព្រំដែន​ក្នុង​ការ​ចាត់​វិធានការ​លើ​ការ​រឹតត្បិត​សេរីភាព ការ​ហាមឃាត់​នូវ​ការ​ប្រើប្រាស់​សិទ្ធិ និង​ការ​បង្ក្រាប​ដោយ​ការ​ដាក់​ទោស​ទណ្ឌ​ដែល​ប្រាសចាក​ពី​ការ​ធានា​បាន​នូវ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​សិទ្ធិ​ដទៃ​ទៀត​របស់​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នេះ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​យ៉ាង​ពេញ​និយម​ដើម្បី​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ និង​លើ​អ្នក​នយោបាយ​ប្រឆាំង ដូច​ជា​ការ​ចោទ​ថា ពួកគេ​មាន​ផែនការ​ធ្វើ​បដិវត្ត​ពណ៌​ដើម្បី​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់ ជាដើម។

ការ​ទាមទារ​ឱ្យ​លុប​មាត្រា​នៃ​ក្រមព្រហ្មទណ្ឌ​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​រដ្ឋាភិបាល​ឯក​បក្ស​ដែល​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ចោទ​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដាក់​ពន្ធនាគារ​ដោយ​ប្រើ​មាត្រា​ដែល​មិន​ត្រឹមត្រូវ​នៃ​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​នេះ​ពេញ​ផ្ទៃ​ប្រទេស​សព្វថ្ងៃ​នេះ។

រដ្ឋធម្មនុញ្ញ​កម្ពុជា ជំពូក​៣ ស្ដីពី​សិទ្ធិ និង​ករណីយកិច្ច​របស់​ពលរដ្ឋ​ខ្មែរ​មាត្រា​៣១ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ និង​ករណីយកិច្ច​ដូចៗ​គ្នា​ទាំងអស់​ដែល​កម្ពុជា​ទទួលស្គាល់ ដូច​មាន​ចែង​ក្នុង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស ប៉ុន្តែ​ការ​ប្រើ​សិទ្ធិ​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​ច្បាប់។

ចំណែក​មាត្រា​១៩ នៃ​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​សិទ្ធិ​សេរីភាព​នៃ​ការ​សម្ដែង​មតិ ហើយ​សិទ្ធិ​នេះ​ត្រូវ​រាប់​បញ្ចូល​ទាំង​សេរីភាព​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​យោបល់​សព្វ​បែប​យ៉ាង ដោយ​គ្មាន​កំណត់​ព្រំដែន​អ្វី​ទាំងអស់ ទោះ​ទាំង​តាម​ផ្ទាល់​មាត់​ក្តី ទាំង​តាម​ការ​សរសេរ ឬ​បោះពុម្ព​ក្តី ក្នុង​ទម្រង់​នៃ​សិល្បៈ ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ក្តី។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ​ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ ជាដើម ដែល​បាន​ធ្លាក់​ទៅ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​នីតិរដ្ឋ​អាក្រក់​បំផុត​ក្នុង​ចំណាត់ថ្នាក់​លេខ​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​១៣៩ នៅ​លើ​ពិភពលោក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស