លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​ពេល​ជួប​អតីត​យុទ្ធជន។

នយោបាយ

រដ្ឋាភិបាល​ថា​ខ្លួន​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន

By ឌឹ ខេមបូឌា ដេលី

June 22, 2022

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ មក រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ដោយ​បក្ស​កាន់​អំណាច​បាន​យកចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការ​អនុវត្ត​នូវ​គោលនយោបាយ​នានា​ដើម្បី​លើក​កម្ពស់​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធជន​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រសើរ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​លិខិត​ក្នុង​ខួប​លើក​ទី​១៥ នៃ​ទិវា​អតីត​យុទ្ធជន​កម្ពុជា ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ​ថា សង្គ្រាម​ដែល​បង្ក​ឡើង​ដោយ​ជន​ក្បត់​ជាតិ​មួយ​ក្តាប់​តូច​ដែល​បាន​ឃុបឃិត​ជាមួយ​បរទេស បាន​នាំ​មក​នូវ​វិនាសកម្ម​ដល់​សង្គម​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ និង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​បំផ្លិចបំផ្លាញ​សង្គម​ជាតិ​ឱ្យ​ខ្ទេចខ្ទី​ដល់​ឫសគល់ ថែមទាំង​បាន​បន្សល់​ទុក​នូវ​អតីត​យុទ្ធជន​ពិការ និវត្តជន និង​គ្រួសារ​ពលី​ជាច្រើន​នាក់​ថែម​ទៀត។

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា ការ​ធ្វើ​ពលិកម្ម​ប្រកប​ដោយ​ស្មារតី​ស្នេហា​ជាតិ​របស់​អតីត​យុទ្ធជន និង​ពលរដ្ឋ​នៅ​គ្រប់​ដំណាក់កាល​នៃ​ប្រវត្តិសាស្ត្រ គឺជា​ការ​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​កិច្ចការ​ការពារ​បូរណភាព​ទឹកដី ការ​កសាង​សុខ​សន្តិភាព និង​ស្ថិរភាព​សង្គម​សម្រាប់​កម្ពុជា ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស។

អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​បញ្ជាក់​ថា ការ​ប្រារព្ធ​ខួប​លើក​ទី​១៥ ទិវា​អតីត​យុទ្ធជន​កម្ពុជា គឺ​ធ្វើឡើង​ដើម្បី​រំឭក​នូវ​គំរូ​វីរភាព​ដ៏​មោះមុត និង​គុណ​បំណាច់​ដ៏​ធំធេង​របស់​វីរ​អតីត​យុទ្ធជន​យុទ្ធនារី​នៃ​កងកម្លាំង​ប្រដាប់​អាវុធ និង​ពលរដ្ឋ​គ្រប់​ស្រទាប់​ដែល​បាន​ពលិកម្ម​យ៉ាង​អង់អាច​ក្លាហាន ដោយ​ការ​បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​របស់​ខ្លួន។

របាយការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ អតីត​យុទ្ធជន​កម្ពុជា​មាន​ចំនួន​ជាង ១​សែន ៣​ពាន់​នាក់ ហើយ​សមាជិក​គ្រួសារ​ដែល​ស្ថិត​នៅ​ក្នុង​បន្ទុក​របស់​អតីត​យុទ្ធជន​ទាំងនោះ​មាន​ចំនួន​ជាង ១​សែន ៥​ម៉ឺន​នាក់​ផង​ដែរ ប៉ុន្តែ​អតីត​យុទ្ធជន និង​សមាជិក​គ្រួសារ​របស់​ពួកគេ​ស្ទើរតែ​ទាំងអស់​ត្រូវ​គេ​មើល​ឃើញ​ថា មិន​ត្រូវ​បាន​ធានា​ឱ្យ​ទទួល​បាន​នូវ​ជីវភាព​ក្នុង​ការ​រស់នៅ​សមរម្យ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​បាន​ពេញលេញ​នោះ​ទេ។

ប្រភព​ច្បាស់​ការណ៍​មួយ​ធ្លាប់​បាន​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា រដ្ឋាភិបាល​កម្ពុជា​តែង​ប្រើប្រាស់​ស្ថានភាព​របស់​អតីត​យុទ្ធជន​កម្ពុជា​ដែល​កំពុង​ជួប​ការ​លំបាក​ទាំងនោះ ដើម្បី​កេង​ចំណេញ​នយោបាយ​របស់​ខ្លួន។

ការ​កេង​ចំណេញ​នោះ​រួម​មាន ការ​ប្រើប្រាស់​រូបភាព​នៃ​ការ​យកចិត្ត​ទុកដាក់​គ្រប់​បែប​យ៉ាង ដូចជា​ការ​សង់​លំនៅឋាន​ជូន​អតីត​យុទ្ធជន​ដែល​គ្មាន​ផ្ទះសម្បែង និង​ការ​ចុះ​ចែក​អំណោយ​ផ្សេងៗ​ដល់​អតីត​យុទ្ធជន​ទាំងនោះ ជាដើម។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​សាងសង់​លំនៅឋាន​ជូន​អតីត​យុទ្ធជន​នៅ​តាម​តំបន់​ព្រំដែន និង​តំបន់​ដាច់ស្រយាល គ្រាន់តែ​ជា​ផែនការ​របស់​រដ្ឋាភិបាល​ចង់​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​តំបន់​នោះ​ប៉ុណ្ណោះ មិន​ជា​ការ​យកចិត្ត​ទុកដាក់​លើ​សុខុមាលភាព​របស់​ពួកគេ​នោះ​ទេ ព្រោះ​ថា​អំណោយ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​សម្រាប់​អ្នក​ដែល​ព្រម​ទៅ​រស់នៅ​តំបន់​នោះ គ្មាន​នរណា​ព្រម​ទទួល​យក​នោះ​ទេ ក្រៅតែ​ពី​អតីត​យុទ្ធជន​ដែល​គ្មាន​ផ្ទះសម្បែង និង​កំពុង​ជួប​ការ​លំបាក​ទាំងនោះ។

ជាង​នេះ​ទៀត ទីតាំង​លំនៅឋាន​ដែល​អតីត​យុទ្ធជន​ទាំងនោះ​រស់នៅ​ក៏​គ្មាន​ការ​រៀបចំ​ទឹក ឬ​ភ្លើង​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​ដែរ គឺ​មាន​តែ​សម្បក​ផ្ទះ​ដែល​សាងសង់​ក្នុង​តម្លៃ​ថោកៗ​ប៉ុណ្ណោះ ហើយ​ដីធ្លី​របស់​អតីត​យុទ្ធជន​ទាំងនោះ​នឹង​ធ្លាក់​ទៅ​លើ​មេ​ទាហាន​ដែល​ប្រចាំការ​នៅ​តំបន់​នោះ​វិញ​ទាំងអស់ ដោយ​ការ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថោកៗ​ខ្លះ និង​រឹបអូស​យក​ខ្លះ​នៅ​ពេល​ដែល​អតីត​យុទ្ធជន​ទាំងនោះ​មិន​អាច​តស៊ូ​រស់នៅ​ក្នុង​តំបន់​នោះ​បាន។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា អតីត​យុទ្ធជន​ពិការ និវត្តជន និង​គ្រួសារ​ពលី​ជាច្រើន​នាក់​មិន​មែន​រងគ្រោះ​ដោយសារតែ​សង្គ្រាម​តែ​ម្យ៉ាង​នោះ​ទេ ប៉ុន្តែ​ក៏​មាន​អតីត​យុទ្ធជន​កម្ពុជា​ជាច្រើន​ដែល​បាន​រងគ្រោះ​ពី​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដែល​បាន​កេណ្ឌ​ពួកគេ​ឱ្យ​ចូលរួម​ផែនការ «ក​៥» របស់​វៀតណាម ក្នុង​អំឡុង​ទសវត្ស​ឆ្នាំ​១៩៨០ ដែរ ក្នុង​នោះ យុទ្ធជន​ខ្មែរ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ផែនការ «ក​៥» នេះ មាន​ចំនួន​មិន​តិច​ជាង ១០​ម៉ឺន​នាក់​ដែរ។ នេះ​នៅ​មិន​ទាន់​គិត​ដល់​អ្នក​ដែល​បាន​រួច​ផុត​ជីវិត​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ទាំង​ធ្លាក់​ខ្លួន​ទៅ​ជា​ជន​ពិកា​ផង​នោះ៕