31 C
Phnom Penh

សមត្ថកិច្ច​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​កំពង់ធំ​ពី​បទ​ប្លន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ លោក ឌុក សារ៉ុម ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ តាម​សាលដីកា​សាលាដំបូង​ខេត្ត​កំពង់ធំ ដែល​បាន​ចោទប្រកាន់​ពី​បទ «ប្លន់»។

លោក ឌុក សារ៉ុម ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពង់ធំ ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២១ មិថុនា នេះ។ ការ​ចាប់​ខ្លួន​នេះ ធ្វើឡើង​ក្រោយពី​លោក​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៥ ខែ​មិថុនា កន្លងទៅ។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចេញ​សាលដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លោក ឌុក សារ៉ុម ហៅ​លោក ញឹម សារ៉ុម ពី​បទ​ចោទ «ប្លន់» តាម​បញ្ញត្តិ​មាត្រា​៦ ស្ដីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំងជ័រ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០០២ កន្លងទៅ។

ក្នុង​សាលដីកា​ដដែល​ឲ្យ​ដឹង​ថា សាលាដំបូង​ខេត្ត​កំពង់ធំ ធ្លាប់​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​លោក ញឹម សារ៉ុម ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ​ដែរ ប៉ុន្តែ​លោក​មិន​បាន​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ឡើយ​រហូត​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០១២ តុលាការ​បាន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​ម្តង​ទៀត ប៉ុន្តែ​លោក ញឹម សារ៉ុម បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​តែម្តង។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ តុលាការ​បាន​ចេញ​ដីកា​ឱ្យ​នាំ​ខ្លួន​លោក ញឹម សារ៉ុម ដោយ​បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​លោក​ឲ្យខាងតែ​បាន។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២១ មិថុនា នេះ​ថា អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​កំពុង​ដាក់​ការ​សង្ស័យ​ថា ការ​ចាប់​ខ្លួន​លោក ញឹម សារ៉ុម អាច​ជា​រឿង​នយោបាយ ជាជាង​ការ​អនុវត្ត​ច្បាប់។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏ដោយ លោក​មិន​ទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ព្រោះ​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុង​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​ចំពោះ​បញ្ហា​នេះ។

លោក ស៊ឹង សែនករុណា លើក​ជា​ចម្ងល់​ថា បើ​លោក ញឹម សារ៉ុម ជា​ជន​ដែល​ប្រព្រឹត្ត​ល្មើស ហេតុ​អ្វី​ពលរដ្ឋ​ខ្មែរ​ម្ចាស់​ឆ្នោត​បោះឆ្នោត​គាំទ្រ​រូបលោក​ឱ្យ​ធ្វើជា​មេ​ឃុំ? លោក​បន្ត​ថា លោក ញឹម សារ៉ុម មិន​មែន​ជាប់​ជា​មេឃុំ​ត្រឹមតែ​ឆ្នាំ​២០២២ នេះ​ទេ សូម្បី​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២ កន្លងទៅ ក៏​លោក​ធ្លាប់​ជាប់​ក្រុមប្រឹក្សា​ឃុំ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដែរ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូប​នេះ​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​កំពុងតែ​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​ក្នុង​ការ​ឃ្លាំមើល​ចំណាត់ការ​របស់​អាជ្ញាធរ​ខេត្ត​កំពង់ធំ ដែល​បាន​ចាប់​ឃុំ​ខ្លួន​លោក ញឹម សារ៉ុម នៅ​ពេល​នេះ ព្រោះ​ថា ចំណាត់ការ​ទាំងឡាយ​របស់​សមត្ថកិច្ច​គឺ​ត្រូវ​ផ្អែក​ទៅ​លើ​មូលដ្ឋាន​ច្បាប់ និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន។

លោក ញឹម សារ៉ុម ធ្លាប់​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​មកពី​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ លោក​បាន​ជាប់​ឆ្នោត​ជា​ជំទប់​ទី​១ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដដែល មកពី​គណបក្ស​សង្គ្រោះ​ជាតិ លុះ​ដល់​ឆ្នាំ​២០២២ នេះ លោក​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មកពី​គណបក្ស​ភ្លើង​ទៀន តែម្តង។

ចាប់​តាំងពី​ចុងខែ​ឧសភា ឆ្នាំ​២០២២ មក សមាជិក និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន និង​ចោទប្រកាន់​ជា​បន្តបន្ទាប់ ក្នុង​នោះ​រួម​មាន​លោក អៀ ចាន់ណា ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​អំឡុង​ពេល​ឃោសនា​បោះឆ្នោត ចំណែក​អនុប្រធាន​គណបក្ស​នេះ លោក សុន ឆ័យ ក៏​ត្រូវ​គណបក្ស​កាន់​អំណាច​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត ១​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​កាលពី​ពេល​ថ្មីៗ​នេះ។

ជុំវិញ​ការ​ចាប់​ខ្លួន​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន ដើម្បី​សុំ​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស