34 C
Phnom Penh

HRW ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​អតីត​និង​មន្ត្រី​អាដហុក​៥​រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់​លើ​អតីត និង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប។ អង្គការ​នេះ​ចាត់ទុក​ថា ការ​ដាក់​ទោស​លើ​អ្នក​ទាំង ៥​រូប​នេះ​ជា​ការ​បំភិតបំភ័យ​ដល់​សង្គម​ស៊ីវិល​ផ្សេង​ទៀត​នៅ​កម្ពុជា ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន។

នាយក​រង​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក Phil Robertson បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​នេះ ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ ថា អាជ្ញាធរ​កម្ពុជា​គួរតែ​លុប​ចោល​ចំពោះ​ការ​ផ្ដន្ទាទោស​លើ​អតីត​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៤​នាក់ និង​ជា​អតីត​មន្ត្រី គ.ជ.ប លោក នី ចរិយា វិញ ហើយ​បញ្ចប់​ការ​គាប​សង្កត់​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស​ទាំងអស់។

លោក Phil Robertson លើកឡើង​ថា ការ​ដាក់​ទោស​ទណ្ឌកម្ម​ទាំង​អយុត្តិធម៌​លើ​ពួកគេ​ទាំង ៥​រូប បង្ហាញ​ពី​ការ​បំភិតបំភ័យ និង​គំរាមកំហែង​លើ​សកម្មជន​សង្គម​ស៊ីវិល​នៅ​កម្ពុជា​ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

ការ​លើកឡើង​របស់​នាយក​រង​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ លោក Phil Robertson បាន​ធ្វើឡើង​បន្ទាប់ពី​មេធាវី​ការពារ​ក្ដី​ឱ្យ​មន្ត្រី និង​អតីត​មន្ត្រី​សិទ្ធិមនុស្ស​សមាគម​អាដហុក​ទាំង ៥​រូប បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ដោយ​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២ ដែល​បាន​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បានការ​ដដែល។

កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៨ បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ​ក្រោម​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» ប៉ុន្តែ​ទោស ៥​ឆ្នាំ​នេះ តុលាការ​សម្រេច​ឱ្យ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​រយៈពេល ១៤​ខែ ហើយ​ទោស​ដែល​នៅសល់​ត្រូវ​ព្យួរ។

បុគ្គលិក និង​អតីត​បុគ្គលិក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប​នេះ​រួម​មាន លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុនី្ន លោក ណៃ វ៉ង់ដា និង​លោក នី ចរិយា។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចងក្រង​ឯកសារ​អំពី​ស្ថានភាព​អ្នកទោស​នយោបាយ​បច្ចុប្បន្ន​ជាង ៥០​នាក់​នៅ​កម្ពុជា រួម​ទាំង​អ្នក​ដែល​កំពុង​ឃុំ​ខ្លួន​បណ្ដោះអាសន្ន និង​អ្នក​ដែល​ជាប់​ពន្ធនាគារ​បន្ទាប់​ពី​ការ​កាត់ទោស​ដោយ​ហេតុផល​នយោបាយ។ ពួកគេ​រួម​មាន​សមាជិក​បក្ស​ប្រឆាំង អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន​ដីធ្លី និង​បរិស្ថាន និង​អ្នក​សារព័ត៌មាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស