29 C
Phnom Penh

លោក សយ សុភាព ថា​ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​បក្ស​ភ្លើង​ទៀន​ខុស​នីតិវិធី​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល រិះគន់​ថា ការ​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ធ្វើឡើង​ខុស​នីតិវិធី​ច្បាប់​ពី​សំណាក់​តុលាការ​ខេត្ត​កំពង់ធំ។ លោក​បន្ត​ថា ចំណាត់ការ​នេះ​ធ្វើ​ឱ្យ​អាម៉ាស់​ដល់​ស្ថាប័ន​តុលាការ ប៉ះពាល់​មុខមាត់​គណបក្ស​កាន់​អំណាច និង​កិត្តិយស​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក សយ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២២ មិថុនា នេះ ស្នើ​ឲ្យ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ពិចារណា​ឡើងវិញ​ពី​ទង្វើ​មិន​ត្រឹមត្រូវ​របស់​ខ្លួន កុំ​អាង​តែ​មាន​អំណាច​ធ្វើ​អ្វីៗ​ស្រេច​នឹង​ចិត្ត ដើម្បី​យកចិត្ត​ថ្នាក់លើ​របស់​ខ្លួន ព្រោះ​ថា​ការ​ធ្វើ​បែប​នេះ​ប្រៀប​បាន​ទៅ​នឹង​បើក​ក្លៀក​ឱ្យ​អ្នក​នៅ​ខាងក្រៅ​អាច​វាយប្រហារ​លើ​ស្ថាប័ន​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ពេញ​ទំហឹង។ លោក​ចាត់ទុក​ថា ទង្វើ​របស់​មន្ត្រី​ប្រភេទ​នេះ គឺ​ទង្វើ​របស់​មន្ត្រី​គ្រាប់​ល្ពៅ​ប៉ុណ្ណោះ។

លោក សយ សុភាព លើក​ជា​សំណួរ​ថា តើ​មាន​មាត្រា​នៃ​ច្បាប់​ណា​ដែល​អាច​ដាក់​ទោស​លើ​មន្ត្រី​តុលាការ​ខេត្ត​កំពង់ធំ ដែល​បាន​អនុវត្ត​ច្បាប់​ដោយ​ខុស​នីតិវិធី​ឬ​ទេ? លោក​បន្ថែម​ថា ជន​រងគ្រោះ​ដែល​រង​នូវ​ការ​ចាប់​ខ្លួន​ខុស​នីតិវិធី​បែប​នេះ តើ​ពួកគេ​នឹង​ទទួល​នូវ​ភាព​អយុត្តិធម៌​កម្រិត​ណា​ចំពោះ​ខ្លួនឯង និង​ក្រុម​គ្រួសារ​នៅ​ពេលនេះ?

ការ​អះអាង​របស់​អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​សាលាដំបូង​ខេត្ត​កំពង់ធំ បាន​ចាប់​ខ្លួន​បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​គណបក្ស​ភ្លើង​ទៀន លោក ញឹម សារ៉ុម ដោយ​ខុស​នីតិវិធី​ច្បាប់​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រោយពី​មាន​ការ​រិះគន់​នេះ មេឃុំ​ជាប់​ឆ្នោត​របស់​បក្ស​ភ្លើង​ទៀន​ឃុំ​ចំណារលើ ខេត្ត​កំពង់ធំ លោក ញឹម សារ៉ុម ត្រូវ​បាន​សមត្ថកិច្ច​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ក្រោយពី​បាន​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ អស់​មួយ​យប់ បន្ទាប់ពី​តុលាការ​បាន​ពិនិត្យ​លើ​ឯកសារ​ភស្តុតាង​នៃ​ដំណើររឿង​កាលពី ១១​ឆ្នាំ​មុន​រួចរាល់។

ឯកសារ​ភស្តុតាង​នៃ​ដំណើររឿង​កាលពី​ឆ្នាំ​២០១១ ដែល​ត្រូវ​បាន​បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២២ មិថុនា នេះ បញ្ជាក់​ថា លោក ញឹម សារ៉ុម មិន​មែន​ជា “ចោរ​ប្លន់” ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ខេត្ត​កំពង់ធំ នោះ​ឡើយ ព្រោះ​ថា​ដំណើរ​រឿង​នេះ​គឺ​ផ្តើម​ចេញពី​ការ​ជំពាក់​ប្រាក់​កាលពី ២០​ឆ្នាំ​មុន​ប៉ុណ្ណោះ ហើយ​ជម្លោះ​នៃ​រឿង​ជំពាក់​ប្រាក់​នេះ​ក៏​បាន​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ ដែល​ធ្វើឡើង​ដោយ​មេឃុំ​ចំណារលើ និង​នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​ចំណារលើ កាលពី​ឆ្នាំ​២០១១ ចប់​សព្វគ្រប់​អស់​ហើយ​ដែរ។

លោក ញឹម សារ៉ុម ធ្លាប់​ជាប់​ឆ្នោត​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​មកពី​គណបក្ស សម រង្ស៊ី កាលពី​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ លោក​បាន​ជាប់​ឆ្នោត​ជា​ជំទប់​ទី​១ ឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដដែល មកពី​គណបក្ស​សង្គ្រោះ​ជាតិ លុះ​ដល់​ឆ្នាំ​២០២២ នេះ លោក​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ចំណារលើ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មកពី​គណបក្ស​ភ្លើង​ទៀន តែម្តង។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ បេក្ខជន​មេឃុំ​ជាប់​ឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន ខេត្ត​កំពង់ធំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​តាម​សាលដីកា​សាលាដំបូង​ខេត្ត​កំពង់ធំ ដែល​បាន​ចោទប្រកាន់​ពី​បទ “ប្លន់” ថា​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០២ កន្លងទៅ ប៉ុន្តែ​ការ​ចាប់​ខ្លួន​នេះ​ត្រូវ​គេ​មើល​ឃើញ​ថា​ធ្វើឡើង​ដោយ​ខុស​នីតិវិធី​ច្បាប់​ប៉ុណ្ណោះ៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស