30.1 C
Phnom Penh

លោក ទៀ បាញ់៖ ការ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​ក្នុង​តំបន់​អាស៊ាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លើកឡើង​ថា ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​នៅតែ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ាន បើ​ពុំ​មាន​ការ​គ្រប់គ្រង​ឱ្យ​បាន​ត្រឹមត្រូវ អាច​នឹង​បង្ក​ជា​ហានិភ័យ​ដល់​សន្តិភាព ស្ថិរភាព វិបុលភាព​របស់​តំបន់ និង​សកលលោក។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​លើក​ទី​១៦ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ នៅ​ឯ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា ថា ការ​ពង្រឹង​សាមគ្គីភាព ឯកភាព ការ​គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក និង​រួម​គ្នា​ដោះស្រាយ​បញ្ហា គឺជា​វិធី​ឈ្នះ​ឈ្នះ​ទាំងអស់​គ្នា។

លោក ទៀ បាញ់ បាន​ជំរុញ​ឱ្យ​ភាគី​ទាំងអស់​ពង្រឹង​នូវ​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ពហុភាគី​និយម​ដែល​ត្រូវ​គោរព​នូវ​ច្បាប់​អន្តរជាតិ គោរព​ផលប្រយោជន៍​គ្នា​ទៅវិញ​ទៅមក រក្សា​ការ​អត់ធ្មត់​ជា​អតិបរិមា និង​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ​ណា​មួយ​ដែល​អាច​កើតឡើង​ដោយសារ​ភាព​តានតឹង​នេះ។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ទទួល​ផល​ប៉ះពាល់​ផ្នែក​សន្តិសុខ​សឹងតែ​ប្រហាក់ប្រហែល​គ្នា​ចាប់តាំងពី​សម័យ​អាណានិគម​មក ហើយ​ឥទ្ធិពល​នៃ​ការ​ប្រកួតប្រជែង​រវាង​មហាអំណាច ការ​បែងចែក​ផ្នែក​មនោគមន៍វិជ្ជា និង​ការ​គាប​សង្កត់​ប្រទេស​តូចៗ​ដែល​នាំ​ឱ្យ​មាន​សង្គ្រាម​ស៊ីវិល គឺ​នៅតែ​បន្ត​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។

ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បែប​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា មហាអំណាច​កុម្មុយនីស្ត និង​មហាអំណាច​លោក​សេរី កំពុងតែ​ដណ្តើម​ឥទ្ធិពល​គ្នា​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ការ​ប្រកួតប្រជែង​របស់​មហាអំណាច​រវាង​កុម្មុយនីស្ត និង​លោក​សេរី​សព្វថ្ងៃ​នេះ ត្រូវ​គេ​អះអាង​ថា ប្រការ​ដែល​គួរ​ឱ្យ​បារម្ភ​បំផុត​នោះ គឺ​គេ​ខ្លាច​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ណា​មួយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ និង​ទៅ​អនាគត លួច​បម្រើ​អនុត្តរភាព​របស់​មហាអំណាច​កុម្មុយនីស្ត​ចិន ដែល​កំពុង​វាតទី​ភូមិសាស្ត្រ​នយោបាយ​របស់​ពួកគេ​នៅ​ពេល​នេះ។

បញ្ហា​នេះ ក៏​ត្រូវ​គេ​លើកឡើង​ដែរ​ថា មហាអំណាច​លោក​សេរី​គ្មាន​ផែនការ និង​បំណង​ឈ្លានពាន ឬ​គ្រប់គ្រង​ប្រទេស​ណា​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នោះ​ឡើយ មាន​តែ​មហាអំណាច​កុម្មុយនីស្ត​ចិន​ប៉ុណ្ណោះ​ដែល​គេ​ទទួលស្គាល់​គ្រប់​គ្នា​ថា មាន​បំណង​វាតទី​ពង្រីក​ឥទ្ធិពល​នយោបាយ​របស់​ខ្លួន​លើ​ប្រទេស​តូចៗ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មហាអំណាច​លោក​សេរី គឺ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​សម្ពន្ធមិត្ត​របស់​ខ្លួន​ដែល​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ឈ្លានពាន​របស់​ចិន ដែល​នឹង​បង្ក​ឱ្យ​មាន​បញ្ហា​ក្នុង​តំបន់​កាន់តែ​ធ្ងន់ធ្ងរ។

អ្នក​តាមដាន​ស្ថានការណ៍​កម្ពុជា លោក សុខ សុគន្ធ ធ្លាប់​បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​ថា មុខ​សញ្ញា​នៃ​ការ​បម្រើ​ភូមិសាស្ត្រ​នយោបាយ​ឱ្យ​មហាអំណាច​កុម្មុយនីស្ត​ចិន​នៅ​ពេលនេះ គឺ​មាន​តែ​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជា​អូស្ត្រាលី និង​ជប៉ុន ជាដើម មាន​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​នេះ​យ៉ាង​ខ្លាំង។

លោក សុខ សុគន្ធ លើកឡើង​ថា បញ្ហា​វត្តមាន​កងទ័ព​ជើងទឹក​ចិន​នៅ​មូលដ្ឋាន​ជើងទឹក​រាម​របស់​កម្ពុជា គឺជា​ចំណោទ​ដ៏​សំខាន់​ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ព្រមទាំង​សហរដ្ឋ​អាមេរិក​ផង ទាមទារ​ឱ្យ​កម្ពុជា​សម្ដែង​ភាព​ស្មោះត្រង់​លើ​បញ្ហា​នេះ។ លោក​បន្ត​ថា តំបន់​រាម គឺជា​ចំណុច​ភូមិសាស្ត្រ​នយោបាយ​មួយ​ដ៏​សំខាន់​ដែល​អាច​ឱ្យ​ចិន​ឈរ​ជើង​ក្នុង​ការ​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​ជាប់​ដែនសមុទ្រ​ចិន​ខាងត្បូង ដូចជា​ថៃ វៀតណាម ឥណ្ឌូនេស៊ី រហូត​ដល់​ប្រទេស​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជា​ប្រទេស​អូស្ត្រាលី ជាដើម បាន​ដោយ​ងាយ។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ពាក់កណ្តាល​ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ ឧបការី​ការបរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy R. Sherman បាន​ជំរុញ​ឲ្យ​កម្ពុជា​អនុវត្ត​នូវ​ធម្មនុញ្ញ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​បញ្ចៀស​នូវ​ការ​ដាក់​ខ្លួន​បម្រើ​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ណា​មួយ​ដែល​នឹង​បង្ក​ទៅ​ជា​បញ្ហា​ស្មុគស្មាញ​ក្នុង​តំបន់ ជាពិសេស​មូលដ្ឋាន​ជើងទឹក​រាម ដែល​គេ​សង្ស័យ​ថា​កម្ពុជា​បាន​ចុះ​កុងត្រា​សម្ងាត់​ឱ្យ​កងទ័ព​ចិន​ឈរ​ជើង​សម្រាប់​បម្រើ​វិស័យ​យោធា​របស់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

ជុំវិញ​បញ្ហា​នេះ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បាន​ប្រកាស​ជា​ផ្លូវការ​បើក​ឱ្យ​មាន​ក្របខ័ណ្ឌ​សេដ្ឋកិច្ច​ឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០២២ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ចិន ដែល​កំពុងតែ​រាតត្បាត​ក្នុង​តំបន់​នា​ពេលនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស