34 C
Phnom Penh

សមាជិក​គណបក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិក​បក្ស​ភ្លើង​ទៀន ២​នាក់​ត្រូវ​បាន​ស្ថាប័ន​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ​រដ្ឋ បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន​ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ។

បេក្ខជន​ជាប់​ឆ្នោត​ជា​ចៅសង្កាត់​រង​ទី​២ សង្កាត់​ច្បារអំពៅទី១ រាជធានី​ភ្នំពេញ លោក កែវ សុមុនី ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ចេញ​សេចក្តី​ប្រកាស​លុប​ឈ្មោះ​ចេញពី​ក្រសួង​សុខាភិបាល​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដោយ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​លុប​ឈ្មោះ​នេះ​ទេ។

លោក កែវ សុមុនី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ក្រសួង​បាន​លុប​ឈ្មោះ​របស់​លោក​ចេញពី​ក្របខ័ណ្ឌ​ភ្លាមៗ ដោយ​មិន​បាន​ហៅ​ទៅ​ណែនាំ និង​បង្ហាញ​ពី​វិន័យ​ដែល​លោក​ធ្វើ​ខុស​នោះ​ឱ្យ​បាន​ច្បាស់លាស់​ឡើយ។ ករណី​នេះ លោក​ស្នើ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ហេតុផល និង​ពិនិត្យ​ចំពោះ​ការ​សម្រេច​លុប​ឈ្មោះ​លោក​ឡើងវិញ។

ដោយឡែក​ប្រធាន​ក្រុម​ការងារ​បណ្ដោះអាសន្ន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ លោក អេង ស្រូយ ក៏​ត្រូវ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ចេញ​សេចក្តី​ប្រកាស​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២២ នេះ ដើម្បី​បណ្តេញ​ចេញពី​គ្រូ​នគរបាល​ជាតិ​ផង​ដែរ ក្រោម​មូលហេតុ​ថា លោក អេង ស្រូយ បាន​បោះបង់​ការងារ​របស់​ខ្លួន។

ការ​បណ្តេញ​សមាជិក​គណបក្ស​ភ្លើង​ទៀន និង​ការ​ចោទ​ប្តឹង ព្រមទាំង​ការ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​មក​នេះ គឺ​ធ្វើឡើង​បន្ទាប់ពី​អ្នក​ទាំងនោះ​បាន​ចូលរួម​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើង​ទៀន ដែល​បាន​ចូលរួម​ការ​បោះឆ្នោត​កាលពី​ពេល​ថ្មីៗ​នេះ។

ក្រោយ​ការ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ថ្ងៃទី​៥ ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ សមាជិក​គណបក្ស​ភ្លើង​ទៀន និង​មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​ត្រូវ​រង​នូវ​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​រដ្ឋាភិបាល​កម្ពុជា​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​អ្នក​ខ្លះ​រង​នូវ​ពាក្យ​បណ្តឹង អ្នក​ខ្លះ​រង​នូវ​ការ​ចាប់​ខ្លួន និង​អ្នក​ខ្លះ​ទៀត​រង​នូវ​ការ​បណ្តេញ​ពី​តួនាទី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ដូច​ពេលនេះ​ជាដើម។

អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ថា ក្នុង​ករណី​នៃ​ការ​លុប​ឈ្មោះ​មន្ត្រី​រាជការ​ពី​ក្របខ័ណ្ឌ​រដ្ឋ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​ពី​បក្ស​កាន់​អំណាច ដោយ​មិន​មាន​មូលហេតុ​សមស្រប ឬ​បង្ហាញ​ពី​កំហុស​របស់​អ្នក​ទាំងនោះ​ច្បាស់លាស់ គឺជា​ការ​បង្ហាញ​ពី​ការ​រើសអើង​និន្នាការ​នយោបាយ​ប៉ុណ្ណោះ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា ការ​ធ្វើ​បែប​នេះ​ក៏​ជា​ការ​បង្ក​នូវ​ការ​មិន​ពេញចិត្ត​ទៅ​ដល់​មន្ត្រី​រាជការ​ផ្សេង​ទៀត​ដែល​គាំទ្រ​គណបក្ស​ដទៃ​ផង​ដែរ ដែល​គេ​អាច​មើល​ឃើញ​ថា ចំណាត់ការ​នេះ​អនុវត្ត​តែ​ទៅ​លើ​អ្នក​ដែល​មិន​គាំទ្រ​បក្ស​កាន់​អំណាច ចំណែក​អ្នក​ដែល​មាន​និន្នាការ​ស្រប​នឹង​ខ្លួន បែរ​ជា​អាច​ធ្វើ​អ្វីៗ​បាន​ដោយ​សេរី រហូត​មាន​មន្ត្រី​រាជការ​ខ្លះ​ទៀត​យក​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើ​ការ​បក្ស​ថែម​ទៀត។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ឡើងវិញ​នូវ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន ដើម្បី​ធានា​នូវ​ការ​គោរព​សិទ្ធិ​ពលរដ្ឋ​ជា​មូលដ្ឋាន​ដែល​បាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ស្តីអំពី​សិទ្ធិ​ចូលរួម​ក្នុង​នយោបាយ ស្រប​តាម​សង្គម​ដែល​ប្រកាន់​យក​របប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ដើម្បី​ធានា​នូវ​ការ​មិន​រើសអើង​និន្នាការ​នយោបាយ​របស់​គណបក្ស​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ។

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ ហើយ​សេចក្តី​ស្នើ​ទាំងឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ​ផង​ដែរ។

ជុំវិញ​ការ​បណ្តេញ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចេញពី​តួនាទី​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​នេះ សារព័ត៌មាន The Cambodia Daily នៅ​មិន​ទាន់​អាច​ទាក់ទង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​ករណី​នេះ​បាន​នៅឡើយ​ទេ​រហូត​មក​ទល់​នឹង​ម៉ោង​ផ្សាយ​នេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស