41.3 C
Phnom Penh

អ្នក​ឃ្លាំមើល​ថា​ករណី​លោក កឹម សុខា គឺ​តុលាការ​កាត់ទោស​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នកវិភាគ​នយោបាយ និង​សង្គម លើកឡើង​ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូចជា​ករណី​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា គឺជា​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​មុន​ការ​ជំនុំជម្រះ​ក្តី។

អ្នកវិភាគ​នយោបាយ និង​សង្គម បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៣ មិថុនា ថា ការ​ដាក់​ឲ្យ​ជន​ជាប់ចោទ​នៅ​ក្រៅ​ឃុំ​តាមរយៈ​នៃ​ការ​បំបិទ​សិទ្ធិ​ឱ្យ​រស់នៅ​ក្នុង​ផ្ទះ​ក្នុង​ចេតនា​អូស​បន្លាយ​ពេលវេលា​នៃ​ការ​កាត់ក្តី ដូច​សកម្មភាព​អាជ្ញាធរ​កម្ពុជា​ធ្វើ​លើ​លោក កឹម សុខា ដោយ​ការ​បិទ​សិទ្ធិ​សេរីភាព​ឱ្យ​ត្រឹមតែ​រស់នៅ​ក្នុង​ផ្ទះ​សព្វថ្ងៃ​នេះ គឺ​មិន​ខុសពី​ការ​កាត់ទោស​ជន​ជាប់ចោទ​ពី​បទ​ឧក្រិដ្ឋ​មុន​ការ​ជំនុំជម្រះ​ដូច្នោះ​ដែរ។

បណ្ឌិត ឡៅ ម៉ុងហៃ លើកឡើង​ថា ការ​ឃុំ​ខ្លួន​ជន​ជាប់ចោទ និង​ទណ្ឌិត​នៅ​មន្ទីរ​ឃុំឃាំង​ពន្ធនាគារ​ឆ្ងាយៗ​ពី​ភូមិសាស្ត្រ​ក្នុង​ដែន​សមត្ថកិច្ច​របស់​អយ្យការ​ចោទប្រកាន់ និង​តុលាការ​កាត់ក្តី​ដូច​ករណី​លោក កឹម សុខា ដែល​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ និង​ការ​ឃុំ​ខ្លួន​កញ្ញា សេង ធារី នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ នៅ​ពេលនេះ សុទ្ធសឹងតែ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​អយុត្តិធម៌​លើ​ពួកគេ​យ៉ាង​ធ្ងន់ធ្ងរ។

ការ​ត្អូញត្អែរ​របស់​អ្នកវិភាគ​នយោបាយ និង​សង្គម​បែប​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​បាន​ចាប់​ឃុំ​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ព្រមទាំង​អូស​បន្លាយ​ពេលវេលា​នៃ​ការ​ជំនុំជម្រះ​ក្តី​លើ​សំណុំរឿង​របស់​លោក​អស់​រយៈពេល​ជិត ៥​ឆ្នាំ​មក​នេះ។

កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ លោក កឹម សុខា ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ​ឃុបឃិត​ជាមួយ​បរទេស និង​ត្រូវ​ឃុំ​ខ្លួន​នៅ​គុក​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ ជាង ១​ឆ្នាំ។ លុះ​ដល់​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក កឹម សុខា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ដទៃ ឬ​ចាកចេញ​ពី​គេហដ្ឋាន​របស់​ខ្លួន​នោះ​ទេ ពោល​គឺ​ជា​ការ​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​បន្ត​ទៀត។

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ លោក កឹម សុខា ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ​ផ្តល់​សិទ្ធិ​សេរីភាព​មួយ​កម្រិត​ទៀត​តាមរយៈ​ការ​កែប្រែ​លក្ខខណ្ឌ​មួយ​ចំនួន ដោយ​តុលាការ​អនុញ្ញាត​ឱ្យ​លោក​អាច​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង​ក្នុង​ប្រទេស ប៉ុន្តែ​ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព ឬ​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ និង​ចេញ​ក្រៅ​ប្រទេស​ជាដាច់ខាត និង​ត្រូវ​ស្ថិត​ក្រោម​ការ​តាមដាន​របស់​តុលាការ​ជា​ប្រចាំ។

យ៉ាងណាក៏ដោយ មក​ទល់​នឹង​ពេលនេះ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅតែ​មាន​ភាព​ស្អាតស្អំ ព្រោះ​តុលាការ​មិន​ទាន់​ចេញ​សាលក្រម​សម្រេច​ថា​លោក​មាន​ទោស ឬ​គ្មាន​ទោស​នៅឡើយ​ទេ ខណៈ​រដ្ឋ​បរទេស​ដែល​តុលាការ​បាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​រូបលោក ក៏​តុលាការ​មិន​បាន​បង្ហាញ​អត្តសញ្ញាណ​ថា​ជា​រដ្ឋ​បរទេស​មួយ​ណា​នោះ​ដែរ។

ទាក់ទិន​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សង្កេតការណ៍​ធ្លាប់​រិះគន់​ថា ប្រសិនបើ​សំណុំរឿង​លោក កឹម សុខា ជា​សំណុំរឿង​ស្ថិត​ក្នុង​ការ​ចាត់ចែង​របស់​តុលាការ នោះ​ករណី​នេះ​នឹង​ត្រូវ​បាន​ជំនុំជម្រះ​កាត់​សេចក្តី​រួច​ស្រេច​ទៅ​ហើយ ព្រោះ​ថា​តុលាការ​អាច​ឃុំ​ខ្លួន​ជនសង្ស័យ​យ៉ាង​យូរ​បាន​ត្រឹមតែ ១៨​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​ករណី​របស់​លោក កឹម សុខា បាន​អូស​បន្លាយ​ពេល​ជំនុំជម្រះ​ក្តី​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេលនេះ គឺ​មាន​ន័យ​ថា​សំណុំ​រឿង​នេះ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ។

យោង​តាម​មាត្រា​៣៨ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា បើ​មាន​ធាតុ​ផ្សំ​ណា​មួយ​នៅ​មាន​ការ​សង្ស័យ តុលាការ​ត្រូវតែ​ឱ្យ​ជន​ជាប់ចោទ​រួច​ខ្លួន​ជាដាច់ខាត មិន​អាច​បន្ត​ឃុំ​ខ្លួន​ទៀត​បាន​ទេ។

របាយការណ៍​ស្ដីពី​នីតិរដ្ឋ ឆ្នាំ​២០២១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក (The World Justice Project) បាន​លាតត្រដាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​ដឹកនាំ​គ្មាន​តម្លាភាព ពោរពេញ​ដោយ​ការ​គំរាមកំហែង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​មិន​ធានា​បាន​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​តាម​ផ្លូវ​តុលាការ​ជាដើម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស