29 C
Phnom Penh

អាជ្ញាធរ​ខេត្ត​កំពង់ធំ​ព្រមាន​ចាត់​វិធានការ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អភិបាល​រង​ខេត្ត​កំពង់ធំ ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​ដែល​លួច​បង្ខិត​បង្គោល​ព្រំ​សម្គាល់​តំបន់​អភិរក្ស​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ប្រសិនបើ​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ពិនិត្យ​រក​ឃើញ។

អភិបាលរង​ខេត្ត​កំពង់ធំ លោក សុខ ហៃ បាន​លើកឡើង​ក្នុង​ពេល​ចុះ​ពិនិត្យ និង​បោះ​បង្គោល​ទីតាំង​ដី​តំបន់​៣ ក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប​ដែល​លោក ហ៊ុន សែន ប្រកាស​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ ស្ថិត​នៅ​ភូមិ​ខ្សាច់ជីរស់ ឃុំ​កំពង់គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​២២ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា បើ​មាន​ជន​ណា​ហ៊ាន​លួច​ទន្ទ្រាន​ដី​តំបន់​៣ ដែល​បាន​កាត់​ឆ្វៀល​នេះ សូម​ពលរដ្ឋ​នាំគ្នា​រាយការណ៍​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​អនុវត្ត​ចំណាត់ការ​ច្បាប់​លើ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​ល្មើស​ទាំងនោះ។

លោក សុខ ហៃ បាន​អះអាង​ថា បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​កាត់​ឆ្វៀល​រួចមក ពលរដ្ឋ​អាច​មាន​សិទ្ធិ​អាស្រ័យ​ផល និង​ធ្វើ​ការ​ទិញ​លក់​បាន​ដោយ​ស្រប​ច្បាប់។ ដោយឡែក​អ្នក​ដែល​មាន​ព្រំ​ដី​ជាប់​ជាមួយ​ដី​របស់​រដ្ឋ ត្រូវ​រួម​គ្នា​ដាំ​ដើមឈើ​ឡើងវិញ​គ្រប់​គ្នា​ទាំងអស់ និង​ហាម​ដាច់ខាត​នូវ​ការ​ពង្រីក​បន្ថែម​ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​បន្ត​ទៀត។

អភិបាលរង​ខេត្ត​កំពង់ធំ​រូប​នេះ​បញ្ជាក់​ថា ការ​ដាំ​បង្គោល ឬ​បោះ​បង្គោល​ព្រំ​កំណត់​ទីតាំង​ដី ត្រូវ​បោះ​ឲ្យ​បាន​ជាប់​ជា​អចិន្ត្រៃយ៍ មិន​មែន​គ្រាន់​បោះ​បង្គោល​លំៗ​ឱ្យ​តែ​ល្អ​មើល​នោះ​ទេ។ ជាង​នេះ​ទៀត ក្រុម​ការងារ​ថ្នាក់​ខេត្ត​នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​បង្គោល​ព្រំ​ដី​ទាំងនោះ​រៀងរាល់ ៦​ខែ​ម្តង​ដែល​មាន​និយាម​ការណ៍​កំណត់​ច្បាស់លាស់​ផង​ដែរ ដូច្នេះ​ពលរដ្ឋ​មិន​អាច​លួច​រំកិល​បង្គោល​ព្រំ​ដី​ទាំងនោះ​បាន​ឡើយ។

កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ពី​តំបន់​២ និង​តំបន់​៣ ជុំវិញ​បឹង​ទន្លេសាប ឱ្យ​ពលរដ្ឋ​កាន់កាប់​វិញ ដើម្បី​អាស្រ័យ​ផល និង​អាច​ទិញ​លក់​បាន​ដោយ​ស្រប​ច្បាប់ ក្នុង​នោះ​អាជ្ញាធរ​កម្ពុជា​នឹង​ចេញ​ប្លង់​កម្មសិទ្ធិ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ពលរដ្ឋ​ដើម្បី​បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ផង​ដែរ។

លោក ហ៊ុន សែន លើកឡើង​ថា តំបន់​បឹង​ទន្លេសាប​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​កត្តា​ចាំបាច់ គឺ​កត្តា​ទី​១ ត្រូវតែ​ការ​អភិរក្ស និង​កត្តា​ទី​២ ត្រូវតែ​គិត​ដល់​ផលប្រយោជន៍​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​បឹង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​អាស្រ័យ​ផល​របស់​ពួកគេ។

ជុំវិញ​ការ​ប្រកាស​កាត់​ឆ្វៀល​តំបន់​ព្រៃ​លិច​ទឹក​ជុំវិញ​បឹង​ទន្លេសាប​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២២ កន្លងទៅ ដោយ​សម្រេច​កែសម្រួល​ផ្ទៃដី​ខេត្ត​កំពង់ធំ ទំហំ ១​ម៉ឺន ១៤​ហិកតារ ដែល​ត្រូវ​កាត់​ចេញពី​តំបន់​២ បញ្ចូល​ទៅ​តំបន់​១ និង​ទំហំ​ផ្ទៃដី ៦៣៦៥​ហិកតារ ដែល​ត្រូវ​កាត់​ចេញ​ពី​តំបន់​៣ ចូល​ទៅ​តំបន់​២ វិញ ដើម្បី​ឱ្យ​ពលរដ្ឋ​អាស្រ័យ​ផល​បន្ត​ទៀត​ចំពោះ​ពលរដ្ឋ​ណា​ដែល​បាន​កាន់កាប់​អស់​រយៈពេល​ចំនួន ១០​ឆ្នាំ​កន្លងមក។

ក្នុង​នោះ ក៏​មាន​អនុក្រឹត្យ​ដាច់ដោយឡែក​ចំនួន​ពីរ​ទៀត​ដែរ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​ដី​ចេញពី​តំបន់​៣ ដូច​គ្នា​នៃ​ផ្ទៃដី​បឹង​ទន្លេសាប ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិ៍សាត់ ឱ្យ​ទៅ​ពលរដ្ឋ​ដើម្បី​អាស្រ័យ​ផល​តាម​ការ​ស្នើសុំ ប៉ុន្តែ​សម្រាប់​ខេត្ត​ដែល​ជាប់​បឹង​ទន្លេសាប​ដទៃ​ទៀត​នៅ​មិនទាន់​ទទួល​បាន​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ក្នុង​ការ​កាត់​ឆ្វៀល​តំបន់​អភិរក្ស​នៃ​បឹង​ទន្លេសាប ដើម្បី​ឱ្យ​ពលរដ្ឋ​អាស្រ័យផល​នៅឡើយ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស