31.8 C
Phnom Penh

ក្រសួង​ការងារ​ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​កម្មករ​ណាហ្គា​ទៅ​តុលាការ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការងារ ព្រមាន​បញ្ជូន​សំណុំរឿង​វិវាទ​ការងារ​រវាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ទៅ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ ប្រសិនបើ​វិវាទ​នេះ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​ដោយ​ការ​ផ្សះផ្សា ឬ​តាម​នីតិវិធី​ណា​មួយ​បាន​ទេ​នោះ។

ប្រភព​ដដែល​បញ្ជាក់​ថា ការ​ជួប​ចរចា​រវាង​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​តំណាង​ថៅកែ​ក្រុមហ៊ុន​នេះ​នៅតែ​មិនទាន់​អាច​ឈាន​ដល់​ដំណាក់កាល​រក​ចំណុច​ព្រមព្រៀង​គ្នា​នៅឡើយ​ទេ បើ​ទោះបីជា​ភាគី​ទាំង​ពីរ​បាន​ឆ្លងកាត់​ការ​ចរចា​ជាច្រើន​លើក​ច្រើនសា​ជាមួយ​គ្នា​នា​ពេល​កន្លងមក​ក៏ដោយ។

ក្រសួង​ការងារ បាន​ចេញ​សេចក្តី​ជូនដំណឹង​ស្ដីពី​វឌ្ឍនភាព​នៃ​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​២២ ខែ​មិថុនា ថា​តំណាង​ភាគី​កម្មករ​និយោជិត​បាន​សំណូមពរ​ទៅ​កាន់​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ឱ្យ​ទទួល​យក​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​ជិត ២០០​នាក់ ចូល​ធ្វើ​ការងារ​វិញ ដោយ​ដោះដូរ​ជាមួយ​កម្មករ​និយោជិត​ដែល​កំពុង​បម្រើ​ការងារ​ដែល​ពួកគេ​ចង់​ស្ម័គ្រចិត្ត​លាឈប់​ពី​ការងារ​ប្រហែល ៣០០​នាក់។

ជាង​នេះ​ទៀត តំណាង​ភាគី​កម្មករ​និយោជិត​ក៏​បាន​ស្នើសុំ​ឱ្យ​តំណាង​ក្រុមហ៊ុន​ទម្លាក់​ចោល​រាល់​បទ​ចោទ​ទាំងអស់​មក​លើ​ថ្នាក់​ដឹកនាំ​សហជីព និង​សមាជិក​ដែល​ត្រូវ​បាន​ចោទប្រកាន់ ព្រមទាំង​ស្នើសុំ​ឱ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​រើសអើង​អ្នក​ធ្វើ​កូដកម្ម​ផង​ដែរ តាមរយៈ​នៃ​ការ​ផ្អាក​វិភាគទាន ប.ស.ស ដោយ​ការ​មិន​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ស្ត្រី​សម្រាក​លំហែ​មាតុភាព ព្រោះ​ថា​មិន​មាន​ច្បាប់ ប.ស.ស ណា​មួយ​បាន​ចែង​ពី​ការ​ផ្អាក​វិភាគទាន ប.ស.ស ដល់​កម្មករ​ដែល​ធ្វើ​កូដកម្ម​នោះ​ឡើយ។

ក្រសួង​ការងារ​កម្ពុជា​អះអាង​ថា ខាង​ភាគី​តំណាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ច្រានចោល​ទាំងស្រុង​នូវ​សំណើ​ទាំងអស់​របស់​តំណាង​ភាគី​កម្មករ​និយោជិត ក្នុង​នោះ​ភាគី​ក្រុមហ៊ុន​ជំរុញ​ឱ្យ​កម្មករ​និយោជិត​ដែល​ខ្លួន​បាន​បញ្ឈប់​នៅសល់ ១៧២​នាក់ ព្រម​ទទួល​យក​ការ​សម្របសម្រួល​របស់​ក្រសួង​ការងារ​ដើម្បី​បញ្ចប់​វិវាទ​នេះ។

ជាង​នេះ​ទៀត ភាគី​ខាង​ក្រុមហ៊ុន​បាន​បដិសេធ​នូវ​សំណើ​ដែល​សុំ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​វិភាគទាន ប.ស.ស ដល់​បុគ្គលិក​ដែល​ធ្វើ​កូដកម្ម​ផង​ដែរ ព្រោះ​ភាគី​ខាង​ក្រុមហ៊ុន​អះអាង​ថា វិភាគទាន ប.ស.ស គឺ​ពឹង​ផ្អែក​លើ​ចំណូល​ជាក់ស្តែង​របស់​បុគ្គលិក​ម្នាក់​ដែល​ធ្វើ​ការងារ​ឱ្យ​ក្រុមហ៊ុន ប៉ុន្តែ​បើ​បុគ្គលិក​ទាំងនោះ​មិន​បាន​ធ្វើការ​ទេ ក្រុមហ៊ុន​មិន​អាច​បង់​វិភាគទាន ប.ស.ស សម្រាប់​ពួកគេ​ឡើយ។

កាលពី​ចុងឆ្នាំ​២០២១ កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​ក្រុមហ៊ុន​ដែល​បាន​រំលោភ​លើ​សិទ្ធិ​ការងារ​របស់​ពួកគេ។ ការ​ធ្វើ​កូដកម្ម​នេះ ក៏​មាន​តំណាង​សហជីព និង​សមាជិក ១១​រូប ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ផង​ដែរ ប៉ុន្តែ​ក្រោយពី​មាន​ការ​សម្របសម្រួល ពួកគេ​ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ខណៈ​បទ​ចោទប្រកាន់​ដែល​តុលាការ​ចោទ​ទៅ​លើ​តំណាង​សហជីព និង​សមាជិក ១១​រូប​នោះ​មិនទាន់​ត្រូវ​បាន​ទម្លាក់​ចោល​នៅឡើយ​ទេ។

កូដករ​មួយ​រូប​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ គឺ​កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា ក្រសួង​ការងារ​មិន​មាន​ចេតនា​ក្នុង​ការ​សម្របសម្រួល ឬ​ដោះស្រាយ​វិវាទ​ការងារ​របស់​កម្មករ​នោះ​ទេ ព្រោះ​កាល​ពី​ពេល​កន្លងទៅ ក្រសួង​បាន​ហៅ​តំណាង​សហជីព និង​ភាគី​ក្រុមហ៊ុន​ចូល​ចរចា​ជាង ១០​លើក​រួច​មក​ហើយ ទោះបីជា​ខាង​សហជីព​ខំ​រក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ទាំង​សងខាង​យ៉ាងណាក៏ដោយ។

កញ្ញា​បន្ត​ថា ក្រសួង​ការងារ​ហាក់ដូចជា​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន ហើយ​ព្យាយាម​រុញ​វិវាទ​ការងារ ខណៈ​ដែល​កម្មករ​និយោជិត​បាន​បោះឆ្នោត​ជ្រើសរើស​យក​នីតិវិធី​ក្នុង​ការ​ចេញ​ធ្វើ​កូដកម្ម ក្រោយ​បញ្ចប់​នីតិវិធី​នៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល។

កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា បន្ត​ថា ការ​តស៊ូ​ក្តី​នៅ​តុលាការ គឺ​ត្រូវ​ចំណាយ​ថវិកា តើ​កម្មករ​និយោជិត​មាន​ថវិកា​ឯណា​នៅ​តស៊ូ​ក្ដី​ជាមួយ​នាយទុន​ដែល​មាន​ប្រាក់​វាល់​លាន​នោះ? កញ្ញា​បន្ត​ថា យុទ្ធសាស្ត្រ​របស់​ក្រសួង​ការងារ​ហាក់​ចង់​បំបិទ​សិទ្ធិ​ក្នុង​ការ​តវ៉ា​របស់​បុគ្គលិក​កម្មករ។

កាលពី​ថ្ងៃទី​២១ ខែ​មិថុនា កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជាង ១០០​នាក់​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន និង​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ក្រោយពី​វិវាទ​នេះ​បាន​អូស​បន្លាយ​ជាង ១​ឆ្នាំ​មក​នេះ។

មាត្រា​៣៤ នៃ​ច្បាប់​ស្ដីពី​ការងារ បាន​ចែង​ថា អធិការកិច្ច​ការងារ​ត្រូវ​មាន​បេសកកម្ម​ធានា​ដល់​ការ​អនុវត្ត​ច្បាប់​ការងារ និង​ត្រួតពិនិត្យ​ការ​អនុវត្ត​បទបញ្ញត្តិ​ដែល​ទាក់ទង​នឹង​លក្ខខណ្ឌ​ជីវភាព​នៃ​កម្មករ​និយោជិត និង​គ្រួសារ​នៃ​ជន​ទាំងនោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស