33 C
Phnom Penh

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក​ស្នើ​លោក ហ៊ុន សែន ជួយ​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋ​នៅ​ជាប់​បឹង​តាមោក ស្នើ​ឲ្យ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ថ្នាក់​ក្រោម​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគេ​បាន​រស់នៅ​លើ​ដី​បច្ចុប្បន្ន​ស្រប​ច្បាប់ ដោយ​មិន​បារម្ភ​ពី​ការ​បណ្ដេញ​ចេញ​ទាំង​បង្ខំ និង​ការ​ដោះដូរ​ទៅ​កន្លែង​ផ្សេង​ទៀត។

ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង សង្កាត់​សំរោងត្បូង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៣ មិថុនា បាន​នាំគ្នា​ប្រមូលផ្ដុំ​តវ៉ា​នៅ​លើ​ដី​ដែល​កំពុង​រស់នៅ ក្រោយពី​អាជ្ញាធរ​បាន​ចោទ​ពួកគេ​ថា​រស់នៅ​លើ​ចំណី​ផ្លូវ​ដោយ​ខុសច្បាប់ និង​មិន​ព្រម​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគេ។

ពលរដ្ឋ​រស់នៅ​ភូមិ​សំរោងត្បូង លោកស្រី ផន សុខុម បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កន្លងមក​ពួកគាត់​រស់នៅ​ទីនោះ​ដោយ​អាស្រ័យ​ផល​លើ​ផ្ទៃ​បឹង​តាមោក និង​លក់ដូរ​បន្តិចបន្តួច​ដើម្បី​ចិញ្ចឹម​គ្រួសារ និង​ដោះស្រាយ​បញ្ហា​បំណុល ប៉ុន្តែ​បច្ចុប្បន្ន បឹង​តាមោក​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​ធ្វើការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់។

លោកស្រី​បន្ត​ថា ការ​កាត់ និង​ចាក់​ដី​លុប​បឹង​តាមោក​នេះ បាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពួកគេ​ខ្លាំង ហើយ​អាជ្ញាធរ​ចោទ​ប្រកាន់​ថា​រស់នៅ​មិន​ស្រប​ច្បាប់ និង​មិន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឱ្យ​ពួកគាត់។

លោកស្រី ផន សុខុម ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឱ្យ​ចេញ​ប័ណ្ណ​កម្មសិទ្ឋិ​ដីធ្លី​ឱ្យ​ពួកគាត់​ដែល​កំពុង​រស់នៅ​លើ​ដី​នេះ​ទាំងអស់​គ្នា ដោយ​ថា​បច្ចុប្បន្ន ពួកគាត់​បារម្ភ​ខ្លាច​អាជ្ញាធរ​បណ្ដេញ​ពួកគាត់​ចេញពី​លំនៅឋាន​ទាំង​បង្ខំ​ដូច​សហគមន៍​ដីធ្លី​បឹងកក់ និង​សហគមន៍​ផ្សេង​ទៀត។

បឹង​តាមោក ឬ​បឹង​កប់ស្រូវ មាន​ផ្ទៃដី​សរុប ៣២៣៩​ហិកតារ ជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ ហើយ​បឹង​មួយ​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​មួយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​កំណត់​បឹង​ធម្មជាតិ​មួយ​នេះ​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

យោង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល​ដែល​បាន​ចេញ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់​ចុងខែ​ធ្នូ ឆ្នាំ​២០២២ ផ្ទៃ​បឹង​តាមោក​សរុប​ជាង ២​ពាន់​ហិកតារ​ហើយ​ត្រូវ​បាន​រដ្ឋាភិបាល​កាត់ ឬ​ដោះដូរ​ទៅ​ឱ្យ​ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​បុគ្គល​ឯកជន​មួយ​ចំនួន​ដែល​គេ​ដឹង​ថា​ជា​អ្នក​មាន​លុយ និង​មាន​អំណាច​សម្រាប់​សាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ព្រមទាំង​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន។

ករណី​នេះ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា បណ្ឌិត សុខ ទូច បាន​សរសេរ​លើ​ហ្វេសប៊ុក​បន្ទាប់ពី​ឃើញ​សកម្មភាព​រថយន្ត​ដឹក​ដី​ដើម្បី​យក​ទៅ​ចាក់​លុប​បឹង​តាមោក​ថា មិន​ដឹង​ពេល​ណា​ទើប​អ្នក​មាន​នៅ​ស្រុក​ខ្មែរ​លែង​ចង់​មាន​បាន​ដោយសារ​លុប​បឹង​ទៀត​នោះ​ទេ។ លោក​បញ្ជាក់​ថា ដូនតា​សម័យ​អង្គរ លោក​បាន​ជីក​ស្រះ ជីក​បារាយណ៍ ជីក​កសិណ​ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​ធ្វើ​កសិកម្ម ឬ​ទប់​ទឹកជំនន់ ប៉ុន្តែ​អ្នក​មាន​សម័យ​ថ្មី ហេតុ​អ្វី​បាន​ជា​លុប​បឹង ដើម្បី​តែ​ផលប្រយោជន៍​ក្រោម​ឥទ្ធិពល​ដុល្លារ​ទៅវិញ?

លោក សុខ ទូច អះអាង​ថា រាល់​ប្រាសាទ​របស់​ខ្មែរ​តែង​កសាង​ឡើង​អម​ដោយ​ប្រព័ន្ធ​ទឹក និង​ស្រះ​ជានិច្ច។

កាលពី​អំឡុង​ខែ​មីនា ឆ្នាំ​២០២២ អ្នក​ភូមិ​ជិត ១០០​នាក់​តំណាង​ឱ្យ​ពលរដ្ឋ ៨៨​គ្រួសារ​រស់នៅ​ជាប់​បឹង​តាមោក ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​មុខ​សាលា​ខណ្ឌ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ផល​ប៉ះពាល់​ដីធ្លី​ដល់​ពួកគេ ក្រោយពី​ដី​ដែល​ពួកគេ​អាស្រ័យ​ផល​ជាប់​បឹង​តាមោក ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចាក់​លុប និង​មាន​ការ​ផ្សព្វផ្សាយ​លក់៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស