33 C
Phnom Penh

រដ្ឋាភិបាល​កាត់​ឆ្វៀល​បឹង​ទន្លេបាទី​ជាង​២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ​ឱ្យ​ឯកជន​កាន់កាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ឧស្សាហ៍​លុប​បឹង​លុប​ទន្លេ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​ទន្លេបាទី​ជាង ២០០​ហិកតារ​ក្នុង​ខេត្ត​តាកែវ ទៀត​ហើយ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ប្រគល់​ឱ្យ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ ធ្វើការ​អភិវឌ្ឍ។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ ស្ដីពី​ការ​កំណត់​ផ្ទៃ​បឹង​ទន្លេបាទី​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​ការ​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២២។

លោក ហ៊ុន សែន បាន​លើកឡើង​ក្នុង​អនុក្រឹត្យ​នោះ​ថា ផ្ទៃ​បឹង​ទន្លេបាទី​ទំហំ​ជាង ៩៧​ហិកតារ​ត្រូវ​បាន​កំណត់​ទុក​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ចំណែក​ផ្ទៃដី​ទំហំ​ជាង ២២២​ហិកតារ​ដែល​នៅសល់​ពី​ផ្ទៃ​បឹង​ទន្លេបាទី ត្រូវ​បាន​ធ្វើ​អនុបយោគ​ពី​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ឱ្យ​ឯកជន​កាន់កាប់ និង​ធ្វើការ​អភិវឌ្ឍ​តាម​ភាព​ជាក់ស្តែង។

អនុក្រឹត្យ​របស់​លោក ហ៊ុន សែន នេះ​មិន​បាន​បញ្ជាក់​ទេ​ថា ផ្ទៃដី​ជាង ២២២​ហិកតារ​ដែល​ត្រូវ​បាន​ធ្វើ​អនុបយោគ​មក​ជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ ត្រូវ​ប្រគល់​ឲ្យ​អ្នក​ណា ឬ​ទុក​ធ្វើ​អ្វី​នោះ​ទេ ប៉ុន្តែ​ផែនទី​អំពី​តំបន់​ទន្លេបាទី​ដែល​ភ្ជាប់​ជាមួយ​អនុក្រឹត្យ​នេះ បង្ហាញ​ថា ផ្ទៃដី​ជាង ២២២​ហិកតារ​នេះ​ត្រូវ​បាន​ស្នើសុំ​ដោយ​បុគ្គល​ឈ្មោះ ស្រ៊ុន ប៊ុនលាភ សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ។

អនុក្រឹត្យ​របស់​លោក ហ៊ុន សែន ដែល​បាន​ចេញ​កាលពី​ដើម​ខែ​មីនា ឆ្នាំ​២០២២ កន្លងទៅ​នេះ បញ្ជាក់​ថា ក្នុង​ចំណោម​ផ្ទៃដី​ជាង ២២២​ហិកតារ​ដែល​បាន​ប្រគល់​ឱ្យ​ជា​កម្មសិទ្ធិ​ឯកជន​នេះ គឺ​ជាង ១១៦​ហិកតារ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​បាទី ខេត្ត​តាកែវ និង​ជាង ១០៦​ហិកតារ​ទៀត​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្តាល។

ប្រធាន​គណៈកម្មាធិការ​នាយក​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៤ មិថុនា ថា លោក​មិន​យល់ស្រប​នឹង​ការ​កាត់​ឆ្វៀល​តំបន់​បឹង​ទន្លេបាទី​នេះ​ទៅ​ឱ្យ​កម្មសិទ្ធិ​ឯកជន​នោះ​ទេ ព្រោះ​ថា​បឹង​ទន្លេបាទី​ក្នុង​ស្ថានភាព​ពេលនេះ​មាន​តែ​ត្រូវ​ស្ដារ​ឡើងវិញ និង​ពង្រីក​ឱ្យ​កាន់តែ​ធំ​បន្ថែម​ទៀត មិន​អាច​កាត់​ឆ្វៀល​ចេញពី​ផ្ទៃ​បឹង​នេះ​ឱ្យ​ទៅ​ជា​រួម​តូច​បែប​នេះ​ឡើយ។

បណ្ឌិត យ៉ង សាំងកុមារ រិះគន់​ថា ការ​ប្រគល់​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ឯកជន​កាន់កាប់​បែប​នេះ នឹង​រក​មិន​ឃើញ​ពី​ផល​ជា​វិជ្ជមាន​ណា​មួយ​សម្រាប់​បរិស្ថាន ចំពោះ​តំបន់​ប្រវត្តិសាស្ត្រ​នៃ​បឹង​ទន្លេបាទី​នេះ​ទេ គឺ​មាន​តែ​នាំ​ទៅ​រក​ការ​បំផ្លាញ​ក្រោម​ឥទ្ធិពល​អាក្រក់​នៃ​ការ​អភិវឌ្ឍ​របស់​ឯកជន​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា លោក​សង្កេត​ឃើញ​ថា​តំបន់​បឹងបួ​នានា​ដែល​រដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន​ធ្វើការ​អភិវឌ្ឍ មិន​ដែល​ត្រូវ​បាន​ថែរក្សា​ឱ្យ​នៅ​គង់វង្ស​បន្ត ឬ​រៀបចំ​ឱ្យ​កាន់តែ​ល្អ​ស្អាត​បន្ថែម​នោះ​ឡើយ គឺ​មាន​តែ​នាំ​ភាព​កខ្វក់​ដល់​បរិស្ថាន និង​ឈាន​ទៅ​ការ​លុប​បឹង​ដើម្បី​កាន់កាប់​បន្ថែម​ទៀត​ប៉ុណ្ណោះ។ ជាក់ស្តែង ដូចជា​បឹង​តាមោក ដែល​កំពុង​រង​នូវ​ការ​ចាក់​លុប​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នៅ​ពេលនេះ ជាដើម។

យ៉ាងណាក៏ដោយ កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២១ កន្លងទៅ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្អូញត្អែរ​ថា លោក​ធុញទ្រាន់​ចំពោះ​ក្រុម​អ្នក​រិះគន់​រូបលោក និង​លើកឡើង​ដដែលៗ​មិន​ចេះ​ចប់​ចំពោះ​ការ​លុប​បឹង​ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ​ខ្លាំង​ណាស់។ ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​ត្រូវការ​ការ​អភិវឌ្ឍ ដូច្នេះ​ចៀស​មិន​ផុត​ពី​ការ​លុប​បឹង​នោះ​ទេ។

យ៉ាងណាក៏ដោយ ក្នុង​រដ្ឋអំណាច​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សព្វថ្ងៃ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា បឹងបួ​នានា​សឹង​ទូទាំង​ប្រទេស​ត្រូវ​បាន​បុរស​ខ្លាំង​នៅ​កម្ពុជា​ម្នាក់​នេះ​កាត់​ចេញពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ឱ្យ​ទៅ​ជា​កម្មសិទ្ធិ​ឯកជន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់​ទៅ​ហើយ ដូចជា​បឹង​ជាច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​កាន់កាប់ និង​លុប​កាន់តែ​ខ្លាំង ខណៈ​បឹង​ដែល​នៅ​តាម​បណ្តា​ខេត្ត​ដែល​រដ្ឋាភិបាល​កំពុង​កាត់​ចេញ​ឱ្យ​ក្រុមហ៊ុន​ឯកជន​កាន់កាប់ ក៏​នឹង​គ្មាន​វាសនា​ចៀស​ផុត​ពី​ការ​លុប​បន្ត​ទៀត​នោះ​ដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស