សហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា បានបើកទំព័រប្រវត្តិសាស្ត្រពិភពលោកដ៏ធំមួយដោយសម្រេចបន្ថែមសមាជិកពីរប្រទេសទៀតឲ្យក្លាយទៅជាសមាជិកទី២៨ និង២៩ របស់ខ្លួន។
ប៉ុន្តែការដែលមេដឹកនាំរបស់សហភាពអឺរ៉ុប សម្រេចផ្ដល់ឋានៈបេក្ខភាពទៅឲ្យប្រទេសអ៊ុយក្រែន និងមូដាវី ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់បំផុត ទោះជាប្រទេសពីរនេះនៅខ្វះលក្ខណៈសម្បត្តិដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការក៏ដោយ។
ការទទួលយកប្រទេសអ៊ុយក្រែន ក្នុងឋានៈជាបេក្ខភាពនៃសហភាពអឺរ៉ុបក្នុងកាលៈទេសៈនេះ គឺដើម្បីឲ្យប្រទេសដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី នេះ ចាប់ផ្ដើមមានខ្នងបង្អែកមួយដ៏ធំក្នុងការជួយប្រទេសនេះទាំងស្មារតី និងជំនួយផ្សេងៗ រួមទាំងអាវុធទៀតផង។ ដោយឡែកប្រទេសមូដាវី ក៏អាចដូចជាប្រទេសអ៊ុយក្រែនដែរ ព្រោះប្រទេសដែលជាប់នឹងអ៊ុយក្រែន កំពុងភ័យខ្លាចពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅថ្ងៃខាងមុខនេះ។
អ្នកសង្កេតការណ៍មើលឃើញថា ការដែលមេដឹកនាំសហភាពអឺរ៉ុបសម្រេចផ្ដល់ឋានៈជាបេក្ខភាពរបស់អ៊ុយក្រែន និងមូដាវី ជាសមាជិកសហភាពអឺរ៉ុប គឺជាការផ្ញើសារដ៏ធ្ងន់មួយទៅរបបក្រុងមូស្គូ ថា ការសម្រេចចិត្តនេះ គឺជាការចាំបាច់ត្រូវតែធ្វើឲ្យបាននៅចំពោះមុខសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ឈ្លានពានអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៣ មិថុនា មេដឹកនាំសហភាពអឺរ៉ុប បានអនុម័តយល់ព្រមតាមអនុសាសន៍របស់អ្នកស្រី Ursula Von Der Leyen ជាប្រធានស្នងការគណៈកម្មការសហគមន៍អឺរ៉ុប អំពីឋានៈជាបេក្ខភាពនៃប្រទេសអ៊ុយក្រែន និងមូដាវី។
អ្នកស្រី Ursula Von Der Leyen បានទៅជួបលោក ហ្សេឡេនស្គី ដល់ទៅពីរដងនៅទីក្រុងគៀវ ដោយឆ្លងកាត់ស្នូរគ្រាប់កាំភ្លើងដែលកំពុងវាយប្រយុទ្ធគ្នាដ៏សាហាវនៅភាគខាងកើតប្រទេសអ៊ុយក្រែនរវាងកងទ័ពរុស្ស៊ី និងកងទ័ពអ៊ុយក្រែន។ អ្នកស្រីបានទទួលពាក្យស្នើសុំចូលសមាជិកសហភាពអឺរ៉ុបដែលប្រគល់ផ្ទាល់ដៃដោយលោក ហ្សេឡេនស្គី និងមេដឹកនាំប្រទេសមូដាវី។
បើតាមបណ្ដាញផ្សាយព័ត៌មានវិទ្យុអឺរ៉ុបសេរី ទាំងអ្នកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានហៅសេចក្ដីសម្រេចនេះថាជាថ្ងៃចងចាំមួយក្នុងការត្រួសត្រាយសម្រាប់អ៊ុយក្រែន និងមូដាវី ក្លាយជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការយ៉ាងឆាប់បំផុតដោយឆ្លងកាត់នូវឋានៈបេក្ខភាព។
លោក Charles Michel បានអបអរសាទរប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី និងប្រធានាធិបតីមូដាវី លោក Maia Sandu ដោយលោកចាត់ទុកថាជាអ្នករួមកម្លាំងជាមួយសហភាពអឺរ៉ុបនៅថ្ងៃអនាគត។
ទោះជាយ៉ាងណា ការទទួលបានឋានៈជាបេក្ខភាពផ្លូវការនៅពេលនេះ ក៏អាចរាប់ថាជាដំណាក់កាលដ៏សំខាន់មួយសម្រាប់អ៊ុយក្រែន និងមូដាវី ហើយក៏ជាចំណុចចាប់ផ្តើមនៃនីតិវិធីផ្សេងៗទៀតដើម្បីបើកការចរចាលើសមាជិកភាពរបស់ប្រទេសពីរនេះ។ ក្នុងការអនុម័តនេះ បាននាំឱ្យមានការកត់ត្រាថា គឺជានិមិត្តរូបដ៏សំខាន់មួយនៅក្នុងពេលដែលអ៊ុយក្រែនកំពុងធ្លាក់ក្នុងសង្គ្រាមរបស់រុស្ស៊ី។
អ្នកស្រី Ursula von der Leyen ជាប្រធានស្នងការគណៈកម្មការសហគមន៍អឺរ៉ុប បានសម្ដែងជំនឿថា ក្រោយពីទទួលបានឋានៈជាបេក្ខភាពហើយនោះ គឺមិនយូរនោះទេ គឺអ៊ុយក្រែន និងមូដាវី នឹងក្លាយជាសមាជិករបស់សហភាពអឺរ៉ុបជាផ្លូវការ។ ប៉ុន្តែអ្នកការទូតសហភាពអឺរ៉ុប យល់ស្របថា បើអ៊ុយក្រែនមិនធ្លាក់ក្នុងសង្គ្រាមពីរុស្ស៊ីនោះ គឺសេចក្ដីសម្រេចនេះនឹងមិនងាយកើតឡើងនោះទេ។
លោក ហ្សេឡេនស្គី បានផ្ញើសារភ្លាមៗទៅជូនមេដឹកនាំនៃសហភាពអឺរ៉ុប ដោយសម្ដែងការអរគុណ ហើយចាត់ទុកសេចក្ដីសម្រេចនេះថាជាប្រវត្តិសាស្ត្រដែលអ៊ុយក្រែន កំពុងទទួលបានឋានៈសមាជិកភាពសម្រាប់អនាគតនៃសមាជិកជាផ្លូវការរបស់សហភាពអឺរ៉ុប។ លោកសង្ឃឹមថាចាប់ពីថ្ងៃនេះទៅ អ៊ុយក្រែននឹងចាប់ផ្ដើមក្លាយជាដៃគូមួយរបស់សហភាពអឺរ៉ុបដែលក្លាយជាអនាគតជាមួយគ្នានៃការរួមរស់ក្នុងសហគមន៍តែមួយ។
ចំពោះប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងថា សហភាពអឺរ៉ុប នឹងបោះជំហានយ៉ាងលឿនចាប់ពីពេលនេះទៅ ដើម្បីសម្រេចនូវការផ្ដល់ឋានៈសមាជិកភាពជាផ្លូវការរបស់ប្រទេសអ៊ុយក្រែន និងមូដាវី នៃសហភាពអឺរ៉ុប នៅក្នុងសម័យប្រជុំកំពូលរបស់មេដឹកនាំសហភាពអឺរ៉ុបខាងមុខនេះ។ លោក Macron បន្តថា ប្រជាជនអ៊ុយក្រែនកំពុងរង់ចាំព្រឹត្តិការណ៍ចូលមកដល់ដ៏ឆាប់នេះ។
ចំណែកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន វិញ ក៏បានសាទរផងដែរចំពោះប្រទេសអ៊ុយក្រែន និងមូដាវី ដែលនឹងទទួលបានឋានៈសមាជិកភាពក្នុងកាលៈទេសៈចាំបាច់នេះ ហើយឆាប់ៗនេះ ប្រទេសពីរនឹងក្លាយជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ៕