28 C
Phnom Penh

កម្ពុជា​បារម្ភ​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី ស៊ូជី ពី​លំនៅឋាន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​នៅ​ទីក្រុង​ណៃពិដោរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្ដីពី​មីយ៉ាន់ម៉ា ត្អូញត្អែរ​ថា អាស៊ាន​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្ទេរ​អ្នកស្រី អ៊ុងសាន ស៊ូជី ពី​ការ​ឃុំ​ខ្លួន​លំនៅឋាន​ទៅ​កាន់​ពន្ធនាគារ​ដាច់ដោយឡែក​តែ​ឯង​នៅ​ក្នុង​ទីក្រុង​ណៃពិដោរ កាលពី​ពេល​ថ្មីៗ​នេះ។

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន បាន​ផ្ញើ​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​របប​សឹក​ភូមា លោក Wunna Maung Lwin នៅ​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ថា ក្តី​បារម្ភ​របស់​កម្ពុជា​ក៏ដូចជា​ក្តី​បារម្ភ​របស់​អាស៊ាន​ដែរ ព្រោះ​អ្នកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ចាត់ទុក​ក្នុង​រង្វង់​អន្តរជាតិ និង​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​ភូមា​យ៉ាង​ច្រើន ដូច្នេះ​ការ​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព និង​ការ​ផ្សះផ្សា​ជាតិ​ឡើងវិញ គឺជា​វិធី​ដ៏​សមស្រប​មួយ​សម្រាប់​ភូមា​នៅ​ពេល​នេះ។

ប្រភព​ដដែល​ឲ្យ​ដឹង​ថា ការ​ទទូច​របស់​អាស៊ាន គឺ​សូម​ឲ្យ​របប​សឹក​ភូមា ប្រកាន់​យក​ក្តី​អនុគ្រោះ និង​សម្រួល​ដល់​ការ​វិលត្រឡប់​របស់​អ្នកស្រី អ៊ុងសាន ស៊ូជី ទៅកាន់​លំនៅឋាន​ក្រោម​ហេតុផល​សុខភាព​ទ្រុឌទ្រោម​របស់​អ្នកស្រី ក៏ដូចជា​ការ​អនុវត្ត​នីតិរដ្ឋ​ប្រកប​ដោយ​យុត្តិធម៌ និង​សុភវិនិច្ឆ័យ​ផង​ដែរ។

លោក ប្រាក់ សុខុន បញ្ជាក់​ថា ការ​ផ្សះផ្សា​ជាតិ​ដោយ​សន្តិវិធី មិន​អាច​កើតឡើង​បាន​ឡើយ​នៅ​ពេល​ដែល​ភាគី​មួយ​នៃ​ជម្លោះ​មិន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​របៀបវារៈ​នៃ​ដំណោះស្រាយ ដូច្នេះ​សមាជិក​អាស៊ាន​ទាំងអស់​បាន​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​របប​សឹក​ភូមា ចាប់ផ្តើម​ដំណើរការ​នៃ​ការ​ផ្សះផ្សា​ជាតិ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ពន្យារ​ពេល​បន្ថែម​ទៀត​នោះ​ទេ។

ការ​អះអាង​របស់​ប្រេសិត​អាស៊ាន​នេះ ធ្វើឡើង​បន្ទាប់ពី​របប​សឹក​ភូមា បាន​បន្ថែម​នូវ​ការ​គាប​សង្កត់​លើ​មេដឹកនាំ​រដ្ឋាភិបាល​ស៊ីវិល​អ្នកស្រី អ៊ុងសាន ស៊ូជី កាន់តែ​ខ្លាំង​បន្ថែម​ទៀត​កាលពី​ពេល​ថ្មីៗ​នេះ។

កាលពី​ពាក់កណ្តាល​ខែ​មិថុនា ឆ្នាំ​២០២២ កន្លងទៅ​នេះ អ្នក​នាំពាក្យ​របស់​របប​សឹក​ភូមា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ដោយ​យោង​ទៅ​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ភូមា អ្នកស្រី អ៊ុងសាន ស៊ូជី នឹង​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ដាច់ដោយឡែក​មួយ​ក្នុង​ទីក្រុង​ណៃពីដោរ ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ជំនួយការ​នៅ​ក្បែរ​ដូច​កាលពី​មុន​ឡើយ។

ប្រភព​ដដែល​បញ្ជាក់​ថា អ្នកស្រី អ៊ុងសាន ស៊ូជី បាន​រង​នូវ​បទ​ចោទប្រកាន់​ជាង ២០​ករណី ដូចជា​ការ​រំលោភ​ច្បាប់​ស្ដីពី​ការណ៍​សម្ងាត់​របស់​រដ្ឋ រំលោភ​ច្បាប់​បោះឆ្នោត ពុករលួយ និង​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​ថ្នាក់​ដឹកនាំ ជាដើម ដែល​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ១១​ឆ្នាំ និង​ត្រូវ​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ដោយ​ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​ភូមា​ជាធរមាន។

ក្រោយពី​រដ្ឋប្រហារ​យោធា​កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ របប​សឹក​ភូមា បាន​ឃុំ​ខ្លួន​អ្នកស្រី អ៊ុងសាន ស៊ូជី នៅ​កន្លែង​សម្ងាត់​មួយ និង​បាន​កាត់​ផ្តាច់​អ្នកស្រី​ចេញពី​ពិភព​ខាងក្រៅ​ទាំងស្រុង តាមរយៈ​ការ​ឃុំ​ក្នុង​គេហដ្ឋាន​របស់​អ្នកស្រី​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ជាមួយ​បុគ្គលិក​ជំនួយការ​របស់​អ្នកស្រី​ចំនួន ៦​នាក់ និង​សត្វ​ឆ្កែ​មួយ​ក្បាល។

ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មិថុនា នេះ​ថា ការ​អនុវត្ត​អំណាច​ទំនើង​ចិត្ត​របស់​របប​សឹក​ភូមា លើ​អ្នកស្រី អ៊ុងសាន ស៊ូជី មិន​មែន​ជា​រឿង​ដែល​ចម្លែក​នោះ​ទេ បន្ទាប់ពី​ការ​បរាជ័យ​នយោបាយ​ក្រោម​តុ​របស់​លោក ហ៊ុន សែន ដែល​តែង​អួតអាង​កាលពី​ដើម​ខែ​មករា ឆ្នាំ​២០២២ ជុំវិញ​ការ​ដោះស្រាយ​វិបត្តិ​នៅ​ភូមា​នៅ​ពេល​នោះ។

លោក​បន្ថែម​ថា ការ​អនុវត្ត​អំណាច​ទំនើង​ចិត្ត​នេះ គឺ​បាន​កើតឡើង​ស្រដៀង​គ្នា​ដូច​នៅ​កម្ពុជា​ដែរ បន្ទាប់ពី​លោក ហ៊ុន សែន បាន​បញ្ជូន​សកម្មជន​សិទ្ធិមនុស្ស កញ្ញា សេង ធារី ទៅ​ឃុំ​ខ្លួន​នៅ​ខេត្ត​ព្រះវិហារ កាលពី​ពេល​ថ្មីៗ​នេះ ដែល​ជា​ភាព​អាម៉ាស់​របស់​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក គឹម សុខ បញ្ជាក់​ថា កាន់តែ​អាម៉ាស់​ទៀត​នោះ ប្រេសិត​ពិសេស​របស់​អាស៊ាន​នៅតែ​មិន​ហ៊ាន​ស្នើ​ឱ្យ​មាន​ការ​ដោះលែង ឬ​បើក​សិទ្ធិ​សេរីភាព​ជូន​អ្នកស្រី អ៊ុងសាន ស៊ូជី ឡើងវិញ តែ​បែរ​ជា​ស្នើ​ឱ្យ​របប​សឹក​យក​អ្នកស្រី អ៊ុងសាន ស៊ូជី មក​ឃុំ​ក្នុង​ផ្ទះ​ជំនួស​ការ​ដាក់​ពន្ធនាគារ​ទៅវិញ ដែល​នេះ​បង្ហាញ​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​ប្រើ​ល្បិច​បន្ថយ​ឥទ្ធិពល​គូប្រជែង​ដូច​ដែល​គាត់​បាន​ធ្វើ​លើ​លោក កឹម សុខា នៅ​ក្នុង​ពេលនេះ។ ជាង​នេះ​ទៀត ក៏​ជា​ល្បិចកល​មួយ​ដើម្បី​ជួយ​បន្ថយ​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​លើ​របប​សឹក​ភូមា​ផង​ដែរ ដែល​កំពុង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ពេលនេះ​ផង។

ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា សព្វថ្ងៃ​នេះ គេ​មិន​ទាន់​ឃើញ​ប្រធាន​អាស៊ាន​ប្តូរ​វេន​ឆ្នាំ​២០២២ លោក ហ៊ុន សែន មាន​វិធានការ​ដោះស្រាយ​ណា​មួយ​ចំពោះ​វិបត្តិ​នៅ​ភូមា ឱ្យ​វិល​ទៅ​រក​ភាព​ល្អ​ប្រសើរ​ជាង​បច្ចុប្បន្ន​នេះ​នៅឡើយ​ទេ ខណៈ​គោលការណ៍​កុងសង់ស៊ីស​ទាំង ៥​ចំណុច​របស់​អាស៊ាន​សម្រាប់​ជំរុញ​ឱ្យ​មេដឹកនាំ​ភូមា យក​ទៅ​អនុវត្ត ក៏​ប្រធាន​អាស៊ាន​មិន​ទាន់​អាច​ជំរុញ​ឱ្យ​មេដឹកនាំ​ផ្ដាច់ការ​ភូមា​យក​ទៅ​អនុវត្ត​បាន​នៅឡើយ​ដែរ​នោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស